ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ក្នុង ១ឆ្នាំ កម្ពុជាមានអ្នកស្លាប់ ១៥ ០០០នាក់ ខាតបង់ ៦៤៩លានដុល្លារ ដោយសារថ្នាំជក់

២៩ ឧសភា ២០២០ | ព័ត៌មានជាតិ

ការប្រើប្រាស់ថ្នាំជក់ ធ្វើឱ្យប្រជាជនកម្ពុជាប្រមាណជា ១៥ ០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ  ហើយការប្រើប្រាស់ថ្នាំជក់ បណ្តាលឱ្យកម្ពជាខាតបង់ថវិកាប្រមាណជា ៦៤៩លានដុល្លារអាមេរិកក្នុង ១ឆ្នាំៗ។ នេះបើតាមលទ្ធផល នៃការសិក្សាស្រាវជ្រាវ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងលេខាធិការដ្ឋាន នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។

 


ដោយឡែក អង្គការសុខភាពពិភពលោក បានចេញផ្សាយអត្ថបទស្តីពីកលល្បិចរបស់ឧស្សាហកម្មថ្នាំជក់ មានដូចជា ការប្រើប្រាស់រសជាតិ ដើម្បីទាក់ទាញយុវជន ផ្សព្វផ្សាយថាផលិតផលថ្នាំជក់របស់ខ្លួន កាត់បន្ថយគ្រោះថ្នាក់ ឬមានអនាម័យជាងបារីធម្មតា ដែលក្នុងបរិបទនេះ សំដៅដល់បារីអេឡិចត្រូនិក ឬ Vape ដែលកំពុងវាយលុកយ៉ាងខ្លាំង ជាពិសេសទៅក្នុងស្រទាប់យុវវ័យ ឧបត្ថម្ភដល់តារា ជនមានប្រជាប្រិយ ឬជនមានឥទ្ធិពល ឧបត្ថម្ភកម្មវិធីប្រកួតម៉ាកផលិតផល លក់រាយធ្វើឱ្យបារីមានតម្លៃទាប និងងាយរកទិញបានសម្រាប់សិស្សសាលា ឧបត្ថម្ភការផលិតភាពយន្ត និងផ្សាយផ្ទាល់តាមអ៊ីនធើណេតជាដើម។

 


ចំណែកលទ្ធផល នៃការសិក្សា របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ  បានបង្ហាញថា បារីប្រមាណ ៣០ភាគរយ ដាក់តាំងលក់ពុំមានសារព្រមានសុខភាពជាភាសាខ្មែរ និងរូបភាពឡើយ ហើយបារីប្រមាណជា ៥៨ភាគរយទៀត ពុំមានតែមប្រិ៍ពន្ធទេ។ ការផ្ដល់សម្ភារៈផ្សាយពាណិជ្ជកម្ម និងផលប្រយោជន៍ពីក្រុមហ៊ុនថ្នាំជក់ទៅឲ្យអ្នកលក់បារី ខណៈក្រុមហ៊ុនថ្នាំជក់ខ្លះ នៅតែផ្គើន បញ្ជូនបុគ្គលិករបស់ខ្លួនដើរលក់បារី ដែលសកម្មភាពទាំងនេះជាដើម សុទ្ធតែជាការបំពារបំពានលើច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។


លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ នៃអង្គការចលនាដើម្បីសុខភាពកម្ពុជា ហៅកាត់ថា CMH ផ្តល់អនុសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាគួរតែចាត់វិធានការតឹងរឹងក្នុងការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយផាកពិន័យចំពោះនីតិបុគ្គល ដូចជាក្រុមហ៊ុនថ្នាំជក់ដែលនៅតែបំពានច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។

 


គប្បីរំឭកថា ចាប់ពីឆ្នាំ ១៩៨៧មក ជារៀងរាល់ឆ្នាំ រដ្ឋជាសមាជិក នៃអង្គការសុខភាពពិភពលោក ប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ ឬពិភពលោកគ្មានផ្សែងបារី  នៅថ្ងៃទី ៣១ ខែឧសភា  ដើម្បីជំរុញឱ្យតម ឬកុំប្រើប្រាស់ថ្នាំជក់ ២៤ម៉ោងទូទាំងពិភពលោក និងដើម្បីយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាន នៃការប្រើប្រាស់ថ្នាំជក់ទៅលើសុខភាព ដែលបច្ចុប្បន្នថ្នាំជក់បណ្តាលឱ្យមនុស្សស្លាប់មិនតិចជាង ៦លាននាក់ក្នុងមួយឆ្នាំ ហើយក្នុងនោះប្រមាណជា ៦សែននាក់គឺជាអ្នកស្រូបផ្សែងបារីពីគេ៕


អត្ថបទ៖ ខឿន សាឃាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024