ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

“ផ្កាព្រៃ” សាច់រឿងឆ្លុះបញ្ចាំងភាពរឹងមាំស្ត្រីពីកញ្ញាឯកចក្រវាឡ រឿន ណាត ចាប់ចាក់បញ្ចាំងហើយ!

០៤ សីហា ២០២០ | កម្សាន្ដ

កញ្ញាឯកចក្រវាឡឆ្នាំ២០១៨ កញ្ញា រឿន ណាត នឹងបង្ហាញវត្តមានជាលើដំបូងក្នុងរឿងភាភថ្មីរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន តាមរយៈរឿង ផ្កាព្រៃ ក្នុងតំណែងជាតួឯកស្រី ដែលរឹងមាំ មានភាពវ័យឆ្លាត តែពោពេញដោយកំហឹងសងសឹក។


 “ផ្កាព្រៃ” នឹងបង្ហាញទៅទស្សនិកជនឲ្យឃើញពីការរងភាពអយុត្តិធម៌ក្នុងសង្គមរបស់អ្នកក្រពីសំណាក់អ្នកមានអំណាច, ភាពស៊ីវីល័យនិងថ្លៃថ្នូរបែបជីវិតអភិជន ហើយក៏បង្ហាញពីខ្សែជីវិតក្មេងស្រីកំព្រាម្នាក់ ធំឡើងជាមួយភាពភាពរឹងមាំ និងវ័យឆ្លាតផងដែរ ។

 


ភាពយន្តប្រូលផ្ដុំដោយរសជាតិនេះ មានការចូលរួមសម្ដែងដោយ កញ្ញាឯកចក្រវាឡ រឿន ណាត លោក ប៉ែន ភ័ក្រសុធារិទ្ធ កញ្ញា ហ្វាហ្វា កញ្ញា ម៉ានីកា កញ្ញា អាង សុជាតា អ្នកនាង សឿន ផានផាភួង រួមនិងតារាសម្ដែងជាច្រើនដួងទៀត។ 


រឿងរ៉ាវដ៏ចាក់ស្រេះពោរពេញដោយភ្លើងគំនុំនេះ ផ្តើមចេញពីគ្រួសារមួយដែលទើបប្ដូរទីលំនៅទៅរស់នៅក្រុង ប៉ៃលិន តែបែរជាត្រូវជួបរឿងអយុត្តិធម៌ពីអ្នកមានអំណាច ចុងក្រោយត្រូវគេសម្លាប់ទាំងប្ដីប្រពន្ធបន្សល់ទុកតែ មូតា ដែលជាកូនស្រីដ៏កំសត់ម្នាក់។


 តែក្រោយមកជីវិតរបស់ មូតា បានផ្លាស់ប្ដូរ១៨០ដឺក្រេ ក្រោយបានជួបនារីមានវ័យកណ្ដាលម្នាក់យកនាងចញ្ចឹម គាត់បានបង្ហាត់បង្រៀននាងអោយក្លាយទៅជានារីខ្លាំង មានសមត្ថភាព និងពូកែក្នុងមុខជំនួញ មិនតែប៉ុណ្ណោះថែមទាំង បញ្ឆេះនាងឲ្យពោរពេញដោយកំហឹងសងសឹក ដោយសារភាពឈឺចាប់ ធ្វើអោយ មូតា រឹងមាំហួសពីការគិត។ 

 


មិនយូរមិនឆាប់ម្ដាយចិញ្ចឹមរបស់ មូតា បានបញ្ជូននាងត្រលប់ទៅខេត្តប៉ៃលិនវិញ ឱកាសមកដល់ដោយមានកំហឹងឈឺចាប់មិនអាចបំភ្លេចបានដែលឱពុកម្ដាយត្រូវគេសម្លាប់ដោយអយុតិធម៌នោះ មូតាបានយកទាំងសម្ថភាពនិងរូបសម្រស់ដើម្បីសងសឹក រហូតលង់ខ្លួនដកមិនរួច។ 


ចង់ដឹងថាតើខ្សែជីវិតនារីដ៏រឹងមាំដែលមានតែពាក្យថាសងសឹកនៅក្នុងចិត្ត ចុងក្រោយនឹងទៅជាបែបណា? តើ មូតាអាចដកខ្លួនចេញពីការសងសឹកបានដោយរបៀបណាកុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តភាគខ្មែររឿង “ផ្កាព្រៃ” នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ៣ សីហាសប្ដាហ៍ក្រោយនេះតទៅ រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ វេលាម៉ោង ៧ យប់ បន្ទាប់ពីរឿង កាំបិតមុខពីរ៕


អត្ថបទ៖ សិឡា រូបភាព៖ ភីអិនអិន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024