ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មន្ត្រី NGO ថា សារព្រមានសុខភាពជារូបភាពលើកញ្ចប់បារី អាចកាត់បន្ថយការស្លាប់ដោយសារកូវីដ-១៩

២២ កក្កដា ២០២១ | ព័ត៌មានជាតិ

មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ធ្វើការលើវិស័យសុខភាព អះអាងថា ការដាក់សារព្រមានសុខភាព ជារូបភាព លើកញ្ចប់បារី អាចជួយកាត់បន្ថយការឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ-១៩ ព្រោះអ្នកដែលជក់បារី មានគ្រោះថ្នាក់ដល់អាយុជីវិតខ្ពស់ជាង អ្នកមិនជក់បារី ប្រសិនបើឆ្លងកូវីដ-១៩ ហើយសារព្រមានសុខភាពជារូបភាព ធ្វើឱ្យមនុស្សកាត់បន្ថយការជក់បារី។

 


ការជក់បារី គឺជាមូលហេតុមួយប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ហើយប្រសិនបើអ្នកជក់បារី ឆ្លងជំងឺកូវីដ-១៩ នោះ គេប្រឈមនឹងគ្រោះថ្នាក់ដល់ស្លាប់ខ្ពស់ជាងយ៉ាងឆ្ងាយ បើធៀបទៅនឹងអ្នកដែលមិនជក់ បារី ។ សារព្រមានសុខភាព ជារូបភាពនៅលើកញ្ចប់បារី គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ក្នុងការកាត់បន្ថយការជក់បារី ។ ដូច្នេះ សារព្រមានសុខភាព ជារូបភាពលើកញ្ចប់បារី អាចចូលរួមចំណែកមួយផ្នែក្នុងការកាត់បន្ថយនូវការប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ហើយប្រសិនបើកូវីដ-១៩ ។ នេះគឺជាការពន្យល់របស់លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បី សុខភាព កម្ពុជា CMH តារយៈសារជាសំឡេង នាថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១ នេះ ។


ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត មុំ គង់ បែបនេះ ស្របគ្នាទៅនឹងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តជាច្រើន ដែលអះអាងថា ការដាក់សារព្រមានសុខភាព ជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ គឺជាវិធានការអប់រំដែលមានប្រសិទ្ធភាពខ្ពស់ ។ ជាក់ស្ដែង ការសិក្សានៅប្រទេស ថៃ ឆ្នាំ២០១៨ និង ការសិក្សារបស់ក្រសួងសុខាភិបាលអូស្រាលី ជាដើម បញ្ជាក់អះអាងថា កញ្ចប់បារីដែលសារព្រមានសុខភាពរូបភាព មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនក្តីភ័យខ្លាច និង បង្ការការផ្ដើមជក់បារីក្នុងចំណោមអ្នកដែលមិនទាន់ជក់បារី រីឯក្នុងចំណោមអ្នកដែលជក់បារី រូបភាពព្រមានសុខភាព មានប្រសិទ្ធភាពធ្វើឱ្យមានក្តីភ័យខ្លាច និង ធ្វើឱ្យអ្នកជក់មានបំណងផ្ដាច់បារី ។

 


ទោះយ៉ាងណា ត្រូវបានទទួលស្គាល់ជាទូទៅថា ប្រសិទ្ធភាព នៃ សារព្រមានសុខភាព នឹងថយចុះ ដោយសារតែភាពស៊ាំនឹងរូបភាពដដែលៗក្នុងរយៈពេលវែង ហេតុនេះទើបក្រសួងសុខាភិបាល នៃ ប្រទេសកម្ពុជា បានកំណត់ឱ្យមានការផ្លាស់ប្ដូរសារព្រមានសុខភាពជារូបភាពថ្មីរៀងរាល់ ២ ឆ្នាំម្ដង ហើយបើតាមកាលកំណត់ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២១ នេះតទៅ កញ្ចប់បារីទាំងអស់ដែលចរាចរលើទីផ្សារបាន ត្រូវតែមានសារព្រមានថ្មីជារូបភាព និង ជាអក្សរ ដែលបានកំណត់ដោយក្រសួងសុខាភិបាល ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ CMH និង ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024