ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សហព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យម បង្កើតកម្មវិធីលើកដំបូងជួយ SME ដើម្បីប្រមូលទុនពង្រីកអាជីវកម្ម

១៦ តុលា ២០២០ | សេដ្ឋកិច្ច

ការប្រកួតជើងឯកសហគ្រាសខ្នាតតូច និងមធ្យម ដើម្បី អាចមានលទ្ធភាពឈានទៅរកប្រភពទុនសម្រាប់ការពង្រីកអាជីវកម្ម ត្រូវបានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន PLMP Venture Capital បានរៀបចំឡើង ដោយមានសហគ្រាសរហូតដល់ទៅប្រមាណ ២០០សហគ្រាស បានចូលរួម ហើយនៅទីបំផុត ការប្រកួតនេះ បានរកឃើញជើងឯកចំនួន ៣ បន្ទាប់ពីបានឆ្លងកាត់ការប្រលងប្រជែងដ៏ស្វិតស្វាញ អំពីផែនការអាជីវកម្ម និងយុទ្ធសាស្ត្ររៀងៗខ្លួន។


សហគ្រាសទាំង៣ ដែលទទួលបានជ័យលាភី នៃការប្រកួតនេះ នឹងមានឱកាសទទួលបានប្រភពទុន សម្រាប់យកមកពង្រីកអាជីវកម្មរបស់ពួកគេ ដោយទំហំដើមទុនដែលអាចទទួលបាននោះ ក្នុងចន្លោះពី ១លាន ទៅ២លានដុល្លារ អាមេរិក ឬអាចលើសពីនេះទៅតាមទំហំអាជីវកម្ម។

 

 

លើសពីនេះទៅទៀត សហគ្រាសទាំងនេះ ក៏មានឱកាសក្នុងការចូលក្នុងទីផ្សារភាគហ៊ុននាពេលអនាគតផងដែរ។ 


នៅក្នុងចំណោម សហគ្រាសធុនតូច និងមធ្យម ដែលបានឈានដល់វគ្គផ្ដាច់ព្រាត់ទាំង ១១ សគ្រាស នៃការប្រកួតជើងឯកសហគ្រាសខ្នាតតូច និងមធ្យម គឺមានតែសហគ្រាសចំនួន ៣ ប៉ុណ្ណោះ ដែលទទួលបានពិន្ទុខ្ពស់ជាងគេ និងបានក្លាយជាជើងឯកនៅក្នុងការប្រលងប្រជែងនេះ ដោយជើងឯកលេខ១ គឺបានទៅលើសហគ្រាសផលិតនំស្រួយលីលី, ទី២ គឺក្រុមហ៊ុន AAP Group និង ទី៣ គឺក្រុមហ៊ុនភោជនីយដ្ឋាន SAMBA ។

 

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអះអាងថា ការរៀបចំនូវកម្មវិធីប្រកួតជើងឯកសហគ្រាសខ្នាតតូចនិងមធ្យមនេះ គឺធ្វើឡើងជាលើកទី១ហើយ ដោយមានការសហការគ្នារៀបចំជាមួយក្រុមហ៊ុនសិង្ហបុរី PLMP Venture Capital និងមានការគាំទ្រដោយគណៈកម្មការមូលបត្រកម្ពុជា។

 

 

លោកឧកញ៉ា បន្ថែមថា សហគ្រាសដែលឈ្នះការប្រកួតទាំង ៣ នឹងមានឱកាសទទួលបានប្រភពទុនវិនិយោគបន្ថែម ដែលខាងក្រុមហ៊ុន PLMP នឹងជួយស្វែងរកជូនពួកគេ ហើយក៏អាចមានឱកាសនឹងចូលផ្សារភាគហ៊ុននៅពេលខាងមុខផងដែរ។

 


ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងដែរថា ការទទួលបាននូវប្រភពទុនសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីអាចពង្រីកខ្លួន និងអភិវឌ្ឍសមត្ថភាពឲ្យកាន់តែខ្លាំងក្លាគឺជាប្រភពគ្រប់ពូជសំខាន់មួយ ដើម្បីជំរុញឲ្យសហគ្រាសទាំងនោះ អាចឈានទៅដល់ការបោះផ្សាយលក់មូលបត្រនៅក្នុងផ្សារមូលបត្រកម្ពុជានៅពេលខាងមុខ។ 


លោក ដាតូ ស្រ៊ី ដុកទ័រ ភីទ័រ លីម ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន PLMP Venture Capital បានលើកឡើងថា ក្រុមហ៊ុនរបស់លោក នឹងពិភាក្សាបន្តទៀតជាមួយសហគ្រាសទាំង ៣ដែលបានឈ្នះការប្រកួតនេះ និងសង្ឃឹមថា អាចវិនិយោគជាមួយក្រុមហ៊ុនទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បីជួយឲ្យពួកគេអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលផ្សារភាគហ៊ុន នាពេលខាងមុខ។

 


កញ្ញា ឈាវលី អ៊ីង នាយិកាប្រតិបត្តិក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលជាអ្នកឈ្នះលេខ១នៃការប្រកួតជើងឯកសហគ្រាសខ្នាតតូច និងមធ្យមនេះ ក៏បានអះអាងដែរថា ក្រុមហ៊ុនលីលី មានបំណងស្វែងរកប្រភពទុនប្រមាណ ៣ ទៅ៥ លានដុល្លារអាមេរិក ក្នុងការទិញម៉ាស៊ីន ដើម្បីពង្រីកផលិតកម្មរបស់ខ្លួន ហើយនៅពេលខាងមុខក្រុមហ៊ុននេះ ក៏គ្រោងនឹងចូលផ្សារភាគហ៊ុនផងដែរ៕

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024