ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

គ្រឿងក្នុងជ្រូកចម្រុះជាងកន្លះតោន ត្រូវនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាប នៅក្រុងសិរីសោភ័ណ

១៥ មិថុនា ២០២០ | ព័ត៌មានជាតិ

សមត្ថកិច្ចបានអោយដឹងថាមាន រថយន្ត០១គ្រឿងផ្ទុកគ្រឿងក្នុងជ្រូកចម្រុះចំនួន៩កេស មានទម្ងន់៥៤០គ.ក្រ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបចាប់ឃាត់បាន ខាងកើតស្ពានទឹកថ្លា ស្ថិតក្នុងភូមិសាស្ត្រ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ។

 


លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖ តាមការសាកសួរចម្លើយពីឈ្មោះ សាយ ជៀន ជាអ្នកបើកបរថយន្តបានប្រាប់សមត្ថកិច្ចថា ខ្លួនស៊ីឈ្នួលដឹកឲ្យគេ ក្នុងតម្លៃ០១កេស ៣០.០០០រៀល ពីចំណុចផ្សារត្រី ក្រុងប៉ោយប៉ែត ទៅដល់ក្រុងភ្នំពេញ ហើយគ្រឿងក្នុងជ្រូកទាំងអស់នេះ បើតាមការឲ្យដឹងពីអ្នកម៉ូតូឌុប ថាយកមកពីថៃតាមច្រករបៀង នៅស្រុកម៉ាឡៃ ។

 


លោកវរសេនីយ៍ទោ យឹម នី បានបញ្ជាក់ឲ្យដឹងទៀតថា ការវេចខ្ចប់គ្រឿងក្នុងជ្រូកទាំងអស់នេះ គឺខុសលក្ខណៈបច្ចេកទេស ដែលនាំឲ្យខូចគុណភាព ។

 


នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលជំនាញ បានសហការជាមួយមន្ត្រីជំនាញការិយាល័យពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្ត នាំយកគ្រឿងក្នុងជ្រូកទាំងអស់នេះ ទៅធ្វើការកំទេចចោល ។ ចំណែកអ្នកបើកបររថយន្ត កម្លាំងនគរបាលនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតមនីតិវិធីច្បាប់ ៕

រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024