ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

Selena Gomez ពិចារណាលក់ក្រុមហ៊ុនរបស់ខ្លួនក្នុងតម្លៃរាប់ពាន់លានដុល្លារ

២១ មីនា ២០២៤ | កម្សាន្ដ

 

តារាចម្រៀងនិងសម្ដែងស្រីដ៏សិចស៊ី Selena Gomez កំពុងពិចារណាដាក់លក់ក្រុមហ៊ុនគ្រឿងសម្អាង Rare Beauty ដែលខ្លួនបានបង្កើតផ្ទាល់ដៃក្នុងតម្លៃរាប់ពាន់លានដុល្លារ។

 


របាយការណ៍ពីសារព័ត៌មាន Bloomberg នាពេលថ្មីៗនេះបានបង្ហាញថាតារាស្រីរូបស្រស់ Selena Gomez កំពុងពិចារណាលក់អាជីវកម្មគ្រឿងសម្អាងរបស់ខ្លួនគឺក្រុមហ៊ុន Rare Beauty (រែ ប៊ីយូធី) ដែលនាងបានបង្កើតឡើងផ្ទាល់ដៃក្នុងពេលឆាប់ៗនេះហើយ។

 


មានការប៉ាន់ប្រមាណថា អាជីវកម្មរបស់តារាស្រីវ័យ ៣១ឆ្នាំរូបនេះមានតម្លៃប្រហែល ២ពាន់លានដុល្លារអាមេរិក ដែលចាត់ទុកជាចំនួនប្រាក់ដ៏ច្រើនសម្រាប់ម៉ាកយីហោបើកដំណើរការមិនទាន់គ្រប់ ៥ ឆ្នាំ ប៉ុន្តែចំនួននោះអាចឆ្លុះបញ្ចាំងបានថានាងទទួលជោគជ័យខ្លាំងប៉ុណ្ណាលើវិថីមួយនេះ។ 

 


បើយើងក្រឡេកមើលទិន្នន័យសម្រាប់ឆ្នាំ ២០២២ ម៉ាករបស់នាងត្រូវបានទទួលស្គាល់ថាជាម៉ាកយីហោដែលរីកចម្រើនលឿនបំផុតនៅលើបណ្តាញសង្គមដូចជា Instagram និង TikTok។ ក្នុងឆ្នាំ ២០២៣ ក៏មានសេចក្ដីរាយការណ៍ផងដែរថា គ្រាន់តែការលក់គូល័រថ្ពាល់តែមុខ Rare Beauty អាចរកចំណូលបានដល់ ៧០ លានដុល្លារ ។

 

 

ប្រភពព័ត៌មានបានបន្ថែមថា ការសម្រេចចិត្តលក់អាជីវកម្មនេះ អាចមិនមែនដោយសារ Selena មានអារម្មណ៍ហត់នឿយក្នុងវិស័យគ្រឿងសម្អាងអ្វីនោះទេ ប៉ុន្តែគឺជាការពង្រីកឱកាសអាជីវកម្មដើម្បីឈានទៅមុខមួយកម្រិតទៀត ខណៈនាងក៏បានជួលអ្នកប្រឹក្សាដើម្បីពិចារណាជាពិសេសលើសំណើការលក់ និងមានបំណងចូលរួមក្នុងការចរចាដោយខ្លួនឯង ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024