ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

គ្រូបង្វឹកក្លិបបាល់ទះក្រសួងមហាផ្ទៃ សំណូមពរសហព័ន្ធរៀបចំការប្រកួតឲ្យបានច្រើន

០៣ សីហា ២០២០ | កីឡា

ក្រោយស្ងប់ស្ងាត់សកម្មភាពប្រកួតបាល់ទះនានានៅក្នុងស្រុក គ្រូបង្វឹកក្លិបបាល់ទះក្រសួងមហាផ្ទៃ លោក អ៊ូ សុផល បានសំណូមពរដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា និង ផ្នែកពាក់ព័ន្ធទាំងអស់ រៀបចំការប្រកួតបាល់ទះឡើងវិញ និង អោយបានច្រើន ដើម្បីអោយក្រុមនិមួយៗមានឱកាសលេងបានច្រើននិងមានការប្រកួតប្រជែងច្រើន ហើយកីឡាករក៏មានការអភិវឌ្ឍសមត្ថភាព និង ជះឥទ្ធិពលល្អដល់ក្រុមជម្រើសជាតិផងដែរ ។

 


តាមរយៈភីអិនអិន គ្រូបង្វឹកក្រុមបាល់ទះក្រសួងមហាផ្ទៃ លោក អ៊ូ សុផល បានសំណូមពរ និង ចង់ឃើញសកម្មភាពបាល់ទះនានានៅកម្ពុជា មានការរីកចម្រើនយ៉ាងដូច្នេះថា៖ «សំណូមពររបស់ខ្ញុំគឺ ខ្ញុំចង់អោយខាងសហព័ន្ធគាត់រៀបចំអោយមានការប្រកួតអោយបានញឹកញាប់ មានពានច្រើនសម្រាប់កីឡាករ ព្រោះអីកាលណាពួកគាត់មានការប្រកួតញឹកញាប់ហើយ កីឡាករយើងនឹងកើនសមត្ថភាព កើនសមត្ថភាពវាអំណោយផលដល់ការប្រកួតលក្ខណៈស៊ីហ្គេម យើងអាចដឹងពីសមត្ថភាពកីឡាករយើងឆ្លងកាត់ការប្រកួតច្រើន កីឡាករយើងមានសមត្ថភាពយើងអាចស្រួលជ្រើសរើស កាលណាបើសិនជាអត់មានការប្រកួតទេយើងមិនអាចកំណត់ថាកីឡាករណាមួយល្អកីឡាករណាមួយមិនល្អបានទេ ដោយសារអត់មានការប្រកួត អញ្ចឹងយើងអត់ដឹងពីសមត្ថភាពរបស់កីឡាករយើងទេ»។

 


គ្រូបង្វឹកវ័យ៣៧ឆ្នាំរូបនេះបន្តថា ប្រសិននៅតែបន្តគ្មានសកម្មភាពប្រកួតដូចពេលបច្ចុប្បន្ន នឹង ប៉ះពាល់ធ្ងន់ដល់វិស័យបាល់ទះនៅកម្ពុជា និង ក្រុមជម្រើសជាតិ ជាពិសេសការត្រៀមខ្លួនជាម្ចាស់ផ្ទះក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ផងដែរ។


«និយាយទៅ ប៉ះពាល់ធ្ងន់តែម្តង បើសិនមិនមានការប្រកួតគឺប៉ះពាល់ធ្ងន់តែម្តង កីឡាករយើងហាត់ រាល់ថ្ងៃអត់មានការប្រកួត យូៗហាត់ទៅចង់ស្ត្រេស អត់មានការប្រកួតថាហាត់ដើម្បីអី អត់មានការប្រកួត ណាមួយបញ្ហាទី២នេះគឺប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ក្រុមជម្រើសជាតិ សម្រាប់យើងត្រៀមស៊ីហ្គេមហ្នឹងគឺប៉ះពាល់ធ្ងន់»។

 


គួរបញ្ជាក់ថា គិតមកទល់ពេលនេះសកម្មភាពការប្រកួតបាល់ទះនៅកម្ពុជាមានការស្ងប់ស្ងាត់ជាច្រើនខែមកហើយ ខណៈដែលក្លិបបាល់ទះធំៗដែលធ្លាប់ចូលរួមប្រកួតប្រជែងនាពេលកន្លងមកមួយចំនួន ក៏នៅតែបន្តសកម្មភាពហ្វឹកហាត់ជាធម្មតា ទោះពុំមានការប្រកួតផ្លូវការក្នុងស្រុកណាមួយត្រូវបានរៀបចំ ៕

អត្ថបទ និងរូបភាព ៖ រ៉េត ស្តាលីន    
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024