ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

អ្នកធ្វើការផ្នែកសុខភាពថា បារីអេឡិចត្រូនិក គឺជាល្បិចបំភាន់របស់ឧស្សាហកម្មថ្នាំជក់

២២ ឧសភា ២០២០ | ព័ត៌មានជាតិ

ស្ថាប័នជាតិ និងអន្តរជាតិ ដែលធ្វើការលើវិស័យសុខភាព សុទ្ធតែអះអាងដូចៗគ្នាថា បារីអេឡិចត្រូនិក មិនត្រឹមតែមិនមែនជាឧបករណ៍ផ្តាច់បារីប៉ុណ្ណោះទេ ប៉ុន្តែបារីអេឡិចត្រូនិក បង្កគ្រោះថ្នាក់ដល់សុខភាពដូចបារីធម្មតាដែរ ធ្វើឱ្យអ្នកប្រើប្រាស់ញៀនកាន់តែខ្លាំង គឺកើនឡើង ២ ដង ហើយក៏ជាហេតុនាំឱ្យយុវជនឈានទៅប្រើប្រាស់គ្រឿនញៀនទៀតផង ។

 


បារីអេឡិចត្រូនិក ត្រូវបានឧស្សាហកម្មថ្នាំជក់ប្រើកលល្បិចបំភាន់ថាជាឧបករណ៍ផ្ដាច់បារី   ហើយបារីអេឡិចត្រូនិក ត្រូវបានឧស្សាហកម្មថ្នាំជក់ផលិតរសជាតិច្រើនជម្រើសសម្រាប់ទាក់ទាញយុវជនវ័យក្មេង ។ ការបំភាន់នេះ បានអូសទាញអ្នកដែលមានបំណងផ្ដាច់បារីប្រមាណ ៦០ ភាគរយ នៃ អ្នកជក់បារីប្រមាណជា ១ , ១ ពាន់លាននាក់ទូទាំងពិភពលោក ដែលតាមពិតទៅ ការប្រើប្រាស់បារីអេឡិចត្រូនិក គឺជាការប្រើប្រាស់ផលិតផលថ្នាំជក់ច្រើនមុខបញ្ចូលគ្នា ឈានទៅរកការប៉ះពាល់សុខភាពរឹតតែធ្ងន់ធ្ងរ ហើយអ្នកដែលជក់បារីអេឡិចត្រូនិក ក្លាយជាអ្នកញៀនបារីធម្មតា ២ ដង ។ នេះគឺជាការអះអាងរបស់អង្គការ ចលនា ដើម្បី សុខភាព កម្ពុជា ហៅកាត់ថា CMH យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ។

 


របាយការណ៍ដដែលអះអាងថា បារីអេឡិចត្រូនិក ផ្ទុកទៅដោយសារធាតុនីកូទីននិងសារធាតុពុលផ្សេងទៀតដែលបង្កគ្រោះថ្នាក់ដល់អ្នកជក់ និង អ្នកស្រូបចំហាយពីគេ ជាក់ស្តែង មានអ្នករបួសសួត ២ ៨០០ ករណី និ ងស្លាប់ ៦៨ នាក់នៅសហរដ្ឋអាមេរិក គិតត្រឹមខែកុម្ភៈ ២០២០ ។


ជាការកត់សម្គាល់ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្តបន្ទាប់ក្តី ក៏ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក តាម Facebook និង YouTube នៅតែមានជាហូរហែ ។

 


លោក មុំ គង់ នាយកប្រតិបត្តិ នៃ អង្គការ ចលនា ដើម្បី សុខភាពកម្ពុជា យល់ឃើញថា បារីអេឡិចត្រូនិក គឺជាផលិតផលថ្នាំជក់មួយប្រភេទ ដែលអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ហាមប្រើប្រាស់ ហាមលក់តាំងពីឆ្នាំ ២០១៤ ដោយសារ បារីអេឡិចត្រូនិក អាចជាច្រកផ្លូវមួយ ឈានទៅរកការប្រើគ្រឿងញៀន  ហេតុនេះលោក មុំ គង់ ស្នើសុំអាជ្ញាធរមានសម្ថកិច្ច មេត្តារឹតបន្តឹងបន្ថែមទៀត សម្រាប់សេចក្ដីណែនាំដែលបានចេញនៅឆ្នាំ២០១៤ ៕


អត្ថបទ៖ ខឿន សាឃាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024