ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សម្តេច ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកនិយាយថា បញ្ហាកម្ពុជា-ឡាវ ជាការកេងចំណេញនយោបាយ

១៥ សីហា ២០១៧ | ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន បាន​ពន្យល់​ថា ការណ៍​ដែល​សម្ដេច​ធ្វើ​ដំណើរ​ទៅ​ចរចារ​ ជាមួ​យ​ភាគីឡាវ​អំពី​បញ្ហា​ព្រំដែន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ មិន​មែន​ជា​ការ​ឱន​លំទោន​ ចំពោះ​ប្រទេស​ឡាវ ដែល​រំលោភ​លើ​ដែន​​អធិបតេយ្យភាព​កម្ពុជា ​ដូច​អ្នក​ធ្វើ​អត្ថាធិប្បាយ​​មួយ​ចំនួន​បាន​លើក​ឡើង​នោះ​ទេ​​ ប៉ុន្តែជា​នយោបាយ​ការទូត​ប្រកប​ដោយ​ភាព​ទន់ភ្លន់ និង​ឆ្លុះបញ្ចាំង​ពី​សុឆន្ទៈដោះ​ស្រាយ​បញ្ហា​ មុន​ឈាន​ទៅ​ដល់​ការ​ប្រើកម្លាំងទ័ព ឬប្ដឹង​ទៅ​តុលាការអន្តរជាតិ។ ការពន្យល់របស់ប្រមុខរាជរដ្ឋាភិបាល​យ៉ាងដូច្នេះ ដើម្បីឆ្លើយតបទៅនឹងអត្ថាធិប្បាយរបស់​អ្នកនយោបាយ និងអ្នកវិភាគមួយ​ចំនួនដែលកើតមានប៉ុន្មានថ្ងៃមកនេះ។

 

 

រូបភាព៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបភាពពី Facebook Samdech Hun Sen)

 

 

ជាក់​ស្ដែង​ដំណើរ​របស់សម្ដេច​បាន​ទទួល​ជោគជ័យ​ពិត​ប្រាកដ ដោយ​ភាគីឡាវ​បាន​សម្រេច​ដកទ័ព​ចេញ​ពី​ទឹក​ដីកម្ពុជា​តាម​ការ​ស្នើ​របស់​សម្ដេច ពោល​គឺ​នៅ​មុនពេល​នៃ​ឳសានវាទ​មក​ដល់​ទៀត​ផង​។ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ព្រមាន ​ចាប់​ខ្លួន​អ្នក​​ធ្វើ​អត្ថាធិប្បាយទាំង​ឡាយ ដែល​​បាន​ចោទ​ប្រកាន់​ថា សម្ដេច​យក​បញ្ហាព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា និង​ឡាវ ដើម្បី​​កេង​យក​ចំណេញ​នយោបាយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រោះ​ជា​បទ​ល្មើស​ជាក់​ស្ដែង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

 

រូបភាព៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតីឡាវ។ (រូបភាពពី Facebook Samdech Hun Sen)

 

បើ​តាម​សម្ដេច​ ហ៊ុន សែន កម្ពុជា​ជាមួយ​ឡាវ​បោះ​បង្គោល​ព្រំ​ដែន​ជាមួយ​គ្នា​បាន​៨៦​%​ហើយ ដោយ​ផ្អែក​លើ​ផែន​ទី​ខ្នាត១​លើ​១​រយ​ពាន់​ និង​កំពុង​តែ​បន្ត​ការ​ចរចារ ដើម្បី​ឈាន​ទៅ​សម្រេច​ផែនការ។ ចំពោះ​ភាព​ចម្រូង​ចម្រាសដែល​បាន​កើត​ឡើងកន្លងមក គឺដោយសារការ​​យឺតយ៉ាវនៃ​ថ្នាក់​ក្រោម​របស់​ឡាវ ពោល​គឺ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ មិន​បាន​បញ្ជួន​លិខិត​របស់​សម្ដេច​ទៅ​នាយក​រដ្ឋមន្ត្រី​របស់​គេ​នោះទេ ធ្វើ​អោយ​ខក​ខាន​មិន​បាន​ឆ្លើយ​តប។

 

ម្យ៉ាង​ទៀត​ថា លោក​ ថង លុនស៊ីសូលីត ក្ដាប់​មិន​បាន​សភាពការណ៍​ខាង​​ក្រោម ព្រម​ទាំង​មាន​ការ​យល់​ច្រឡំ​ចំពោះ​ផែនទី​ដោយ​មិន​បាន​យក​ខ្នាត ១លើ​១០០ពាន់​ ប៉ុន្តែ​បែ​រ​ជា​យក​ខ្នាត ​១​លើមួយ​លាន​ទៅ​ប្រើ​ ធ្វើ​អោយ​មាន​ការ​យល់​ច្រឡំ​ហើយ​ធ្វើ​អោយ​ឆ្លង​ចូល​ដី​កម្ពុជា​ជាង​ ៤៩១ គីឡូម៉ែត្រ​ការ៉េ។ ទោះ​បី​ជា​យ៉ាង​ណា ភាគី​ទាំង​ពីរ​បាន​ដក​ទ័ពចេញ​អស់​ហើយ ព្រម​ទាំង​បាន​សន្យាគ្នា​មិន​អោយ​រឿង​ដដែល​នេះ​កើត​ឡើង​ទៀត​នោះ​ទេ។ ​សម្ដេចតេជោ ហ៊ុន សែន ​ស្នើ​អោយ​ពល​រដ្ឋ​ស្ងប់​ចិត្ត និង​ជឿជាក់​លើ​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំ​ដែន​ជាមួយ​ប្រទេស​ជិត​ខាង​។

 

 

រូបភាព៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតីឡាវ។ (រូបភាពពី Facebook Samdech Hun Sen)

 

 

ជុំ​វិញ​បញ្ហា​ព្រំ​ដែន​នេះ​ផង​ដែរ សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ព្រឹក​មិញ បាន​បង្ហាញ​នូវ​ប្រតិកម្ម​ចំពោះប្រធាន​គណបក្សអំណាច​ខ្មែរលោក សូន សេរីរដ្ឋា ដែល​បាន​ចោទ​ប្រកាន់​មេទ័ព​ខ្មែរ​ថា ជា​មេទ័ព​ចោរ ដែល​សម្ដេច​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ ​ដល់​កងទ័ព​ជាតិ​ដែល​មិន​អាច​ទទួល​យក​បាន។ សម្តេចបញ្ជាក់ថា ចាត់​ទុក​ជា​សំណាង​ហើយ ដែល​លោក សួន សេរីរដ្ឋា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ ម្ល៉េះ​សម​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​តែ​កំហឹង​កង​ទ័ព​ក៏​ថា​បាន​។ សម្ដេច​បាន​គួស​បញ្ជាក់​ថា លោក សួន សេរីរដ្ឋា មាន​ទោស​ផ្សេងទៀត ដែល​ធ្ងន់ធ្ងរ​ជាង​ការ​ញុះញង់​ប្រមាថ​ ដល់​កង​ទ័ព​ថា​ជា​ចោរ នោះ​គឺ​ការ​ប្រមាថ​ដល់​អង្គព្រះ​មហាក្សត្រ​ ហើយ​បើ​មេបក្ស​រូប​នេះ ​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរបែប​នេះ គណបក្ស​អំណាច​ខ្មែរ​អាច​ត្រូវ​រំលាយ។

 

 

ដោយឡែក​ចំពោះ​ការ​ប្រើប្រាស់​អំណាច​ជានាយក​រដ្ឋមន្ត្រីក្នុង​ការ​បញ្ជា​ទ័ព​ ត្រូវ​បាន​សម្ដេច​ចាត់​ទុក​ថា ជា​រឿង​ត្រឹម​ត្រូវ​ ដោយ​មិន​បាន​បញ្ជា​ ក្នុង​នាមជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ទេ​។ ម្យ៉ាង​ទៀត កងទ័ព​បង្កើត​ឡើង​ដើម្បី​ការពារ​រដ្ឋ ហើយ​ពន្ធធនាគារបង្កើត​ដើម្បី​ដាក់​អ្នក​ប្រព្រឹត្ត​ខុស​។ សម្ដេច​ថា ប្រសិន​បើបញ្ជាទ័ព​មិន​បាន​ទេ កុំ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ហើយ​នៅ​ក្នុង​កាលៈទេសៈនេះ សម្ដេច​ត្រូវ​ពង្រឹង​អំណាច​ក្នុ​ងការ​បញ្ជា​ទ័ព ដើម្បី​​បញ្ចៀសបដិវត្តន៍​ពណ៌៕

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024