ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

មន្ត្រីធ្វើការលើសុខភាព គាំទ្រចំណាត់ការរបស់អាជ្ញាធរប្រឆាំងការជួញដូរ HTPs

២៣ មីនា ២០២១ | ព័ត៌មានជាតិ

បារីអេឡិចត្រូនិក ដែលកន្លងមក ត្រូវបានឃោសនាលក់តាមបណ្តាញសង្គមយ៉ាងផុលផុស ថាជា ឧបករណ៍ផ្តាច់ការញៀនបារីនោះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសមិនឱ្យនាំចូល ចែកចាយ និង ប្រើប្រាស់ឡើយ ព្រោះវាមិនមែនជាឧបករណ៍ផ្តាច់បារីទេ គឺវាធ្វើឱ្យអ្នកប្រើប្រាស់កាន់តែញៀន និង គ្រោះថ្នាក់ដល់សុខភាពលើសពី បារី ធម្មតាទៀតផង ហើយអង្គការក្រៅរដ្ឋាភិបាល បានចេញមកគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរបែបនោះ ។

 


អង្គការចលនាដើម្បីសុខភាពកម្ពុជា CMH គាំទ្រទាំងស្រុង ចំពោះចំណាត់ការបស់អាជ្ញាធរ មានសមត្ថកិច្ចប្រឆាំងការជួញដូរបារីអេឡិកត្រូនិកគ្រប់ប្រភេទ ដោយរួមទាំង អេចឈ៍ ធី ភី ផង ! គាំទ្រដោយហេតុថា វិធានការនេះ គឺជាការរួមចំណែកដល់ការទប់ស្កាត់ការរាតត្បាតចូលសហគមន៍នៃជំងឺកូវីដ ១៩ ដែលប្រទេសកម្ពុជាកំពុងយកចិត្តទុកដាក់ ដោយសារបច្ចុប្បន្ន មានយុវជនកម្ពុជា មួយចំនួន កំពុងប្រើប្រាស់ឧបករណ៍ជក់បារីអេឡិកត្រូនិក និងអេចឈ៍ ធី ភី រួមគ្នា ដែលជាកត្តាហានិភ័យយ៉ាងធំ នៃ ការចម្លងជំងឺកូវីដ ១៩ ពីម្នាក់ទៅម្នាក់។ នេះគឺជាការប្រសាសន៍របស់លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ នៃ អង្គការចលនា ដើម្បី សុខភាព កម្ពុជា ហៅកាត់ថា CMH ប្រាប់ PNN តាម តេឡេហ្ក្រាម នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ នេះ ។

 


សូមជម្រាបថា ការចេញមកគាំទ្ររបស់ អង្គការចលនា ដើម្បីសុខភាព កម្ពុជា នាពេលនេះ បន្ទាប់ពី រាជរដ្ឋាភិបាល កម្ពុជា បានចេញសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការបង្ការ ទប់ស្កាត់ ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និង ការប្រើប្រាស់ផលិតផល អេច ធី ភី កាលពី ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២១ នេះ ។ សេចក្ដីណែនាំដដែលនេះ ហាមឃាត់ ការប្រើប្រាស់ ការនាំចូល ការជួញដូរ និង ការធ្វើអាជីវកម្ម បារីអេឡិចត្រូនិកគ្រប់ប្រភេទ រួមទាំង     អេច ធី ភី ផង ដែលបានសេចក្តីថា ការប្រើប្រាស់ ការនាំចូល និង ការជួញដូររបស់របរដែលក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់អះអាងថា គឺជាឧបករណ៍ផ្តាច់ បារី នោះ គឺជាអំពើ និង ជាផលិតផលខុសច្បាប់។

 


បច្ចុប្បន្ន គេឃើញ បារីអេឡិចត្រូនិក និង អេច ធី ភី ត្រូវបានផ្សព្វផ្សាយលក់ យ៉ាងគគ្រឹកគគ្រេងតាមបណ្ដាញសង្គម ធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចាប់ផ្ដើម និង បន្តការប្រើប្រាស់ ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា ការប្រើប្រាស់បារីអេឡិកត្រូនិក និង អេច ធី ភី អាចជាច្រកទ្វារមួយ ទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត។

 


អង្គការសុខភាពពិភពលោក WHO បានអះអាថា ការប្រើប្រាស់បារីអេឡិចត្រូនិក និង អេចឈ៏ ធី ភី បណ្ដាលឱ្យញៀន កើតជំងឺសួតធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត ។ អង្គការស្ថាប័នជាតិ អន្តរជាតិ ដែលធ្វើការលើវិស័យសុខភាពសាធារណៈ សុទ្ធតែបានអះអាងដូចៗគ្នាថា វាជាការភូតកុហក់បោកប្រាស់របស់ក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់តែប៉ុណ្ណោះ ដែលឃោសនាថា បារីអេឡិចត្រូនិកគ្រប់ប្រភេទ រួមទាំងផលិត អេច ធី ភី ផង ជាឧបករណ៍ផ្តាច់ការញៀនបារី ដែលតាមពិត វាមិនត្រឹមតែមិនបានជួយផ្តាច់បារីប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមនុស្សកាន់តែញៀន និង មានអ្នកប្រើប្រាស់ថ្មីកាន់តែច្រើន ហើយវ៉ាប៉ះពាល់ដល់សុខភាពកាន់តែខ្លាំងទៀតផង ។

 


មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ នៃសហរដ្ឋអាមេរិក CDC បានរកឃើញ និងអះអាងថា ការប្រើប្រាស់ បារីអេឡិចត្រូនិក និង អេច ធី ភី  បង្កើនហានិភ័យ នៃជំងឺបេះដូង និងជំងឺសួត ហើយកាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ សហរដ្ឋអាមេរិក មានការរងរបួសសួតប្រមាណជិត ៣  ០០០ ករណី និងមានអ្នកស្លាប់ប្រមាណជា ៧០ នាក់ ពាក់ព័ន្ធការប្រើប្រាស់បារីអេឡិកត្រូនិច និង អេចឈ៍ ធី ភី៕


អត្ថបទ៖ ខឿន សឃាង រូបភាព៖ ឯកសារ និងអង្គការ CMH
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024