ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

លោកឧកញ៉ា សៀ ឫទ្ធី បោះទុន៣០លានដុល្លារអភិវឌ្ឍតំបន់បណ្តុំសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

១១ កញ្ញា ២០២០ | សេដ្ឋកិច្ច

ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម វើលប្រ៊ីដ របស់អ្នកជំនួញអចលនទ្រព្យដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា គឺលោកឧកញ៉ា សៀ ឫទ្ធី បានប្រកាសបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារវិនិយោគតំបន់បណ្តុំឧស្សាហកម្មធុនតូច និងមធ្យម ឬហៅថា SME Cluster ជាលើកដំបូងបំផុតនៅកម្ពុជា ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច។ បើតាមផែនការ គម្រោងនេះ នឹងត្រូវដាក់ឲ្យដំណើរការនៅខែមេសាឆ្នាំ២០២១ខាងមុខនេះហើយ។


លោក ឧកញ៉ា សៀ ប្ញទ្ធី អគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ គ្រុបបានគូសបញ្ជាក់ប្រាប់ទៅកាន់មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យ និងនវានុវត្តន៍នៅក្នុងដំណើរទៅទស្សនកិច្ចចុះពិនិត្យទីតាំងដំបូងរបស់គម្រោងបណ្ដុំសហគ្រាសធុនតូច និងមធ្យម ថា នេះគឺជាគម្រោងបណ្តុំសហគ្រាសធនតូច និងមធ្យមគំរូទី១ នៅកម្ពុជាដើម្បីជួយដល់វិស័យសហគ្រាសធនតូច និងមធ្យមមានការអភិវឌ្ឍកើនឡើងមួយកម្រិតទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។

 

 

ពោលគឺចង់អ្នកសហគ្រាសដែលចូលមកក្នុងបណ្ដុំនេះ នឹងទទួលបានការជួយគាំទ្រ ទាំងប្រភពហិរញ្ញវត្ថុប៉ុណ្ណោះទេ គឺរួមទាំង ប្រភពធនធានមនុស្ស និងការតភ្ជាប់បណ្តាញទឹក ភ្លើង និងលូ និងការស្នើសុំបែបបទរដ្ឋបាលផ្សេងៗផងដែរ។ 


លោកឧកញ៉ា សៀ ប្ញទ្ធី បន្ថែមថា អ្វីដែលលោកកំពុងធ្វើពេលនេះគឺការកសាងបណ្ដុំសហគ្រាសដើម្បីបម្រើដល់សហគ្រាសធុនតូច និងមធ្យមដែលមានស្រាប់ឲ្យមានកន្លែងត្រឹមត្រូវក្នុងការបង្កើនផលិតកម្ម និងផលិតភាពឲ្យកាន់តែរីកចម្រើនជាងមុន ស្របតាមការរីកចម្រើននៃវិស័យឧស្សាកម្មជំនន់ទី៤។


ជាមួយគ្នានេះលោក ឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធនតូច និងមធ្យមកម្ពុជាបានស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយបានអះអាងថា ការអភិវឌ្ឍតំបន់បណ្តុំឧស្សាហកម្ម ធុនតូច និងធម្យម ចាំបាច់កម្ពុជាត្រូវបង្កើតឲ្យមាន ដើម្បីជាការកៀរគរ អ្នកផលិតដែលស្ថិតនៅដាច់ដោយឡែក ឲ្យមកជួបជុំមួយគ្នា ខណៈការធ្វើអាជីវកម្មដាច់ដោយឡែកបែបនេះ កន្លងមកធ្វើឲ្យប៉ះពាល់ដល់បរិស្ថានច្រើន ហើយណាមួយកម្លាំងផលិតក៏នៅមានកម្រិត និងជាងនេះទៀត អ្នកផលិតទាំងនោះពិបាកទទួលបានហិរញ្ញវត្ថុ និងចំណេះដឹងបច្ចេកវិទ្យាពីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងៗផងដែរ។

 


បើតាមលោកឧកញ៉ា សៀ ប្ញទ្ធី គម្រោងអភិវឌ្ឍន៍តំបន់បណ្តុំឧស្សាហកម្មធនតូច និងមធ្យមនេះ ជាដំណាក់កាលចាប់ផ្តើមដំបូងលើផ្ទៃដី ៦ហិកតា នឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២១ ខាងមុខនេះហើយ ហើយក៏នឹងព្យាយាមពង្រីកបន្ថែមក្នុងករណីបើធ្វើទៅមានការរីកចម្រើន ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ឧស្សាហកម្មមួយនេះនឹងពង្រីកការអភិវឌ្ឍន៍នេះតាមគ្រប់ខេត្តក្រុងទូទាំងប្រទេសដែលជាពិសេសទៅឲ្យកាន់តែជិតតំបន់សំបូរវត្ថុធាតុដើមផលិតតែម្តង៕

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាព អ៊ិន អាត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024