ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វៀតណាម នឹងបង្កើនការនាំចេញអង្ករទៅកាន់ ទីផ្សារអឺរ៉ុប នៅឆមាសទី២ ឆ្នាំនេះ

១៣ កក្កដា ២០២០ | សេដ្ឋកិច្ច

បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានគូសបញ្ជាក់ថា នៅក្នុងឆមាសទី ១ ដើមឆ្នាំ ២០២០នេះ វៀតណាម សម្រេចការនាំចេញអង្ករជាង ៣លាន ៥សែន ក្នុងតម្លៃសរុប ១ពាន់ ៧រយលានដុល្លារអាមេរិក ហើយនៅក្នុងឆមាសទី ២នេះ ការនាំចេញអង្ករ នឹងមានកំណើនបន្ថែមទៀត បន្ទាប់ពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ចូលជាធរមាន ក្នុងពេលឆាប់ៗខាងមុខ។


អ្វីដែលពិសេសជាងនេះទៀតគឺ ក្នុងចន្លោះពេល ៣ ទៅ ៥ឆ្នាំ ពន្ធទៅលើ ផលិតផលអង្ករ នឹងត្រូវកាត់បន្ថយមកដល់ សូន្យតែម្តង។


អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូលនៃ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានលើកឡើងថា កាលពីឆ្នាំ ២០១៩ ការនាំចេញអង្ករវៀតណាម ទៅកាន់ទីផ្សារអឺរ៉ុប មានចំនួនទាបបំផុត ត្រឹមតែ ១០លានដុល្លារអាមេរិក ដោយសារតែ អត្រាពន្ធគយ ស្ថិតនៅកម្រិតខ្ពស់ពេក។


យ៉ាងណាក៏ដោយ ការផ្តល់កូតានាំចេញ ៨ម៉ឺនតោន ក្នុងមួយឆ្នាំនេះ គឺជាឱកាសសម្រាប់ប្រទេសវៀតណាម លើកកម្ពស់ការនាំចេញអង្កររបស់ខ្លួន ខណៈដែល ទីផ្សារអឺរ៉ុប មានតម្រូវការអង្ករប្រមាណ ២លាន ៥សែនតោនប៉ុណ្ណោះក្នុងមួយឆ្នាំ។


ទោះយ៉ាងណា សហភាពអឺរ៉ុប ក៏បានកំណត់លក្ខខណ្ឌនៃការនាំចូលអង្ករវៀតណាម ដោយត្រូវមានការបញ្ជាក់ប្រភពដើម និងទទួលស្គាល់ដោយ អាជ្ញាធរមូលដ្ឋានវៀតណាម។

 


ឆ្លៀតក្នុងឱកាសនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម សហការជាមួយនឹងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កំពុងចងក្រងជា សេចក្តីព្រាងច្បាប់ ដើម្បីរៀបចំចុះឈ្មោះ ប្រភេទអង្ករ សម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដោយអង្ករទាំងនោះ ត្រូវគោរពទៅតាម ស្តង់ដារ និងលក្ខខណ្ឌជាច្រើន ដែលបានកំណត់ដោយ រដ្ឋាភិបាលវៀតណាម។


សូមជម្រាបដែរថា បើតាម នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនឯកជនមួយ នៅក្នុងវិស័យកសិកម្ម បានអះអាងថា បើសិនជា អង្ករវៀតណាម អាចគោរពតាមស្តង់ដារបាន និងឈានចូលទីផ្សារអឺរ៉ុប ក្នុងកម្រិតពន្ធទាបនោះ អង្ករវៀតណាម នឹងអាចនាំចេញបានកាន់តែច្រើនបន្ថែមទៀត នាពេលខាងមុខ ជាពិសេស នៅពេលដែលពន្ធលើ អង្ករវៀតណាម ធ្លាក់ចុះដល់ កម្រិតសូន្យ វៀតណាម នឹងកាន់តែអត្ថប្រយោជន៍ ក្នុងការប្រកួតប្រជែងជាមួយ អង្ករ មកពីប្រទេសកម្ពុជាយើង និងបណ្តាប្រទេសដទៃ ដែលកំពុងផ្គត់ផ្គង់អង្ករទៅកាន់ទីផ្សារ អឺរ៉ុប៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024