ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កម្ពុជា-ចិន នឹងចំណេញអ្វីខ្លះនៅពេលសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆាប់ៗនេះ? 

១៨ មិថុនា ២០២០ | សេដ្ឋកិច្ច

មជ្ឈដ្ឋានជាតិ និង អន្តរជាតិសុទ្ធតែទន្ទឹងរង់ចាំមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង ចិន យ៉ាងអន្ទះសារ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងទទួលបានផលចំណេញអ្វីខ្លះ? ជាការពិតណាស់ប្រទេសកម្ពុជា និង ចិន សុទ្ធតែបានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំរៀងៗខ្លួន ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នានៅក្នុងពេលឆាប់ៗនេះ ហើយភាគីទាំងពីសុទ្ធតែមានក្តីសង្ឈឹមខ្ពស់ជាមួយនឹងប្ដេជ្ញាខិតខំជំរុញទំហំសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយគ្នាឲ្យបានដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខនេះផងដែរ។ 

 

ការតាំងចិត្តជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា ចិន នេះ គឺធ្វើឡើងនៅក្នុង កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិរដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥ តាមរយៈ Video Conference នៅក្នុងសប្ដាហ៍នេះ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាសហប្រធានខាងភាគីកម្ពុជា ជាមួយនឹងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ជាសហប្រធានខាងភាគីចិន។


ក្រោយបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម ហោ ណាំហុង បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាលើបញ្ហាសហប្រតិបត្តិការជិតស្និទជាច្រើន ដោយក្នុងនោះ ភាគីទាំងពីរក៏បានប្តេជ្ញានឹងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ផងដែរ។


កិច្ចប្រជុំដ៏កម្រមួយនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានចិន CCTV ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ប្រទេសទាំងពីរ ដែលជាមិត្តដែកថែបដ៏យូរអង្វែង បានពិភាក្សាគ្នាលើបញ្ហាសុខាភិបាលជុំវិញនឹងការទប់ស្កាត់មេរោគកូវីដ-១៩, បញ្ហាល្បែងភ្នាល់តាមអនឡាញ, ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាជាច្រើនទៀត។


ឯកឧត្តម វ៉ាង យី  បញ្ជាក់ក្នុងកិច្ចប្រជុំថា ភាគីកម្ពុជា និងចិន បានប្រកាសកសាងច្រករហ័សមួយសម្រាប់ទំនាក់ទំនងទៅវិញទៅមក នៃក្រុមការងារ និងច្រកបៃតងសម្រាប់ពាណិជ្ជកម្មទំនិញ  ព្រមទាំងបង្កើនល្បឿនចរចាកាន់តែឆាប់រហ័សលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយនឹងសម្រេចអនុញ្ញាតឲ្យផ្លែស្វាយរបស់កម្ពុជានាំចេញមកកាន់ទីប្រទេសចិនបានកាន់តែឆាប់ផងដែរ។


ជាមួយគ្នានោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានស្នើរដ្ឋាភិបាលចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀតដូចជា ពោត ដំឡូងមី ទុរេន ស្វាយចន្ទី កៅស៊ូ ស្ករស មៀនប៉ៃលិន ម្រេច ដូង ស្រកានាគ និងទឹកមាត់ត្រចៀកកាំ ក្រៅពីទិញចេក ស្វាយនិងអង្ករកន្លងមកហើយនោះ។

 


បើតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់នាពេលថ្មីៗនេះដែរថា ក្រុមការងារចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីផ្ដល់ការយល់ព្រមលើឯកសារកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ ព្រមទាំងជំពូកផ្សេងៗ ដើម្បីធ្វើការសម្រេចចិត្ត ប្រកាសបិទបញ្ចប់ការចរចា និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេររីកម្ពុជា-ចិននេះ ណៅចុងឆ្នាំ២០២០នេះ។


ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងលើសពីអត្រាកំណើននៃឆ្នាំកន្លងទៅ ប្រមាណជាង ២០% គិតជាមធ្យមក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ កំណើនវិនិយោគពីបរទេសក៏ត្រូវបានរំពឹងថា នឹងកើនឡើងខ្លាំងផងដែរ។


អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ស៊ាង ថៃ ធ្លាប់បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ គឺនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះមុខទំនិញកសិកម្មរបស់កម្ពុជា ដើម្បីអាចមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលចិនជាទីផ្សារធំ និងមានតម្រូវការច្រើនលើមុខទំនិញទាំងអស់នេះ។


ជុំវិញទៅនឹងកិច្ចព្រមព្រៀងនេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មបានឲ្យដឹងដែរថា បើទោះបីជាមានពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានចុះហត្ថលេខាក៏ពិតមែន ប៉ុន្ដែ មុខទំនិញរបស់កម្ពុជា ត្រូវតែគោរពទៅតាមលក្ខខណ្ឌស្ដង់ដារភូតគាមអនាម័យ ទើបអាចនាំចេញបាន។ ប៉ុន្ដែ ឯកឧត្តមជឿជាក់ថា តាមរយៈបទពិសោធន៍នៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ភាគីកម្ពុជា និងចិននឹងអាចពន្លឿនការងារត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីអនុញ្ញាតឲ្យកសិផលរបស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារចិនបានកាន់តែឆាប់រហ័ស៕ 


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024