ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ចិន រំពឹងថាការលក់រថយន្តអគ្គិសនីថ្មី នឹងកើនឡើងខ្លាំង ក្នុងឆ្នាំ២០២២

២០ មករា ២០២២ | សេដ្ឋកិច្ច

 

អ្នកជំនាញមកពី សមាគមក្រុមហ៊ុនផលិតរថយន្តចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះថា ការលក់រថយន្តប្រើប្រាស់ថាមពល របស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២២នេះ។


លោក ហ្វេន អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការនៃសមាគមក្រុមហ៊ុនផលិតរថយន្តចិន បានមានប្រសាសន៍ថា តាមការប៉ាន់ស្មាននៅឆ្នាំ ២០២២នេះ ការលក់រថយន្តប្រើប្រាស់ថាមពលថ្មី នឹងកើនឡើងដល់ ៥លានគ្រឿង ដែលស្មើនឹងជាង ១៨% នៃទីផ្សារសរុប។


ការអភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តប្រើប្រាស់ថាមពលថ្មី ត្រូវបានសន្មតថា ក៏ដោយសារតែ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែប្រសើរឡើង និងអំណោយផលសម្រាប់រថយន្តអគ្គិសនី។


ជាក់ស្តែង នៅចុងឆ្នាំ ២០២១ ប្រទេសចិន បានសាងសង់ស្ថានីយ៍សាកថ្មសរុបចំនួន ៧ម៉ឺនកន្លែង កន្លែងសាកថ្មជាង ២លាន ៦សែនកន្លែង និងស្ថានីយផ្លាស់ប្តូរថ្មប្រមាណ ១៣០០កន្លែង។


យ៉ាងណាមិញ ចិន បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកទឹកចិត្តដល់ ការប្រើប្រាស់រថយន្ត បៃតងនៅក្នុងប្រទេសចិន និងបន្តលើកកម្ពស់ការប្រើប្រាស់យានជំនិះថាមពលថ្មី នៅតំបន់ជនបទ។


មន្ត្រីនៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានបញ្ជាក់ថា ចិននឹងចាប់ផ្តើមកម្មវិធីសាកល្បងសម្រាប់សេវាប្តូរថ្ម ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងការដឹកជញ្ជូនសាធារណៈ។

 


សូមជម្រាបថា យោងតាម ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានឱ្យដឹងថា រថយន្តប្រើប្រាស់ថាមពលថ្មីជាង ៣លាន ៥សែនគ្រឿង ត្រូវបានលក់នៅក្នុងប្រទេសចិន ក្នុងឆ្នាំ ២០២១៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024