ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រដ្ឋវៀតណាម កាត់បន្ថយពន្ធអាករលើតម្លៃបន្ថែម សម្រាប់ឆ្នាំ ២០២២នេះ

១៩ មករា ២០២២ | សេដ្ឋកិច្ច

រដ្ឋាភិបាលវៀតណាម បានអះអាងថា វាជាផ្នែកមួយនៃកម្មវិធីជំរុញទឹកចិត្ត ពន្ធអាករលើតម្លៃបន្ថែមសម្រាប់ទំនិញ និងសេវាកម្មដែលអាចអនុវត្តបាន នឹងត្រូវកាត់បន្ថយមកត្រឹម ៨% នៅឆ្នាំ ២០២២នេះ ដោយអាចនឹងចាប់ផ្តើមចាប់ពីខែកុម្ភៈ។

 


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បញ្ជាក់ថា ការសម្រេចនេះ ត្រូវបានគេលើកឡើងថា អាចនឹងមានទំហំដល់ទៅ ២ពាន់លានដុល្លារអាមេរិក ជាការលើកលែងពន្ធសម្រាប់អាជីវកម្ម ដែលស្មើទៅនឹង ៣ដងនៃការកាត់បន្ថយពន្ធដែលពួកគេទទួលបានពេញមួយឆ្នាំ ២០២១។


រដ្ឋមន្រ្តីរូបនេះ បន្តថា រដ្ឋាភិបាលវៀតណាម បានអនុគ្រោះដល់ការកាត់បន្ថយពន្ធអាករលើតម្លៃបន្ថែម លើការកាត់បន្ថយពន្ធលើប្រាក់ចំណូល ពីព្រោះការកាត់បន្ថយពន្ធលើតម្លៃបន្ថែម នឹងជួយដល់អាជីវកម្មទាំងអស់ មិនត្រឹមតែអ្នកដែលបានរាយការណ៍អំពី ប្រាក់ចំណេញប៉ុណ្ណោះទេ។


ជាក់ស្តែង ក្រុមហ៊ុនភាគច្រើន នឹងមានសិទ្ធិទទួលបានការកាត់ពន្ធលើតម្លៃបន្ថែម លើកលែងតែក្រុមហ៊ុនក្នុងវិស័យទូរគមនាគមន៍ ធនាគារ និងហិរញ្ញវត្ថុ ការអភិវឌ្ឍន៍អចលនទ្រព្យ ការជីកយករ៉ែ និងលោហធាតុ រោងចក្រចម្រាញ់ប្រេង និងគីមីឥន្ធនៈ ក្នុងចំណោមក្រុមហ៊ុនដទៃទៀត។


យោងតាមសំណើ ដែលដាក់ចេញដោយក្រសួងហិរញ្ញវត្ថុ ក្រុមហ៊ុនអាចរាប់បញ្ចូលការចំណាយដែលកើតឡើងនៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីការពារការរីករាលដាលនៃមេរោគថ្មី នៅក្នុងទម្រង់ពន្ធលើប្រាក់ចំណូល។


ទោះយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ច និងក្រុមហ៊ុននានា បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ថា ការកាត់បន្ថយ ២% លើពន្ធអាករលើតម្លៃបន្ថែម មិនអាចបង្កើតឥទ្ធិពលជំរុញការប្រើប្រាស់ និងសកម្មភាពអាជីវកម្មនៅឆ្នាំ ២០២២ ដូចការគ្រោងទុកនោះឡើយ។


ខណៈដែលការកាត់បន្ថយនៅឆ្នាំនេះ គ្របដណ្តប់លើផលិតផល និងសេវាកម្មកាន់តែច្រើន វាមានទំហំតូចជាងការកាត់ពន្ធកាលពីឆ្នាំមុន នៅត្រឹម ៣% អាករលើតម្លៃបន្ថែម ប៉ុន្តែរួមបញ្ចូលតែការដឹកជញ្ជូន ការធ្វើដំណើរ និងអាហារ និងភេសជ្ជៈប៉ុណ្ណោះ។


ថ្លែងពីការព្រួយបារម្ភ រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា រដ្ឋាភិបាល ត្រូវតែមានតុល្យភាពថវិការបស់ខ្លួន ហើយការកាត់បន្ថយពន្ធលើសពី ២% នឹងធ្វើឱ្យគោលនយោបាយសារពើពន្ធនៅឆ្នាំនេះ ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។


ជាចុងក្រោយ ពាក់ព័ន្ធនឹងការដំឡើងពន្ធលើទីផ្សារភាគហ៊ុន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា រដ្ឋាភិបាល បច្ចុប្បន្នមិនមានគម្រោងយកពន្ធបន្ថែមទេ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបាននឹងកំពុងពិចារណាលើ បទប្បញ្ញត្តិស្តីពីមូលបត្របំណុលដ៏តឹងរ៉ឹងសម្រាប់ក្រុមហ៊ុន ជាពិសេសក្រុមហ៊ុនដែលមិនអាចផលិតវត្ថុបញ្ចាំបាន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024