ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាស្នើឲ្យធនាគារ SME បញ្ចេញប្រាក់កម្ចីបន្ថែម

១៦ កក្កដា ២០២០ | សេដ្ឋកិច្ច

លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានគូសបញ្ជាក់ប្រាប់ភីអិនអិនថា សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាមានគោលបំណងនៅតែព្យាយាមជំរុញឲ្យធនាគារសហគ្រាសធនតូច និងមធ្យមកម្ពុជាជួយបញ្ចេញកម្ចីស្ថិតនៅក្រោមគម្រោងរបស់រាជរដ្ឋាភិបាលមួយនេះ ទៅឲ្យសហគ្រាសធុនតូច និងមធ្យមបន្ថែមទៀត ខណៈមើលឃើញពីនៃការបញ្ចេញប្រាក់កម្ចីដល់ដៃសហគ្រាសហាក់នៅមានចំនួនតិចតួចនៅឡើយ។

 

លោកឧកញ៉ា តែ តាំងប៉រ ថ្លែងបញ្ជាក់ទៀតថា ធនាគារសហគ្រាសធនតូច និងមធ្យមកម្ពុជាគួរតែឲ្យធនាគារទាំង៣៣ ដែលជាដៃគូរសហប្រតិបត្តិការក្នុងការផ្តល់ប្រាក់កម្ចីសម្រាប់សហគ្រាសធនតូច និងមធ្យមទទួលយកទ្រព្យបញ្ចាំប្លង់អចលនទ្រព្យផ្សេងៗនៅតាមបណ្តាខេត្ត ក្រៅពីប្លង់ដែលពួកគាត់បានជាប់ជាមួយនឹងធនាគារផ្សេងកន្លងមក។

 

ប្រធានសម្ព័ន្ធ SME បន្ថែមថា ធនាគារដែលជាដៃគូគួរតែពិចារណាទទួលយកឡើងវិញចំពោះទ្រព្យបញ្ចាំនានាដូចជាប្លង់អចលទ្រព្យ ដែលមានកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ដែលនិតិវិធីនេះ រំពឹងថានឹងជួយជំរុញឲ្យដំណើរការបញ្ចេញប្រាក់កម្ចីរបស់រដ្ឋាភិបាលទៅដល់ដៃរបស់សហគ្រាសក្នុងស្រុកបានកាន់តែច្រើន ដែលនឹងធ្វើឲ្យផលិតកម្មក្នុងស្រុកកើនឡើងដូចគ្នាផងដែរ។

 

 

សូមជម្រាបថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីដើមខែមេសា ក្នុងគោលបំណងផ្តល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព រួមមានផ្នែកកម្មន្តសាល និងសិប្បកម្ម។ មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះមានទំហំទឹកប្រាក់ ១០០លានដុល្លារ និងមានដៃគូសហការបញ្ចេញប្រាក់កម្ចី គឺគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ៣៣ ក្នុងនោះរួមមាន ធនាគារពាណិជ្ជចំនួន ២៣ ធនាគារឯកទេស ៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ២។

 

កាលពីចុងខែមិថុនាកន្លងមកធនាគារសហគ្រាសធនតូច និងមធ្យមកម្ពុជាបានគូសបញ្ជាប់ប្រាប់សារព័ត៌ក្នុងស្រុកថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនាធនាគារSMEមួយនេះទទួលបានសំណើសុំឥណទានចំនួន ១៩ សំណើរ ដែលបានស្នើសុំកម្ចីពីស្ថាប័នហិរញ្ញវត្ថុដែលចូលរួមចំនួន ១០ និងបានអនុម័តឥណទានជាទឹកប្រាក់បានចំនួនជាង ៣លានដុល្លារអាមេរិក៕

 

 អត្ថបទ៖ ស៊ឺន សុន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024