ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

មន្ត្រី NGO ថា ដំឡើងពន្ធថ្នាំជក់ មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយអ្នកស្លាប់ ពិការ និងឈឺ

១៩ ឧសភា ២០២១ | ព័ត៌មានជាតិ

មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ធ្វើការលើវិស័យសុខភាពបានលើកឡើងថា ការដំឡើងពន្ធលើថ្នាំជក់ គឺជាមធ្យោបាយដ៏ល្អបំផុត សម្រាប់ទាំងរដ្ឋាភិបាល និងទាំងសុខភាពប្រជាជន ព្រោះវាធ្វើឱ្យរដ្ឋាភិបាលប្រមូលបានប្រាក់ចំណូលកើនឡើង ប៉ុន្តែធ្វើឱ្យអ្នកជក់បារីថយចុះ ដែលអាចកាត់បន្ថយការស្លាប់ ការឈឺមានជំងឺ និងពិការភាព ដោយសារតែការប្រើប្រាស់ថ្នាំជក់។

 


វិធានការ ដែលមានប្រសិទ្ធខ្ពស់ក្នុងការជួយគាំទ្រឱ្យប្រជាពលរដ្ឋអាចផ្ដាច់បារីបានជោគជ័យ គឺការដំឡើងពន្ធថ្នាំជក់។ នៅពេលដែលពន្ធថ្នាំជក់កើនឡើងខ្ពស់ អ្នកជក់បារី ក៏នឹងជក់កាន់តែតិចជាងមុន ឬផ្ដាច់បារីទាំងស្រុងតែម្តង ដែលប្រការទាំងនោះនាំទៅរកការថយចុះចំនួនអ្នកស្លាប់ អ្នកពិការ និងអ្នកឈឺដោយការប្រើប្រាស់ថ្នាំជក់។ ការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធបន្ថែម សម្រាប់ប្រើប្រាស់លើការទប់ស្កាត់ជំងឺ រួមទាំងការទប់ស្កាត់ និងការព្យាបាលជំងឺកូវីដ-១៩។ ហេតុនេះទើបការដំឡើងពន្ធលើផលិតផលថ្នាំជក់ ត្រូវបានពិភពលោកទាំងមូល ចាត់ទុកថាជាយុទ្ធសាស្ត្រឈ្នះឈ្នះ ដែលទី១ គឺរដ្ឋប្រមូលបានប្រាក់ចំណូលពន្ធបន្ថែម និងឈ្នះទី២ គឺកាត់បន្ថយបាននូវទុក្ខវេទនារបស់ប្រជាជនដែលកើតឡើងដោយសារការប្រើប្រាស់ថ្នាំជក់ ព្រោះការប្រើប្រាស់ថ្នាំជក់ នាំឱ្យកើតជំងឺផ្សេងៗប្រមាណជា ២០០ មុខ បាត់បង់ជីវិត និងធ្លាក់ខ្លួនពិការភាពជាដើម។ នេះគឺជាប្រសាសន៍របស់លោក វេជ្ចបណ្ឌិត ម៉ុ គង់ នាយកប្រតិបត្តិ អង្គការចលនា ដើម្បី សុខភាព កម្ពុជា ហៅកាត់ថា CMH តាមរយៈសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ ស្របទៅនឹងទិវាពិភពលោកគ្មានថ្នាំជក់ ។ 

 


ជាការកត់សម្គាល់ ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ម៉ុ គង់ បែបនេះ គឺជាការឆ្លើយតបទៅនឹងការយាយីជាសកលនៃ ជំងឺកូវីដ-១៩ និងក្រោមហេតុផលថា អ្នកជក់បារីរងផលប៉ះពាល់ធ្ងន់ធ្ងរជាងអ្នកមិនជក់បារី ប្រសិនបើឆ្លងជំងឺកូវីដ-១៩ អង្គការសុខភាពពិភពលោក បានកំណត់យកពាក្យថា ការផ្ដាច់បារី ធ្វើជាប្រធានបទសម្រាប់ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ ២០២១នេះ។ 


រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានពន្ធលើផលិតផលថ្នាំជក់ទាបជាងគេបំផុត នៅក្នុងតំបន់ អាស៊ាន ដោយសារកម្ពុជាដកពន្ធលើថ្នាំជក់ត្រឹមតែ ២៥ភាគរយ ចំពោះបារីក្នុងស្រុក ធៀបទៅនឹងតម្លៃលក់រាយ និង ៣១ភាគរយចំពោះបារីនាំចូលពីក្រៅប្រទេស ខណៈប្រទេសថៃ មានអត្រាពន្ធរហូតដល់ ៧០ភាគរយ ប្រទេសសិង្ហបុរីមាន ៦៩ភាគរយ ហើយប្រទេសជិតខាងកម្ពុជា ក៏មានអត្រាពន្ធប្រមាណជា ៤០ ទៅ ៥០ភាគរយដែរ។

 


មតិមួយចំនួនបានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់ នឹងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ ប៉ះពាល់ដល់ឱកាសការងារ ប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រ និងធ្វើឱ្យមានការគេចមិនបង់ពន្ធ។ ប៉ុន្តែប្រទេសជាច្រើនដែលបានដំឡើងពន្ធថ្នាំជក់រួចហើយ ក្នុងនោះប្រទេសអាស៊ាន មានហ្វីលីពីន  ថៃ និង សិង្ហបុរី បានបង្ហាញថា បន្ទាប់ពីដំឡើងពន្ធលើថ្នាំជក់ ប្រជាពលរដ្ឋជាច្រើនបានផ្ដាច់បារី ហើយរដ្ឋាភិបាលទទួលបានពន្ធបន្ថែមពីថ្នាំជក់យ៉ាងច្រើន ដែលរដ្ឋាភិបាលអាចប្រើប្រាស់ថវិកាទាំងនោះ ដើម្បីទ្រទ្រង់សកម្មភាពលើកកម្ពស់សុខភាពសាធារណៈបានយ៉ាងច្រើន។ 

 


នៅកម្ពុជា ករណីសិក្សាមួយរបស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ឆ្នាំខាងមុខ និង ៩៣៣លានដុល្លារអាមេរិក ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ ប្រសិនបើប្រទេសកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥% នៃតម្លៃបារីលក់រាយ។

 


សូមជម្រាបថា នៅទូទាំងពិភពលោកថ្នាំជក់ធ្វើឱ្យមនុស្សស្លាប់ប្រមាណ ៨លាននាក់រៀងរាល់ឆ្នាំ ដោយសារជំងឺសរសៃឈាម បេះដូង សួត មហារីក ទឹកនោមផ្អែម លើសសំពាធឈាម និងជំងឺជាច្រើនមុខផ្សេងទៀត។ ចំណែកនៅប្រទេសកម្ពុជា មានមនុស្សប្រមាណ ១៥ ០០០នាក់បានស្លាប់ និងខាតបង់ថវិកាប្រមាណ ១ពាន់ ៤០០លាន ដុល្លារអាមេរិកក្នុង ១ឆ្នាំៗ ដោយសារតែការប្រើប្រាស់ផលិតផលថ្នាំជក់៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ អង្គការ CMH
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024