ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កីឡាករបាល់ទះ ប៊ន ណារិទ្ធ ពន្យល់ពីផលលំបាករបស់អ្នកបញ្ជូនបាល់ និងមូលហេតុកង្វះកីឡាករ

១០ សីហា ២០២០ | កីឡា

សមាជិកស្នូលសំខាន់របស់ក្លិបបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ បានលើកឡើងថា តួនាទីជាអ្នកបញ្ជូនបាល់ និង ចែកបាល់ទៅអោយស្មាត់មានការលំបាកច្រើន ដ្បិតត្រូវទទួលកែបាល់ពីអ្នកចាប់សេវ៉ាអោយបានល្អ ដើម្បីអោយស្មាត់វាយផ្តាច់ ដែលកត្តានេះផ្តោតសំខាន់នោះ គឺសមត្ថភាព ទេពកោសល្យ និង ត្រូវយល់ចិត្តគ្នាជាមួយស្មាត់អោយបានល្អ ជាពិសេសមើលពីស្ថានភាពរបស់គូប្រកួតផងដែរ ។

 


ប្រាប់ដល់ភីអិនអិន អ្នកបញ្ចូនបាល់របស់ក្លិបបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ បានលើកឡើងពីផលលំបាករបស់អ្នកបញ្ជូនបាល់ និង ការខ្សត់ធនធានកីឡាករលេងតួនាទីបញ្ជូនបាល់បែបនេះថា៖ «ខ្ញុំបាទចង់និយាយពីផលលំបាករបស់អ្នកប៉ះសេ  និយាយរួមទៅយើងជាអ្នកបញ្ជូនបាល់ និងការបញ្ចុកបាល់អោយស្មាត់ ដើម្បីអោយត្រូវចិត្តស្មាត់ យើងត្រូវដឹងចិត្តស្មាត់នីមួយៗ។ ការប៉ះសេ ត្រូវការទាមទារល្បឿន បច្ចេកទេស និងភាពវ័យឆ្លាតរបស់កីឡាករ។ អញ្ចឹងហើយបានជាកីឡាករប៉ះសេ មិនសូវជាមាននៅស្រុកខ្មែរយើង ហើយក្លិបនីមួយៗក៏មិនសូវជាសំបូរអ្នកប៉ះសេដែរ។ ហើយមានបញ្ហាជាច្រើនទៀត ជាមួយការហ្វឹកហាត់ក៏ពិបាកដែរ ទម្រាំតែយើងចែកបាល់អោយគេបានមួយគ្រាប់ៗស្អាត គឺពិបាក។ និយាយរួមទៅយើងរងការចាប់សេវ៉ាពីគេ គេចាប់សេវ៉ាមកមិនល្អ ក៏យើងទាមទាអោយចែកបាល់អោយគេវិញបានស្អាត បានគេវ៉ៃកើត។ និយាយរួម ទោះបាល់ស្អាតយ៉ាងម៉េច ក៏យើងត្រូវចែកអោយសល់បាំងមួយ អោយដាច់បាំង ចឹងបានន័យថាតួនាទីប៉ះសេនេះ គឺជាតួនាទីបម្រើដ៏សំខាន់បំផុត ហើយតួនាទីមួយដែលពិបាកបំផុត។ អញ្ចឹងបានសព្វថ្ងៃ មានចំនួនអ្នកចង់ហាត់ប៉ះសេតិច»។


អតីតសមាជិកក្រុមបាល់ទះជម្រើសជាតិរូបនេះ ក៏សំណូមពរដល់អ្នកដែលស្រលាញ់បាល់ទះ និង មានបំណងចង់ហ្វឹកហាត់បាល់ទះទាំងអស់ អោយងាកមកចាប់អារម្មណ៍ជំនាញបញ្ជូនបាល់ ដ្បិតបច្ចុប្បន្នតួនាទីនេះមានការខ្វះខាតធនធានកីឡាករច្រើន។

 


«ខ្ញុំក៏សំណូពរដល់បងប្អូនទាំងអស់គ្នា ដែលតែងស្រលាញ់ និង គាំទ្រវិស័យកីឡាទាំងអស់គ្នា អោយចាប់អារម្មណ៍ជំនាញប៉ះសេទាំងអស់គ្នា ព្រោះថាជំនាញនេះ គឺយើងហាត់ដ្បិតថាលំបាកមែន តែបើសិនជាឡើង គឺវាចំណេញ គឺថាសូម្បីតែខាងភាពខាងក្រៅក៏យើងមានម្ចាស់ការ ហើយបើសិនជាបានចូលលេងហើយគឺមិនងាយនឹងផ្លាស់ប្តូទេ មិនងាយដូចស្មាត់គេសំបូរ អញ្ចឹងទៅគេងាយនឹងការផ្លាស់ប្តូរមែនទែន តែបើប៉ះសេគឺមិនងាយទេ សូម្បីតែយើងជាកីឡាករផ្ទាល់ក៏មិនងាយបានទៅរួចមួយៗដែរ អីចឹងបើសិនយើងបានហាត់ហើយឡើងហើយ យើងលេងភាគច្រើនគឺយើងលេងពេញ យើងមិនសូវបានដូរដូចគេទេ លុះត្រាតែយើងឡាក់អីតិចតួច អីចឹងក៏ចង់អោយបងប្អូនយើងងាកមកចាប់អារម្មណ៍ មើលពីផលប្រយោជន៍នៃការប៉ះសេហ្នឹងដែរ»។

 


គួរបញ្ជាក់ថា ប៊ន ណារិទ្ធ ជាអ្នកបញ្ជូនបាល់របស់ក្លិបបាល់ទះក្រសួងមហាផ្ទៃតែម្នាក់ប៉ុណ្ណោះ ។ ដោយឡែកក្នុងក្រុមជម្រើសជាតិវិញ ក្រោមការដឹកនាំរបស់លោក Lee Jun រូបគេធ្លាប់ត្រូវបានកោះហៅប្រមូលផ្តុំហ្វឹកហាត់ និង ចេញទៅហ្វឹកហាត់នៅប្រទេសថៃ និង ចិន កាលពីឆ្នាំ២០១៩ផងដែរ ៕

អត្ថបទ និងរូបភាព ៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024