ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

វិស័យសហគ្រាសធុនតូច និងមធ្យម កំពុងមានកំណើនកាន់តែខ្លាំងដោយសារការសហការរវាងក្រុមអ្នកជំនួញធំៗ 

០៧ ​វិច្ឆិកា ២០២០ | សេដ្ឋកិច្ច

ធុរកិច្ចជននៅក្នុងវិស័យជំនួញជាច្រើននៅកម្ពុជាអះអាងថា ខ្លួនកំពុងសហការ ដឹកដៃគ្នា ធ្វើយ៉ាងណាជំរុញកំណើននៅក្នុងវិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ដើម្បីជួយបង្កើនការផលិតនៅក្នុងស្រុកសម្រាប់ផ្គត់ផ្គង់តម្រូវការ និងការនាំចេញ។


លោក ឧកញ៉ា សៀ ប្ញទ្ធី អគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ គ្រុបបានប្រាប់ភីអិនអិនឲ្យដឹងថា ក្នុងយុគសម័យនៃជំងឺកូវីដ ១៩ នេះ ម្ចាស់សហគ្រាសផលិតនៅក្នុងស្រុកម្នាក់ៗ សុទ្ធតែចង់បង្កើនការផលិតរបស់ខ្លួនបន្ថែម ដើម្បីជួយបង្កើតទីផ្សារក្នុងស្រុកសម្រាប់ប្រជាកសិករ និងជំរុញបង្កើនការនាំចេញ។
 


ជាការចូលរួមគាំទ្របង្កើនការផលិតនៅក្នុងស្រុកនេះ លោក ឧកញ៉ា សៀ ប្ញទ្ធី បានសម្រេចចាប់ផ្តើមបង្កើតនូវបណ្តុំសហគ្រាសធនតូច និងមធ្យមមួយឡើង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលដោយគ្រោងចំណាយដើមទុនប្រមាណ ពី  ២៨ លានទៅ ៣០ លានដុល្លារ ដោយមិនរាប់បញ្ចូលតម្លៃដីឡើយ។

 


លោកឧកញ៉ា បន្ថែមថា តាមរយៈបណ្តុំសហគ្រាសធនតូច និងមធ្យមនេះ ពិតជានឹងជួយដល់អ្នកផលិតក្នុងស្រុកបានច្រើនដូចជាជួយបង្កើតនូវការងារ និង ឱកាសអាជីវកម្មសម្រាប់ប្រជាពលរដ្ឋ។
 

 


 
លោកឧកញ៉ា សៀ ប្ញទ្ធី បញ្ជាក់ថា អ្វីដែលលោកកំពុងធ្វើពេលនេះគឺការកសាងចង្កោមសហគ្រាសដើម្បីបម្រើដល់សហគ្រាសធុនតូច និងមធ្យមដែលមានស្រាប់ឲ្យមានកន្លែងត្រឹមត្រូវក្នុងការបង្កើនផលិតកម្ម និងផលិតភាពឲ្យកាន់តែរីកចម្រើនជាងមុន ស្របតាមការរីកចម្រើននៃវិស័យឧស្សាកម្មជំនាន់ទី៤។
 

 


សូមជម្រាបថា តាមទិន្នន័យពីរាជរដ្ឋាភិបាល បានឲ្យដឹងថា គិតមកដល់ពេលនេះ ឧស្សាហកម្មកម្មន្តសាល និងសិប្បកម្មដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា សរុបជាង ៥០ម៉ឺន សហគ្រាស ក្នុងនោះសហគ្រាសខ្នាតមធ្យម ជាង ១ពាន់មូលដ្ឋាន ខ្នាតតូចជិត ២ម៉ឺនមូលដ្ឋាន និងសហគ្រាសតូចៗបំផុតមានជាង ៣ពាន់មូលដ្ឋាន៕

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024