ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រឿង​«​ពស់​កេងកង​»​បាន​ផលិត​ជា​កុន​ភាគ ដោយមាន​ការសហការ​និង​ក្រុមការងារ​មកពី​បី​ប្រទេស​ផ្សេងគ្នា

១៦ ធ្នូ ២០១៦ | កម្សាន្ដ

ស្ថានីយទូរទស្សន៍​ភី​អិន​អិន បាន​នឹង​កំពុង​រៀបចំ​ផលិត​រឿង​«​ពស់​កេងកង​» ឡើងវិញ​ជា​រឿង​ភាគ ដោយ​រក្សា​នូវ​ទម្រង់​ដើម​ទាំងស្រុង ហើយ​ដំណើរការ​នៃ​ការផលិត​រឿងនេះ​ក្រុមការងារ​ទាំងអស់​មាន​ការសហការ​គ្នា​យ៉ាង​ល្អ និង​មកពី​បី​ប្រទេស​ផ្សេងៗ​គ្នា មានដូចជា ប្រទេស​កាណាដា ហ្វីលីពីន និង​កម្ពុជា​។

 

 

​នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ពី​គម្រោង និង​ទិសដៅ​សម្រាប់​ឆ្នាំ ២០១៧ «PNN Showcase 2017»​ដែល​ស្ថានីយទូរទស្សន៍​ភី​អិន​អិន បានរៀបចំ​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅនេះ ក៏បាន​បង្ហាញ​អំពី​ការគាំទ្រ​និង​ជម្រុញ​លើកទឹកចិត្ត​សម្រាប់​ការផលិត​រឿង​ក្នុងស្រុក​អោយ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ហើយ​នៅ​ក្នុងនោះ​រឿង «​ពស់​កេងកង​» ក៏​ជា​រឿង​មួយ​ក្នុងចំណោម​រឿង​ខ្មែរ​ល្បីៗ​ជាច្រើន​ទៀត ដែល​ភី​អិន​អិន​មាន​គម្រោង​នឹង​ផលិត​ចេញ​ជា​រឿង​ភាគ​ដើម្បី​បំរើ​អារម្មណ៍​ប្រិយមិត្ត​ទស្សនិកជន​។

 

​កញ្ញា​ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​បានអោយដឹងថា​«​សម្រាប់​ភី​អិន​អិន​គឺ​យើង​មាន​ទិសដៅ​គាំទ្រ​នូវ​ស្នាដៃ​ក្នុងស្រុក​ច្រើន ហើយ​កន្លងមក​យើង​ក៏បាន​ជ្រើសរើស​នូវ​សាច់​រឿង​ក្នុងស្រុក​មួយចំនួន​មក​ផលិត​ជា​ភាពយន្ត​ភាគ​រួចមកហើយ​សម្រាប់​រឿង ពស់​កេងកង នេះ​គឺជា​រឿង​មួយ​ក្នុងចំណោម​រឿង​ជាច្រើន​ទៀត ដែល​នឹងត្រូវ​ផលិត​នា​ដើមខែ​មករា ឆ្នាំ​២០១៧​នេះ ដោយ​ដកស្រង់​សាច់រឿង​តាម​លំនាំ​រឿង​ដើម​នា​ឆ្នាំ​១៩៧០ ហើយ​ខ្លឹមសារ​នៃ​រឿងនេះ​គឹ​ឆ្លុះបញ្ចាំង​ពី​ជំនឿ បាប និង​បុណ្យ  តម្លៃ​គុណ​ធ​ម៏​កូន​ចំពោះ​ឪពុកម្តាយ ជាពិសេស​ផ្សាភ្ជាប់​មនុស្ស​និង​ធម្មជាតិ  ហើយ​នេះ​រឿង​ភាគ​ខ្នាត​ធំ​ដែល​ផលិត​ដោយ​ក្រុម​ផលិតករ​ខ្មែរ​ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ រួមជាមួយ​ក្រុម​ជំនាញ​មកពី​ប្រទេស​កាណាដា និង​ហ្វីលីពីន ដើម្បីអោយ​ភាគ​យន្ត​ភាគ​នេះ​ប្រក​ដោយ​គុណភាព​ខ្ពស់​»​។​

 

​រឿង «​ពស់​កេងកង​» នឹង​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧​នេះ ដោយ​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ប្រិយមិត្ត​​ទស្សនិកជន ព្រោះតែ​ការផលិត​រឿងនេះ ត្រូវបាន​សហការ​ផលិត​ជាមួយ​ក្រុមការងារ​ក្រៅប្រទេស​ពោរពេញ​ទៅដោយ​សមត្ថភាព និង​បទពិសោធន៍​ក្នុងការ​ផលិត​រឿង ធានា​មិន​ធ្វើ​អោយ​ប្រិយមិត្ត​ខកបំណង​ក្នុងការ​រង់ចាំ​តាមដាន​ទស្សនា​នូវ​ខ្សែភាពយន្ត​ដ៏​ល្អឥតខ្ចោះ​មួយ​នេះ​។

 

​ស្ថានីយទូរទស្សន៍​ភី​អិន​អិន មាន​គម្រោង​ចំណាយ​ទុនវិនិយោគ​ជាង ១​លាន​ដុល្លា​អាមេរិក​សម្រាប់​ការផលិត​រឿង​ភាគ​ខ្មែរ​ក្នុង​ឆ្នាំ ២០១៧ និង​ច្រើនជាង​នេះ​ទ្វេ​រដង​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​៕

 

រឿង​ភាគ​ខ្មែរ​ខ្លីៗ​ដែល​ត្រូវ​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​សម្រាប់​ឆ្នាំ ២០១៧៖

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024