ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

Ryan Gosling និង Emily Blunt សម្ពោធស្នាដៃភាពយន្តថ្មីរួមគ្នា

២៥ មេសា ២០២៤ | កម្សាន្ដ

 

បន្ទាប់ពីទទួលជោគជ័យយ៉ាងខ្លាំងជាមួយភាពយន្ត "Barbie” នៅពេលនេះ តួឯកប្រុស Ryan Gosling បានបន្តចេញស្នាដៃថ្មីដ៏គួរឱ្យចាប់អារម្មណ៍មួយរឿងទៀតដោយចាប់ដៃគូជាមួយតារាស្រីល្បីឈ្មោះ Emily Blunt។តារាសម្ដែង Ryan Gosling (រ៉ាយអិន ហ្គូស្លីង) និង Emily Blunt (អេមីលី ប្លាន់) រួមជាមួយល្បីៗហូលីវូដជាច្រើនទៀតពីភាពយន្តថ្មីមានចំណងជើងថា "The  Fall Guy” បានចូលរួមពិធីសម្ពោធបញ្ចាំងភាពយន្តនេះនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីពេលថ្មីៗ។

 

 

"The  Fall Guy” គឺជាភាពយន្តបែបកំប្លែងនិង Action ដែលរៀបរាប់ពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍របស់តួ Stunt (ស្តាន់) ឬអ្នកសម្ដែងឈុតគ្រោះថ្នាក់ក្នុងភាពយន្តហូលីវូដ ដោយក្នុងនោះតារាប្រុស Ryan Gosling បានសម្ដែងជាអ្នកសម្ដែងឈុតគ្រោះថ្នាក់ឈ្មោះ Colt Seavers (ខល ស៊ីវវើស៍) ខណៈតារាស្រី Emily Blunt សម្ដែងជាតួអ្នកដឹកនាំរឿងដៃថ្មី និងជាសង្សារចាស់របស់តួឯកប្រុស។

 

 

ក្នុងបទសម្ភាសនៅថ្ងៃសម្ពោធបញ្ចាំង តារាសម្ដែង Ryan Gosling បានចែករំលែកថា ភាពយន្តនេះនឹងបង្ហាញឱ្យទស្សនិកជនបានឃើញពីជ្រុងមួយដែលពួកគេមិនធ្លាប់បានដឹងអំពីអ្នកសម្ដែងឈុតគ្រោះថ្នាក់ ដែលបានប្រថុយជីវិតជាច្រើនលើកក្នុងការថតភាពយន្ត ប៉ុន្តែបែរជាមិនសូវជាមានអ្នកចាប់អារម្មណ៍នោះឡើយ។ លោកសង្ឃឹមថា តួអង្គ Stunt នឹងទទួលបានការសរសើរដ៏សក្ដិសមបន្ទាប់ពីការបញ្ចាំងភាពយន្តនេះ។

 

 

ចំណែកតារាស្រី Emily Blunt បាននិយាយថា ភាពយន្តនេះនឹងជាសារលើកទឹកចិត្តដល់តួអង្គ Stunt រួមទាំងក្រុមការងារទាំងអស់ដែលស្ថិតនៅពីក្រោយការថតភាពយន្ត ដែលបានបញ្ចេញទាំងកម្លាំងកាយនិងគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់ពួកគេសម្រាប់វិស័យភាពយន្ត។ភាពយន្ត "The Fall Guy” ចាប់ផ្ដើមចាក់បញ្ចាំងនៅទូទាំងពិភពលោកចាប់ពីថ្ងៃទី ២៤ ខែមេសា ៕
 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024