ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤

«អ្នកទី៣» ភាពយន្តលាតត្រដាង រសជាតិភ្លើងស្នេហ៍សង្គមស៊ីវីល័យ  ត្រៀមអន្ទងបេះដូង Fan ភាពយន្តខ្មែរលើ PNN 

២៦ មិថុនា ២០២០ | កម្សាន្ដ

ខ្សែភាពយន្តមនោសញ្ចេតនាដ៏ថ្មីសន្លាង ផលិតឡើងយ៉ាង សម្រិតសម្រាំងបញ្ចូលគ្នានូវ រសជាតិអប់រំជីវិតគ្រួសារ លេបត្របាក់ដោយពិសពុលជ្រៀតជ្រែតស្នេហា ល្បិចកិច្ចកល់ល្បួងកាយាពុះកញ្ជ្រោល ពីព្រាននារីសម័យថ្មី «អ្នកទីបី» បានត្រៀមជាស្រេចហើយ ក្នុងការចូលខ្លួនអង្រួនបេះដូង អ្នកនិយមភាពយន្តខ្មែរលើ កញ្ចក់ទូរទស្សន៍ PNN ក្នុងពេលឆាប់ៗនេះ។ 

 

 

អ្នកគ្រប់គ្រងកម្មវិធីផ្សាយទូរទស្សន៍ ភីអិនអិន កញ្ញា ទូច បុប្ផា បង្ហើបថា ស្ទើរតែ៨០ភាគរយនៃទិដ្ឋភាពក្នុងរឿង «អ្នកទីបី» ជាវណ្ណកម្មច្បិចចេញពីសង្គមពិតៗ ដែលច្របាច់ផ្សំដោយភ្លើងស្នេហ៍សង្គមស៊ីវីល័យ។ បន្ថែមលើនេះក៏រួមបញ្ចូលនូវ រសជាតិក្នុងវិស័យសិល្បៈ ដែល យុវនារីវ័យក្មេងស្រស់ស្អាត ជាច្រើនបានក្លាយជាចំណុចរសើបនៃការល្បួងលួងលោមគ្មានព្រំដែន។

 

 

 «អ្នកទីបី» នឹងដាស់អារម្មណ៍យុវនារីដែលមានរូបឆោមនិងទេពកោសល្យសិល្បៈឱ្យគិតសារជាថ្មីអំពីការត្រៀមលក្ខណៈគ្រប់គ្រងលើផ្នត់គំនិតចង់ឈ្នះចាញ់រហូតភ្លើតភ្លើនបាត់បង់តម្លៃវិជ្ជាជីវៈក្លាយជាអ្នករងគ្រោះក្នុងក្រញាំព្រាន លុយ ឡាន ព្រាននារី។

 

តារាប្រុសលំដាប់ឈានមុខ លឹម ជាឡាយ បានត្រលប់មកអង្រួនបេះដូងអ្នកគាំទ្រ ជាឧត្ដមស្វាមី តែបាក់បេះដូងក្នុងភ្លើងស្នេហ៍ទី៣ ក្នុងភាពយន្តសរុប៤០ភាគមួយនេះ ក្នុងពេលដែលតារាស្រីលំដាប់ឆ្នើមៗ ស៊ឹម ស្រីមុំ អតីតហ្វ្រេស៊ីហ្គឺល សួង ស៊ីធឿន និងកញ្ញា សាយ ចាន់រាសី បានក្ដាប់តំណែងជាតួសំខាន់ ប្រកបដោយទេពកោសល្យ សម្តែងបែបអប់រំជីវិតដ៏ស៊ីជម្រៅ ។

 


«ខ្ញុំមានភរិយាល្អ តែបែរជាមកផុងខ្លួនជាមួយនារីតារាសម្តែងម្នាក់ ដែលនាងធ្លាប់មានប្រវត្តិត្រូវព្រាននៅទីក្រុងបោកប្រាស់! នាងខូចចិត្តក៏បែរជាមកកកូរបំផ្លាញគ្រួសារដ៏ល្អរបស់ខ្ញុំបន្តដោយប្រើល្បិចគ្រប់បែបយ៉ាង! នេះហើយជាវិនាសកម្មជីវិតដែលបង្ករឡើងដោយមានអ្នកទីបី ទាំងដែលយើងធ្លាប់គិតថា គ្រួសារយើងមានចំណងរឹងមាំតែពេលខ្លះយើងនៅតែមិនអាចគ្រប់គ្រងខ្លួនឯងបាន រហូតដល់ថ្លោះធ្លោយ! ខ្ញុំយល់ថាគ្រប់គ្នាគួរបានទស្សនារឿង អ្នកទីបី នេះដែលពិតជាបង្កប់នូវពុទ្ធិជាច្រើន។» នេះជាការបង្ហើបសាច់រឿងខ្លះៗពី តួឯក លឹម ជាឡាយ។ 

 

ដឹកនាំផលិតដោយផលិតករឆ្នើម លៀក លីណា នៃផលិតកម្មLD ក្រោមទឹកដៃតាក់តែងយ៉ាងចម្រាញ់របស់អ្នកនិពន្ធ ឆាយ សុមាលី «អ្នកទី៣» នឹងចាប់បើកទំព័រផ្សាយភាគដំបូង  នៅទី០៣ កក្កដា ឆ្នាំ២០២០តទៅ ចាប់ពីម៉ោង ៨ដល់ ៩យប់ រៀងរាល់ថ្ងៃ ចន្ទ ដល់សុក្រ លើ​ប៉ុស្តិ៍ PNN៕ 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ PNN 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024