ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

សោម ចំណាប់ ថាដោយសារបាល់ទះធ្វើឲ្យខ្លួនមានជីវភាពសមរម្យ និងការងារល្អ

២៥ សីហា ២០២០ | កីឡា


គ្រូបង្វឹកក្រុមបាល់ទះឆ្នេរខ្សាច់ជំរើសជាតិ លោក សោម ចំណាប់ បានរំលឹកពីអតីតកាលរបស់ខ្លួនថា ក្រោយប្រឡូកក្នុងវិស័យបាល់ទះប្រមាណជិតម្ភៃឆ្នាំកន្លងមកនេះ ខ្លួនទទួលបានផលវិជ្ជមានជាច្រើនតាមរយៈបាល់ទះ ក្នុងនោះក្រៅពីសុខភាព និង វិន័យល្អ រូបលោកក៏ទទួលបានការងារល្អ និង ក្របខណ្ឌជាមន្ត្រីនគបាលមួយរូប ដោយមានប្រាក់បៀរវត្តន៍សមរម្យធ្វើអោយជីវភាពល្អប្រសើរផងដែរ ។

 


ប្រាប់ដល់ភីអិនអិន គ្រូបង្វឹកក្រុមបាល់ទះឆ្នេរខ្សាច់ជំរើសជាតិ លោក សោម ចំណាប់ បានលើកឡើងផលវិជ្ជមាន ក្រោយប្រឡូកក្នុងវិស័យបាល់ទះ តាំងពីជាជាកីឡាករ រហូតធ្វើជាគ្រូបង្វឹកបែបនេះថា៖ «តាំងពីខ្ញុំបានប្រឡូកក្នុងវិស័យបាល់ទះអស់រយៈពេលដប់ឆ្នាំជាងជិតម្ភៃឆ្នាំមកនេះ ដែលខ្ញុំជាកីឡាករកីឡាបាល់ទះមួយនេះគឺជួយបានច្រើន ទីមួយ គឺជួយអោយសុខភាពយើងល្អ ហើយជំរុញយើងអោយខំប្រឹងហ្វឹកហាត់ទៅបានល្អ បានជាប់ជាក្របខណ្ឌ។ ប្រៀបធៀបដូចសព្វថ្ងៃអីចឹង ខ្ញុំបានជាប់ជាក្របខណ្ឌមន្ត្រីនគបាល ដោយសារតែវិស័យកីឡានេះដែរ ធ្វើអោយយើងមានក្របខណ្ឌ កាលណាយើងល្អទៅ យើងអាចមានលក្ខណៈពិសេសបញ្ចូលក្របខណ្ឌលេងអោយក្លិបប៉ូលីសអីចឹងទៅ»។

 


គ្រូបង្វឹកក្លិបបាល់ទះស្នងការរាជធានីភ្នំពេញរូបនេះបន្តថា តាមរយៈបាល់ទះ ក្រៅពីធ្វើអោយជីវភាពល្អសមរម្យ រូបលោកក៏ទទួលបានកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គម អ្នកនិយមតាមដាន និងស្នេហាវិស័យបាល់ទះស្គាល់ ស្រលាញ់ និង ចូលចិត្តច្រើន ។ ហើយជាពិសេសនោះ រូបលោកមានឱកាសលេងតំណាងអោយជាតិ និង ធ្លាប់ដណ្តើមមេដាយអោយកម្ពុជាលើឆាកអន្តរជាតិផងដែរ ។

 


គួររំលឹកថា លោក សោម ចំណាប់ មានស្រុកកំណើតនៅខេត្តស្វាយរៀង ហើយផ្តើមលេងបាល់ទះដំបូង តាំងពីបឋមសិក្សា រហូតដល់ អនុវិទ្យាល័យ វិទ្យាល័យ និង មហាវិទ្យាល័យ សម្រាប់ក្លិបអាជីពដំបូងរបស់លោកគឺ ផ្តើមលេងនៅក្លិបស្នងការនគបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០០១ មុនផ្លាស់ទៅក្រសួងមហាផ្ទៃ និង ធ្លាប់ជួយអោយក្លិបបាល់ទះក្រសួងមហាផ្ទៃ ឈ្នះពានក្នុងស្រុកជាច្រើន ។ ដោយឡែកក្នុងក្រុមជម្រើសជាតិ លោកធ្លាប់ជាប់ទាំងក្រុមជំរើសជាតិបាល់ទះក្នុងសាល និង ឆ្នេរខ្សាច់ ហើយចំពោះសមទ្ធិផលដែលទទួលបាននោះ គឺធ្លាប់ជួយអោយក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជាឈ្នះមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០០៧នៅប្រទេសថៃផងដែរ ៕

អត្ថបទ និង រូបភាព៖ រ៉េត ស្តាលីន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024