ថ្ងៃអាទិត្យ ទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២០

ប៊ន ណារិទ្ធ ថាក្លិបបាល់ទះក្រសួងមហាផ្ទៃជាក្លិបដំបូង និងក្លិបចុងក្រោយសម្រាប់ខ្លួន

២៥ សីហា ២០២០ | កីឡា

សមាជិកស្នូលក្លិបបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ បាននិយាយថា ក្លិបបាល់ទះក្រសួងមហាផ្ទៃជាក្លិបដំបូងរបស់ខ្លួន ហើយក៏ជាក្លិបចុងក្រោយរបស់ខ្លួនផងដែរ ដ្បិតក្លិបមួយនេះជាទីកន្លែងដែលផ្តល់ឱកាសអោយរូបគេផ្តើមក្តីស្រម៉ៃក្លាយជាកីឡាករបាល់ទះអាជីពរហូតមកដល់បច្ចុប្បន្ន និង បានផ្តល់នូវកន្លែងស្នាក់នៅ ហូបចុក ក៏ដូចជាប្រាក់បៀរវត្តន៍ សមរម្យដើម្បីផ្គត់ផ្គង់ជីវភាព ក៏ដូចជាមានឈ្មោះជាមន្ត្រីនគបាលម្នាក់ផងដែរ ។

 


ប្រាប់ដល់ភីអិនអិន អ្នកបញ្ជូនបាល់វ័យ២៦ឆ្នាំ ប៊ន ណារិទ្ធ បានលើកឡើងពី ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះក្លិបបាល់ទះក្រសួងមហាផ្ទៃបែបនេះ៖ «ពាក់ព័ន្ធជាមួយពាក្យដែលខ្ញុំនិយាយថាក្លិបក្រសួងមហាផ្ទៃជាក្លិបដំបូងសម្រាប់ខ្ញុំ ហើយក៏ជាក្លិបចុងក្រោយសម្រាប់ខ្ញុំ ដោយសារថាតែមូលហេតុដែលរាល់ថ្ងៃនេះ ខ្ញុំមានការងារមួយដែលជាមន្ត្រីនគបាល ដែលមានថ្នាក់ដឹកនាំ ហើយលោកគ្រូបង្វឹកគាត់ជាអ្នកទំនុកបំរុង ហើយគាត់រៀបចំអោយខ្ញុំ អីចឹងខ្ញុំមានប្រាក់ខែ ខ្ញុំមានការងារមកដល់ថ្ងៃនេះដោយសារតែពួកគាត់ អីចឹងបើសិនជាថ្ងៃក្រោយខ្ញុំទៅក្លិបផ្សេង កាន់ដាវមកកាប់ក្លិបខ្លួនឯងក៏អត់កើតដែរ កាន់ដាវដើម្បីសម្លាប់កន្លែងមួយដែលទំនុកបំរុងដល់យើងក៏អត់កើតដែរ នេះជាគោលដៅសម្រាប់ជីវិតរបស់ខ្ញុំផ្ទាល់ ។ ខ្ញុំនឹងបញ្ចប់អាជីពនៅក្នុងក្លិបក្រសួងមហាផ្ទៃហ្មង ខ្ញុំចេញពីក្លិបក្រសួងមហាផ្ទៃលុះត្រាតែ មានករណីតែម្យ៉ាងទេ គឺថាក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃរំសាយបានខ្ញុំអាចចេញបាន»។

 


កីឡាករដែលមានប្រភពពីខេត្តតាកែវរូបនេះបន្ថែមថា ចំពោះអនាគតក្រោយបញ្ចប់អាជីពជាកីឡាករ រូបគេថាអាស្រ័យលើគ្រូបង្វឹកធំជាអ្នកចាត់ចែង ថាគួរធ្វើជាគ្រូបង្វឹកផ្ទាល់ចំពោះកីឡាករជំនាន់ថ្មី រឺ ចូលបម្រើការងារនៅនាយកដ្ឋានលិខិឆឆ្លងដែន


«សម្រាប់ខ្ញុំផ្ទាល់គឺអាស្រ័យលើគ្រូបង្វឹករបស់ខ្ញុំ បើសិនគាត់រៀបចំអោយខ្ញុំពេលដែលខ្ញុំបញ្ចប់ការហ្វឹកហាត់ អាចពេលដែលខ្ញុំចូលនិវត្តន៍ពីកីឡា ដូចថាអស់លទ្ធភាពកំលាំងលែងគ្រប់ជាមួយបាល់ អញ្ចឹងគាត់បណ្តុះបណ្តាលខ្ញុំទៅខាងផ្នែកគ្រូបង្វឹក ខ្ញុំនឹងទៅខាងហ្នុង តែបើគាត់បញ្ជូនអោយខ្ញុំចូលទៅធ្វើការ ខ្ញុំនឹងចូលទៅធ្វើការ»។

 


គួររំលឹកថាពីអតីតកាល ប៊ន ណារិទ្ធ ជាអ្នកស្រលាញ់បាល់ទះតាំងពីក្មេង ក្រោយមកក៏មានឱកាសលេងអោយវិទ្យាល័យសន្ធរម៉ុក នៅឆ្នាំ២០១២ ២០១៣ ។ ដោយសមត្ថភាពកើនឡើងក៏ត្រូវបានណែនាំអោយមកចូលហ្វឹកហាត់នៅក្លិបបាល់ទះក្រសួងមហាផ្ទៃនៅឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន ហើយរូបគេក៏ជាប់ឈ្មោះជាមន្ត្រីនគបាលមួយរូបក្នុងនាយកដ្ឋានលិខិតឆ្លងដែនផងដែរ ។ ដោយឡែកក្នុងក្រុមជម្រើសជាតិ រូបគេក៏ធ្លាប់ជាប់ក្នុងការប្រមូលផ្តុំហ្វឹកហាត់ នៅប្រទេសថៃ និង ចិន កាលពីឆ្នាំ២០១៩កន្លងទៅ ៕

អត្ថបទ និងរូបភាព៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.