ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សហរដ្ឋអាមេរិកបញ្ជាឲ្យជម្លៀសបុគ្គលិកស្ថានទូតប្រចាំប្រទេសអ៊ុយក្រែន ព្រោះគេបារម្ភពីការផ្ទុះសង្គ្រាម

សហរដ្ឋអាមេរិកបញ្ជាឲ្យក្រុមគ្រួសារបុគ្គលិកស្ថានទូតរបស់ខ្លួនប្រចាំប្រទេសអ៊ុយក្រែនប្រញាប់វេចបង្វេចចាកចេញពីប្រទេសនេះជាបន្ទាន់, នៅពេលដែលមិនទាន់ហួសពេល។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីគេសម្លឹងឃើញថានយោបាយការទូតប្រហែលជាលែងដំណើរការទៅមុខតទៅទៀត, ហើយសង្គ្រាមនៅអ៊ុយក្រែនអាចនឹងផ្ទុះនៅក្នុងពេលឆាប់ៗនេះ។

 

 

 

 

ក្រសួងការបរទេសសហរដ្ឋអាមេរិកថ្លែងថា «សូម្បីតែបុគ្គលិកស្ថានទូតធម្មតាៗ ដែលមិនមានភារកិច្ចចាំបាច់ខ្លាំង ក៏គួរតែប្រញាប់ចាកចេញពីអ៊ុយក្រែនកាន់តែឆាប់ កាន់តែល្អ។ រាល់ថ្លៃចំណាយលើការជម្លៀសខ្លួន និងមធ្យោបាយដទៃទៀតជាបន្ទុករបស់រដ្ឋាភិបាល។ ក្រសួងក៏បានក្រើនរំឭកទៅពលរដ្ឋអាមេរិកាំងទាំងអស់នៅអ៊ុយក្រែន បើមើលស្ថានភាពមិនស្រួលទេ ពួកគេក៏គួរតែពិចារណាចាកចេញជាបណ្ដើរៗចាប់ពីពេលនេះតទៅ។

 

វត្តមានយ៉ាងច្រើនសន្ធឹកសន្ធាប់នៃកងទ័ពរុស្ស៊ីរហូតដល់១សែននាក់នៅព្រំដែនអ៊ុយក្រែន វាមិនមែនជារឿងសាមញ្ញពេកទេ, ហើយបានធ្វើឲ្យពួកបស្ចិមប្រទេសខ្វាយខ្វល់យ៉ាងខ្លាំង ។

 

ពួកគេគិតថាបើកងទ័ពរុស្ស៊ីវាយអ៊ុយក្រែនលើកនេះ ទំនងជាវាយផ្ដួលរំលំរដ្ឋាភិបាលទីក្រុងកៀវ, ហើយលើកបន្តុបរដ្ឋាភិបាលថ្មីដែលរណបប្រទេសរុស្ស៊ី។ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី, រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកអេនថូនីប្លីងខឹន យល់ថាគេពុំគួរប្រញាប់ប្រញាល់ធ្វើរឿងនេះពេកទេ។ លោកថ្លែងបែបនេះបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនស្នើសុំឲ្យបស្ចិមប្រទេសដាក់ទណ្ឌកម្មរុស្ស៊ីជាបណ្ដើរ, ខណៈដែលសមាជិកព្រឹទ្ធសភារបស់បក្សសាធារណរដ្ឋក៏គាំទ្រសំណើនេះផងដែរ។

 

នៅក្នុងព្រឹត្តិការណ៍១ទៀត ប្រទេសរុស្ស៊ីថ្លែងថាខ្លួនគ្មានគម្រោងវាយប្រហារប្រទេសអ៊ុយក្រែន ដើម្បីលើកបន្តុបរដ្ឋាភិបាលអាយ៉ងថ្មី ដែលរណបខ្លួន ដូចការចោទប្រកាន់របស់អង់គ្លេសនោះទេ។ អ្នកនយោបាយអ៊ុយក្រែនម្នាក់(ដែលលម្អៀងទៅខាងប្រទេសរុស្ស៊ី និងជាមនុស្សដែលអាចនឹងក្លាយជាមេដឹកនាំអ៊ុយក្រែនថ្មី) ចាត់ទុកថានេះជាព័ត៌មានដែលគ្មានមូលដ្ឋានទាល់តែសោះ។

 

ប៉ុន្តែលោកបានបង្ហោះសារនៅលើហ្វេសប៊ុកថា «ប្រទេសអ៊ុយក្រែនត្រូវការមេដឹកនាំថ្មី»។ អង់គ្លេសព្រមានថារុស្ស៊ីនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរ, បើប្រទេសនេះហ៊ានលើកបន្តុបរដ្ឋាភិបាលអាយ៉ងនៅដូចការសង្ស័យ៕

 

 

 

ប្រែសម្រួល៖អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024