ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំងប្រទេស ទទួលបានពាក្យបណ្តឹងចំនួន ២៦បណ្តឹង

១៥ មករា ២០២២ | ព័ត៌មានជាតិ

 

ថ្ងៃទី ១៤មករា ឆ្នាំ២០២២នេះ គឺជាថ្ងៃចុងក្រោយនៃការដាក់ ទទួល និងដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ ២០២១ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានពាក្យបណ្តឹងចំនួន ២៦បណ្តឹងនៅទូទាំងប្រទេស ដែលសុទ្ធសឹងតែជាពាក្យបណ្តឹងតវ៉ា។ ហើយចំពោះថ្នាក់ គ.ជ.ប និងថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់ទទួលបានពាក្យបណ្តឹងណាមួយឡើយ។ 

 

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ភីអិនអិនថា ភាគច្រើននៃពាក្យបណ្តឹងទាំងនោះ គឺជាការស្នើរសុំឱ្យលុបចេញ ខណៈដែលពួកគេផ្លាស់ប្តូរទីលំនៅទៅសង្កាត់ផ្សេង និងមិនទាន់បានចុះឈ្មោះនៅតាមសង្កាត់ដែលពួកគេរស់នៅ និងមួយទៀតគឺជាពាក្យបណ្តឹងនៃការសុំកែអក្ខរាវិរុទ្ធដែលមានការចម្លងខុស និងបញ្ហាបច្ចេកទេសនៃលិខិតស្នាមផ្សេងៗបន្ថែមទៀត។ 

 

ឯកឧត្តមបន្តថា ថ្ងៃនេះផ្ទាល់គឺជាថ្ងៃចុងក្រោយនៃការទទួលពាក្យបណ្តឹង ហើយប្រសិនបើការដោះស្រាយនៅថ្នាក់ក្រុមប្រឹក្សាឃុំសង្កាត់មិនអាចទទួលយកបានដោយដើមបណ្តឹងនោះទេ នោះដើមបណ្តឹងអាចប្តឹងទៅកាន់ គ.ជ.ប ផ្ទាល់ ប៉ុន្តែបើក្នុងករណីដែលដើមបណ្តឹងនៅតែមិនអាចទទួលយកតាមការសម្រេចបាននោះទេ ដើមបណ្តឹងអាចប្តឹងបន្តទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញបន្តទៀតបាន ហើយក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រើរយៈពេល ១០ថ្ងៃសង្កេត និងពិចារណាទៅលើពាក្យបណ្តឹង បន្ទាប់ក្រុមប្រឹក្សាធម្មនុញ្ញនឹងធ្វើការសម្រេចទៅលើពាក្យបណ្តឹង ហើយការសម្រេចនេះគឺជាការសម្រេចបិទផ្លូវតវ៉ាផងដែរ។ 

 

 

ក្នុងចំណោមពាក្យបណ្តឹងទាំង ២៦បណ្តឹងនៅទូទាំងប្រទេស រាជធានីភ្នំពេញទទួលបានពាក្យបណ្តឹងចំនួន ៨បណ្តឹង ខេត្តកណ្តាលទទួលបាន ១បណ្តឹង ខេត្តកំពង់ស្ពឺទទួលបាន ៨បណ្តឹង ក្រចេះទទួលបាន ៦បណ្តឹង ពោធិ៍សាត់ទទួលបាន ១បណ្តឹង ស្វាយរៀងទទួលបាន ១បណ្តឹង និងតាកែវទទួលបាន ១បណ្តឹង។ ទន្ទឹមនឹងនេះ ពាក្យបណ្តឹងទាំង ២៦បណ្តឹងគឺជាពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលពាក្យបណ្តឹងទាំងនោះកំពុងដោះស្រាយចំនួន ១០បណ្តឹង បានយល់ព្រមតាមពាក្យបណ្តឹងចំនួន ១៤បណ្តឹង និង ២បណ្តឹងទៀតត្រូវបានដើមបណ្តឹងសុំដកពាក្យបណ្តឹងវិញ។ 

 

 

សូមបញ្ជាក់ថា ការដាក់ ការទទួល និងការដោះស្រាយបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ ២០២១ មាន ៣ដំណាក់កាល ដែលដំណាក់កាលដំបូងគឺនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ដំណាក់កាលបន្ទាប់នៅថ្នាក់ គ.ជ.ប និងដំណាក់កាលចុងក្រោយគឺនៅថ្នាក់ ក្រុមប្រឹក្សាធម្មនុញ្ញ៕

 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024