ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

សិប្បកម្មផលិតពពុះសណ្តែក ៧ទីតាំង នៅស្រុកខ្សាច់កណ្តាល ត្រូវបានផ្អាកបណ្តោះអាសន្ន បន្ទាប់ពីរកឃើញសារធាតុគីមីហាមឃាត់

០១ កក្កដា ២០២០ | ព័ត៌មានជាតិ

ដោយទទួលបានព័ត៌មានពីក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ នៅថ្ងៃ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួន ០៧ ទីតាំង នៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 


គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។


ជាលទ្ធផលមន្រ្តីជំនាញបានដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ០៧ ទីតាំង សរុបទម្ងន់ ១០៨ គីឡូក្រាម។ 
បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន។

 


សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន ២០.៥ គីឡូក្រាម។

 


បន្ទាប់ពីការធ្វើកំណត់ហេតុដកហូត និងសាកសួរស្វែងរកប្រភព ម្ចាស់ពពុះសណ្តែកខាងលើ បានផ្តល់ព័ត៌មានលំអិតអំពីទីតាំងផលិតពពុះសណ្តែកមកកាន់មន្រ្តីជំនាញ ដើម្បីចាត់មន្រ្តីមានសមត្ថិកិច្ចបន្តស្រាវជ្រាវរកទីតាំង និងប្រភពនៃការផលិត៕


រូបភាព និងប្រភព៖ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024