ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ខឿន ភារិន រំលឹកពីអតីតកាលមុនផ្តើមអាជីពបាល់ទះនៅក្រសួងមហាផ្ទៃ

១២ សីហា ២០២០ | កីឡា

ស្មាត់ស្តាំរបស់ក្លិបបាល់ទះក្រសួងមហាផ្ទៃ ខឿន ភារិន បានរំលឹកពីអតីតកាលក្នុងការលេងបាល់ទះរបស់ខ្លួនមុនផ្តើមហ្វឹកហាត់បាល់ទះអាជីពនៅក្រសួងមហាផ្ទៃថា ដើម្បីឡើយរូបគេជាអ្នកស្រលាញ់បាល់ទះ និង មានទេពកោសល្យខ្លះផងដែរ ដោយកាយសម្បទាអំណោយផលល្អផងនោះ ក៏ត្រូវបានជាប់ក្នុងក្រុមជម្រើសរបស់វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន និងជួយអោយក្រុមនេះឈ្នះពានរង្វាន់សិស្សវិទ្យាល័យដែលរៀបចំដោយផ្នែកឯកជនមួយផងដែរ ។

 


រំលឹកពីអតីតកាលប្រាប់ដល់ភីអិនអិន ស្មាត់ស្តាំក្លិបបាល់ទះក្រសួងមហាផ្ទៃ ខឿន ភារិន បានលើកឡើងយ៉ាងដូច្នេះថា៖ «តាំងពីដើមមកខ្ញុំអត់ចេះលេងបាល់ទះហ្នឹងទេ ព្រោះកាលខ្ញុំនៅរៀនហ្នឹង ខ្ញុំរៀងទី៩ កាលហ្នឹងខាងសាលា ខ្ញុំរៀងនៅវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ចឹងខាងសាលាវិទ្យាល័យជម្ពូវ័នហ្នឹង គ្រូកីឡាហ្នឹង គាត់ឃើញខ្ញុំមានកំពស់ខ្ពស់ គាត់អូសទាញខ្ញុំមកហាត់អោយសាលា ។ ដល់ពេលខ្ញុំលេង ចេះតែហាត់ លោកគ្រូគាត់បង្ហាត់ក្នុងសាលាអីចឹងទៅមានពានមួយ ពានហ្នឹង ពានវេស្ទើន ហើយឆ្នាំហ្នឹងខ្ញុំលេងអោយវិទ្យាល័យជម្ពូវ័នហើយខ្ញុំលេងបានលេខ១ ប្រចាំសាលាវិទ្យាល័យជម្ពូវ័នហ្នឹង បន្ទាប់មកខ្ញុំចេះតែលេងបាល់តាមភូមិ ដើរលេង៣ស្មើ ២ស្មើ អីចឹងទៅ ហើយដល់ពេលខ្ញុំលេងចេះតែឈ្នះ កាលហ្នឹងលេងស៊ីលុយ កាលហ្នឹងអត់ទាន់ចេះអីទេ ដល់ពេលអីចឹងទៅគ្រូក៏គាត់ឃើញលេងល្អ លេងបានពានអីអូទាញខ្ញុំមកហាត់បាល់ នៅក្លិបបាល់ទះក្រសួងមហាផ្ទៃ»។

 


កីឡាករវ័យ២៧រូបនេះបន្ថែមថា មុនការឈានមកហ្វឹកហាត់បាល់ទះក្រសួងមហាផ្ទៃដំបូងឡើយ ក៏ត្រូវបានឪពុកម្តាយមិនពេញចិត្តឡើយ ដ្បិតរូបគេជាមនុស្សដែលចូលចិត្តលេងបាល់ទះខ្លាំង និង ចំណាយពេលជាមួយបាល់ទះច្រើនជាងការសិក្សា ។ បែបណាក្តីបច្ចុប្បន្ន ភារិន បានធ្វើអោយឪពុកម្តាយសប្បាយចិត្ត និង រីករាយចំពោះសមទ្ធិផលដែលខ្លួនទទួលបានតាមរយៈបាល់ទះ។


«មុនដំបូងប៉ាខ្ញុំជំទាស់ខ្ញុំ ថាខ្ញុំដើរលេងបាល់ស៊ីលុយ ថារៀនអត់ខំប្រឹងរៀនទេ គិតតែដើរលេងបាល់ ពេលនៅរៀនហាត់បាល់ ដល់ពេលចេញពីរៀន ដល់ផ្ទះ ដើរលេងបាល់ស៊ីលុយ ហើយគាត់ជំទាស់អត់អោយខ្ញុំដើរលេងទេ ហើយដល់ពេលដល់ថ្ងៃដែលគ្រូគាត់មកសុំប៉ាខ្ញុំទៅហាត់បាល់ ហើយគាត់ក៏ថាអត់អីហើយអោយយកទៅ គ្រាន់តែថាដំបូងៗហ្នឹងគាត់ជំទាស់តិច ព្រោះខ្ញុំអត់សូវបានរៀនសូត្រ គិតតែលេងបាល់ ចប់ពីម៉ោងរៀនដើរលេងស៊ីលុយ»។

 


គួរបញ្ជាក់ថា ខឿន ភារិន ផ្តើមហ្វឹកហាត់បាល់ទះដំបូងជាមួយវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័នកាលពីឆ្នាំ២០១០ ហើយផ្លាស់មកហ្វឹកហាត់ជាមួយក្រសួងមហាផ្ទៃនៅឆ្នាំ២០១១ ។ បច្ចុប្បន្ននេះ ឃឿន ភារិន ជាសមាជិកស្នូលសំខាន់របស់ក្លិបបាល់ទះក្រសួងមហាផ្ទៃ និង ហើយមានឈ្មោះជាមន្ត្រីនគបាលក្នុងនាយកដ្ឋានលិខិតឆ្លងដែនផងដែរ ។ ដោយឡែកក្នុងក្រុមជម្រើសជាតិ រូបគេធ្លាប់ចេញទៅប្រកួតក្នុងព្រឹត្តការណ៍ស៊ីហ្គេម២០១៥នៅសឹង្ហបុរី និង ២០១៧នៅម៉ាឡេស៊ី ៕

អត្ថបទ និងរូបភាព៖ រ៉េត ស្តាលីន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024