ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ភីអិនអិននឹងបង្ហាញជូន ខ្សែភាពយន្តភាគខ្មែរចំនួនពីរ នាពេលឆាប់ៗនេះ

២១ ​វិច្ឆិកា ២០១៦ | កម្សាន្ដ

ស្របពេលដែលខ្សែភាពយន្តភាគខ្មែរចំនួនពីររឿង គឺរឿង «ម្ទេសហឹរប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាមបេះដូង» កាន់តែខិតចូលមកដល់ ភាគបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ភីអិនអិនក៏នឹងត្រៀមចាក់ផ្សាយ ខ្សែភាពយន្តភាគខ្មែរថ្មីសន្លាងចំនូនពីររឿងបន្ថែមទៀតនាចុងឆ្នាំ២០១៦។

 

រឿង «សង្គ្រាមបេះដូង» នឹងត្រូវបញ្ចប់នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះហើយ។ ប្រិយមិត្តនឹងបានជួបជាមួយរឿងភាគខ្មែរ រសជាតិថ្មីមួយទៀតគឺរឿង «កែវភ្នែក»។

 

កែវភ្នែក «ជារឿងដែលរៀបរាប់ពីការតស៊ូរបស់ម្តាយពិការភ្នែកម្នាក់ ដែលបានតស៊ូប្រឹងប្រែងគ្រប់យ៉ាង ព្រោះតែចង់អោយកូនបានរៀនខ្ពស់ខ្ពស់ និងបានកាងារធ្វើល្អក្នុងសង្គម។ ប៉ុន្តែកូនបែរជាមានអារម្មណ៍ខ្មាស់គេ ព្រោះតែមានម្តាយជាអ្នកពិការភ្នែកទៅវិញ។ ក្នុងនាមជាម្តាយ មិនដែលខឹងនឹងកូនទេ ហើយក៏មិនចង់ឃើញកូនបាក់ទឹកចិត្តក្នុងការរៀនសូត្រដែរ ម្តាយបានខិតខំរិះ រកគ្រប់វិធីទាំងអស់ ដើម្បីអោយកូនមានទឹកចិត្តក្នុងការរៀនសូត្រ និងខិតខំទំនុកបម្រុងកូនគ្រប់ បែបយ៉ាងរហូតកូនបានរៀនចប់ និងមានកាងារធ្វើល្អ»។

 

ខ្សែរឿងមនោសញ្ចេតនាកម្សត់ តស៊ូ របស់ម្តាយពិការភ្នែកម្នាក់នេះ នឹងមានបង្ហាញជូនរៀងរាល់ថ្ងៃព្រហស្បត្ត៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨:០០-៩:០០បយប់ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា តទៅ។ ជាមួយគ្នានេះដែររឿង «ម្ទេសហឹរប៉ះអំបិលប្រៃ» ក៏នឹងចូលមកដល់ភាគបញ្ចប់នៅថ្ងៃទី៣០ ចុងខែវិច្ឆិកានេះហើយ។

 

 

 

រឿងភាគខ្មែរដែលចូលខ្លួនមកបំរើអារម្មណ៍ប្រិយមិត្តបន្ទាប់គឺរឿង«ភក្តីស្នេហ៍ទ្វេរភព» ជារឿងប្លែក និងជាចំណីចក្ខុថ្មីសម្រាប់ទស្សិកជន។ តួឯកប្រុសក្នុងរឿងនេះគឺលោក អ៊ុន សុទ្ធា ចាប់ដៃគូជាមួយកញ្ញា មឿន ផាណែត។ រឿងនេះនិយាយអំពី «ស្នេហាស្មោះស្ម័គ្ររវាង នេនទុំ និងនាងទាវ។ នេនទុំគឺជាអ្នកដែលពូកែខាងស្មូត្រ ចំណែកនាងទាវ ក៏ជានារីម្នាក់ ដែលមានរូបសម្រស់ល្អឯកដាច់គេនៅស្រុកត្បូងឃ្មុំ។ទុំ និងទាវបានចាប់ចិត្តប្រតិព័ទ្ធលើគ្នាទៅវិញទៅមក នៅពេលដែលទុំទៅសូត្រមន្ត និងស្មូត្រនៅផ្ទះរបស់ទាវ។ ទុំក៏បានលាចាកសិក្ខាបទដោយពុំមានការយល់ព្រមពី លោកគ្រូឡើយដោយសារតែចិត្តចង់រួមរស់ជាមួយទាវ។ ប៉ុន្តែក្តីស្នេហារបស់ពួកគេទាំងពីរនាក់មិនបានសមដូចបំណងនោះឡើយ យាយផាន់តែងតែបំបែកពួកគេជានិច្ច រហូតពួកគេបានទៅកាន់ភពមួយទៀត»។

 

ចង់ដឹងថាតើនឹងមានអ្វីកើតឡើងទើបបណ្តាលអោយ ពួកគេអាចឆ្លងទៅកាន់ភពមួយផ្សេងទៀតបាន? តើពួកគេនឹងជួបឧបសគ្គអ្វីខ្លះ ហើយត្រូវដោះស្រាយដោយរបៀបណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «ភក្តីស្នេហ៍ទ្វេរភព» ផ្សាយជូនរៀងរាល់ថ្ងៃ ច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៨:០០-៩:០០យប់ ចាប់ពីថ្ងៃទី ០៥ខែធ្នូនេះតទៅ៕

 

 

ទស្សនាឈុតខ្លីនៃសាច់រឿងសូមចុច៖ កែវភ្នែក៖

 

 

ភក្តីស្នេហ៍ទ្វេរភព៖

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024