ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តួ “Aquaman” Jason Momoa ប្រកាសបិទឆាកស្នេហា ១៦ឆ្នាំជាមួយភរិយា Lisa Bonet

១៤ មករា ២០២២ | កម្សាន្ដ


តារាសម្ដែង និងជាផលិតករភាពយន្តដ៏ល្បីរបស់អាមេរិកលោក Jason Momoa (ជេសុន ម៉ូម៉ូអា) និងភរិយាឈ្មោះ Lisa Bonet (លីសា បូណេត) បានប្រកាសចែកផ្លូវគ្នាហើយ ក្រោយរួមរស់ជាមួយគ្នាជិត ២០ឆ្នាំ។ 

 


ផ្អែកតាមសេចក្ដីថ្លែងការរួមរបស់អ្នកទាំងពីរដែលចេញកាលពីថ្ងៃទី១២ ខែមករា បានឲ្យដឹងថាមូលហេតុដែលនាំឲ្យស្នេហារបស់ពួកគេឈានដល់ផ្លូវបំបែកនេះ គឺដោយសារមានអ្វីៗជាច្រើនបានផ្លាស់ប្ដូរតាមពេលវេលានៅក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។

 


សូមរំឭកថា តារាសាច់ដុំក្នុងរឿង “Aquaman” Momoa និងតារាសម្ដែង Bonet ដែលត្រូវបានគេស្គាល់ច្រើនតាមរយៈភាពយន្តកំប្លែង "The Cosby Show" (ដឹ ខសប៊ី សូ) បានចាប់ផ្ដើមទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីឆ្នាំ២០០៥ និងបានរៀបការនៅឆ្នាំ២០១៧។ មកដល់បច្ចុប្បន្នពួកគេមានកូនជាមួយគ្នាពីរនាក់។

 


ត្បិតតែបានប្រកាសចែកផ្លូវគ្នាហើយមែន ប៉ុន្តែតារាទាំងពីរបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា សេចក្ដីស្រលាញ់របស់ពួកគេនៅតែបន្តក្នុងនាមជាមិត្ត ហើយពួកគេដោះលែងគ្នាដើម្បីស្វែងរកគោលដៅដែលប៉ងប្រាថ្នារៀងៗខ្លួន ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024