ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

Anne Hathaway រលូតកូន ក្រោយសម្ដែងជាអ្នកមានផ្ទៃពោះ ទាំងមានផ្ទៃពោះមែនទែន

២៩ មីនា ២០២៤ | កម្សាន្ដ

កំពូលតារាសម្ដែងស្រីអាមេរិក Anne Hathaway ទើបតែទម្លាយនៅពេលថ្មីៗនេះថានាងធ្លាប់រលូតកូន ខណៈកំពុងសម្ដែងជាស្ត្រីមានផ្ទៃពោះក្នុងរឿងមួយកាលពីប៉ុន្មានឆ្នាំមុន។

 


តារាសម្ដែង Anne Hathaway (អេន ហាថាវ៉េ) ដែលបច្ចុប្បន្នមានកូនពីរនាក់ជាមួយស្វាមីជាផលិតករឈ្មោះ Adam Shulman (អាដាម ស្ហាល់មេន) បានប្រាប់ទស្សនាវត្ដី Vanity Fair (វេននីធី ហ្វ៊ែរ) ថានាងបានរលូតកូនខណៈត្រូវសម្ដែងល្ខោនរឿង "Grounded" (ហ្ក្រោនឌីត) នៅមហោស្រព Broadway (ប្រតវ៉េ) រយៈពេល ៦ សប្ដាហ៍ជាប់គ្នាក្នុងឆ្នាំ ២០១៥ ។

 


តារាស្រីម្ចាស់ពានអូស្ការូបនេះបាននិយាថា ការមានទម្ងន់លើកដំបូងរបស់នាងគឺមិនជោគជ័យនោះទេ ដោយកាលនោះនាងត្រូវសម្ដែងជាស្ត្រីមានផ្ទៃពោះនិងឈុតសម្រាលកូនរៀងរាល់យប់។ នាងបានចែករំលែកអ្វីដែលបានកើតឡើងនេះជាមួយមិត្តភក្តិខាងក្រោយឆាកក្រោយពេលសម្តែង។

 


ក្រោយរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០១២ គូស្វាមីភរិយា Hathaway និង Shulman បានស្វាគមន៍កូនដំបូងរបស់ពួកគេជាកូនប្រុសនៅឆ្នាំ ២០១៦។ នាងបានប្រកាសពីការមានផ្ទៃពោះលើកទីពីរនៅលើ Instagram ក្នុងឆ្នាំ ២០១៩ ដោយបានបង្ហើបផងដែរថាការមានផ្ទៃពោះលើកទីពីរនេះពិតជាពិបាកខ្លាំងណាស់សម្រាប់នាង។

 


មានវ័យ ៤១ ឆ្នាំ Anne Hathaway គឺជាតារាស្រីជួរមុខមួយរូបនៅហូលីវូដដែលត្រូវបានស្គាល់ច្រើនតាមរយៈខ្សែភាពយន្តល្បីៗដូចជា "The Devil Wears Prada" (ឌឹ ដេវ៉ល វែស៍ ប្រាដា), "Les Miserables" (ឡេស មីស៊ើរើបល) និងភាពយន្ត "The Hustle" (ឌឹ ហាសល) ជាដើម ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024