ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រសួងសុខាភិបាល គ្រោងចាត់វិធានការក្តៅចំពោះអ្នកលក់ និងអ្នកជក់បារី

២៤ សីហា ២០១៧ | ព័ត៌មានជាតិ

មន្ត្រីក្រសួងសុខាភិបាល បានព្រមានថា នឹងចាត់វិធានតឹងរ៉ឹង ឬអនុវត្តច្បាប់ ស្តីពីការ​ត្រួតពិនិត្យ​ផលិត​ថ្នាំជក់ ចំពោះក្រុមហ៊ុនផលិតបារី និង​ទាំងអ្នកជក់បារី  ពោលគឺមិនមែនជាពេលអប់រំទៀតទេ ព្រោះ​បារី ជា​ឃាតកលេខ ១ ក្នុងលោក។ ហើយនៅកម្ពុជា បារី បាន​សម្លាប់មនុស្ស ១ ម៉ឺននាក់ ក្នុង ១ឆ្នាំ ឬ បារីសម្លាប់​ពល​រដ្ឋ​កម្ពុជា ២៨ ទៅ ៣០ នាក់ ក្នុង ១ ថ្ងៃ។ កម្ពុជា ចំណាយប្រមាណជា ១០០ លានដុល្លារ ទៅលើការទិញផលិតផល​​ថ្នាំជក់ ក្នុង ១ ឆ្នាំៗ​។ នេះមិនទាន់​គិត​​ដល់​ផល​ប៉ះពាល់ផ្សេងៗ ដូចជាការចំណាយទៅលើការ​ព្យាបាល មុនពេលស្លាប់ ជាដើម។

 

 

ឥឡូវនេះ ជាពេលត្រូវចាត់វិធានការតឹងរ៉ឹង ឬ ដល់ពេលដែល​ត្រូវ​អនុវត្តច្បាប់​ហើយ ចំពោះឧស្សាហករណ៍​ផលិត​ផលថ្នាំជក់ និងអ្នកជក់បារី បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលអប់​រំរយៈ​ពេល​ប៉ុន្មាន​ឆ្នាំមកនេះ។ នេះ​គឺជា​ការលើកឡើងរបស់ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួង​សុខាភិបាល ។

 

 

ឯកឧត្តម អ៊ឹង ភីរុន ថ្លែងដូច្នេះ នាឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុង​សិក្ខាសាលា ស្តីពី ការប្រើប្រាស់​ឧបកររណ៍​សម្រាប់​ប៉ាន់ប្រមាណ នៃការជក់បារី ដើម្បីកំណត់នូវកម្មវិធី​ត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលរៀបចំនៅ​ឯមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៧ ។

 

 

សូមបញ្ជាក់ថា ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបានចេញឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៥។ តំណាងអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត យ៉ិល ដារាវុធ បាន​កត់​សម្គាល់ថា តាំងពីច្បាប់នេះ ត្រូវបានដាក់ឱ្យអនុវត្តមក  មានការប្រែប្រួលប្រកបដោយវិជ្ជមាននៅ​ក្នុង​សង្គម​​កម្ពុជា ចំពោះការប្រើប្រាស់ផលិតផល​ថ្នាំជក់ ហើយលោកគាំទ្រចំពោះក្រសួងសុខាភិបាល ដែល​គ្រោង​នឹង​ចាត់វិធានការតឹងរ៉ឹង ចំពោះក្រុមហ៊ុនផលិតផលថ្នាំជក់ និង អ្នកជក់បារី ៕

 

សូមទស្សនាព័ត៌មានជាវីដេអូ៖

 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024