ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

សកម្មជនថ្នាំជក់កម្ពុជាម្នាក់ ឈ្នះពានពិសេសរបស់​អង្គការសុខភាពពិភពលោក

១៦ មិថុនា ២០២០ | ព័ត៌មានជាតិ

យើងពិតជាមានមោទកភាពខ្លាំងណាស់ ដែល  ពានពិសេសរបស់អគ្គលេខាធិការ នៃ អង្គការសុខភាពពិភពលោក  ត្រូវបានផ្ដល់ជូនដៃគូកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់របស់យើង គឺលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បី សុខភាពកម្ពុជា។ វាគឺជាការជ្រើសរើសដោយអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អនុម័តចុងក្រោយដោយអគ្គលេខាធិការ នៃ អង្គការសុខភាពពិភពលោក  ។  នេះគឺជាការលើកឡើងរបស់ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំកម្ពុជា នៅក្នុងពិធីប្រគល់ពានទិវាពិភពលោកគ្មានថ្នាំជក់ ២០២០ នៅឯការិយាល័យអង្គការសុខភាពពិភពលោក នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលពានលំដាប់ពិភពលោកនេះ ត្រូវបាន WHO ប្រគល់ជូនលោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បី សុខភាពកម្ពុជា CMH ។

 

លោកស្រីវេជ្ជបណ្ឌិត Li Ailan បន្ថែមថា យើងជួបជុំគ្នា ដើម្បី ថ្លៃងអំណរគុណដល់លោកវេជ្ជបណ្ឌិត មុំ គង់ ម្ចាស់ពានពិសេសរបស់អគ្គលេខាធិការ នៃ អង្គការសុខភាពពិភពលោក ។

ការងាររបស់លោកវេជ្ជបណ្ឌិតជាង ២ ទសវត្សរ៍មកនេះ នាំមកនូវសមិទ្ធផលច្រើនអនេកនៅក្នុងវិស័យត្រួតពិនិត្យផលិតផលថ្នាំជក់ ។ លោកជាបុគ្គលសំខាន់មួយរូបក្នុងការជំរុញឱ្យមានការអនុម័តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅឆ្នាំ២០១៥ ការដកការផ្សាយពាណិជ្ជកម្មថ្នាំជក់ ការប្រឆាំងនិងទប់ស្កាត់ការជ្រៀតជ្រែតរបស់ឧស្សាហកម្មថ្នាំជក់ទៅលើការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ។

 

លោកមានលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការជាមួយដៃគូនៅក្នុងជួររដ្ឋាភិបាល ក្រុមសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និង យុវជន កម្ពុជា ក្នុងការខិតខំប្រឹងប្រែងក្នុងវិស័យត្រួតពិនិត្យផលិតផលថ្នាំជក់ ។ លោក គឺជាបុគ្គលតែម្នាក់គត់ដែលទទួលបានពានពិសេសរបស់អគ្គលេខាធិការ នៃ អង្គការសុខភាពពិភពលោកនៅឆ្នាំនេះ ហើយវាជាលើកដំបូងបង្អស់សម្រាប់ប្រទេសកម្ពុជា។


លោកវេជ្ជបណ្ឌិត មុំ គង់ ម្ចាស់ពានរង្វាន់ពិសេស នៃ អគ្គលេខាធិការអង្គការសុខភាពពិភពលោក មានប្រសាសន៍ថា ឧបសគ្គចម្បងមួយក្នុងការបង្កើត និង អនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា គឺការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ ដូច្នេះ វា ដល់ពេលហើយ ឈប់ចាញ់បោកក្រុមហ៊ុនថ្នាំជក់ ។


សូមជម្រាបថា លទ្ធផល នៃ ការសិក្សាស្រាវជ្រាវ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និង លេខាធិការដ្ឋាន នៃ អនុសញ្ញាស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ បានអោយដឹងថា ថ្នាំជក់ធ្វើឱ្យប្រជាជនកម្ពុជាចំនួន ១៥ ០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ  និង បណ្តាលឱ្យ កម្ពុជា ខាតបង់ទឹកប្រាក់ចំនួន ៦៤៩ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំៗ ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024