ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

លឹម ជាឡាយ ស្រកទឹកភ្នែកដោយមិនដឹងខ្លួនពេលនិយាយពីរឿង « អ្នកទី ៣ »

២៩ មិថុនា ២០២០ | កម្សាន្ដ

 

បុរសសង្ហារ លឹម ជាឡាយ ធ្លាប់ឆ្លងកាត់ការសម្តែងរាប់មិនអស់ គ្រប់បែបយ៉ាងក្នុងនាមជាតួសម្ដែងដ៏ពេញនិយមម្នាក់ តែសម្រាប់ការសម្តែងក្នុង រឿង « អ្នកទី ៣ » បែរជាធ្វើឱ្យតារារូបនេះចងចាំមិនភ្លេច។ ជាពិសេសពេលនិយាយដល់ឈុតចាកចេញពីភរិយាបានធ្វើឱ្យលោកស្រកទឹកភ្នែកដោយមិនដឹងខ្លួន ។ មិនដឹងថារឿង « អ្នកទី ៣ » មានចំណុចពិសេសនិងចាក់ដោតអារម្មណ៍យ៉ាងណាទេ បានធ្វើឱ្យតារាសម្តែងរូបនេះចូលតួដល់ថ្នាក់នេះ ។ 

 

រឿង « អ្នកទី ៣ » លោក លឹម ជាឡាយ សម្តែងជាតួអង្គម្នាក់ដែលស្រឡាញ់ភរិយាខ្លាំង តែដោយសារការភ្លេចខ្លួនមួយគ្រា បានធ្វើឱ្យលោកបែកបាក់ជាមួយមនុស្សស្រីដែលខ្លួនស្រឡាញ់ ហើយចុងក្រោយ បែរជាមានការសោកស្តាយនូវទង្វើររបស់ខ្លួន ។ បុរសថ្ពាល់ខួច លឹម ជាឡាយ បានរៀបរាប់ប្រាប់ថា នេះជាលើកដំបូងហើយដែលលោកឆ្លងកាត់ការសម្តែង ពោរពេញដោយមនោរសញ្ចេតនា និងបង្កប់ទៅដោយការឈឺចាប់ ។ 

 

 

ជាមួយការវិលមកអង្រួនចិត្តអ្នកគាំទ្រតាមរយៈរឿង « អ្នកទី ៣ » បានធ្វើឱ្យលោក លឹម ជាឡាយ ស្រកទឹកភ្នែកដោយ មិនដឹងខ្លួន។ ក្នុងកម្មវិធីជួបជាមួយសិល្បកររឿង « អ្នកទី ៣ » កន្លងមក ពេលនិយាយដល់តួអង្គដែលខ្លួនបានសម្តែង ស្រាប់តែលោកអួតដើមក និង ស្រក់ទឹកភ្នែកម៉ាត់ៗភ្លាមៗ ។ លោក លឹម ជាឡាយ បានឱ្យដឹងថា មិនមែនលោកចង់ស្រក់ទឹកភ្នែកទេ តែពេលនិយាយដល់តួអង្គនេះធ្វើឱ្យ លោកទ្រាំមិនបានទឹកភ្នែកក៏ហូរមកដោយឯងៗតែម្តង ពីព្រោះក្នុងរឿងនេះមានចំណុចជាច្រើនដែល ធ្វើឱ្យលោកស្រលាញ់ពេញចិត្តដែលមិនអាចបំភ្លេចបានពី អាជីពសម្ដែងនេះឡើយ ។  

 

តួឯកប្រុសរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ដែលធ្លាប់សណ្ដំចិត្ត Fan ភាពយន្ត PNN រូបនេះ បន្ថែមទៀតថា រឿង « អ្នកទី ៣ » បានធ្វើឱ្យលោកទទួលបទពិសោធន៍ ថ្មីៗជាច្រើន លោករំពឹងថា ស្នាដៃថ្មីរបស់ខ្លួននឹងទទួលបានការគាំទ្រខ្លាំងនៅពេលដាក់បញ្ចាំង ។លោក លឹម ជាឡាយ ជាតារាសម្តែងរូបសង្ហារ និងសប្បូរស្នេហ៍ តែមកទល់ពេលនេះលោកនៅមិនទាន់បង្ហាញពីមុខមាត់ពិតរបស់គូស្នេហ៍ខ្លួនឱ្យទស្សនិកជនបានស្គាល់នៅឡើយទេ។

 

 

ភាគច្រើនទស្សនិកជនគិតថា លោកមានទំនាក់ទំនងស្នេហ៍ជាមួយ តារាសម្តែង គៀត សុវណ្ណាឡាង ពីព្រោះអ្នកទាំងពីរស្និទ្ធ ស្នាលគ្នាខ្លាំងបំផុត និងចុងក្រោយនេះឃើញអ្នកទាំងពីរបង្កើតមុខរបររកស៊ីរួមគ្នាទៀតនោះ។ នៅពេលនេះនិយាយដល់រឿងនេះ លឹម ជាឡាយ ព្យាយាមគេចវេះ មិនព្រមនិយាយឡើយ ដោយលោកនិយាយដោយខ្លីៗថា មិនទាន់ដល់ពេល ៕ 

 

 

 

 

 



អត្ថបទ ៖ ម៉ា រីសា   


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024