ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller អន្តរជាតិ បានឱ្យដឹងថា កុមារកម្ពុជា ៣២នាក់ក្នុងចំណោម១០០នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភ។ ក្នងនោះមានមូលហេតុជាច្រើនដែលបណ្តាលឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជា រួមមានការផ្តល់អាហារសុខភាពដល់កុមារមិនបានគ្រប់គ្រាន់ ដូចជា ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែម របៀបផ្តល់អាហារដល់កុមារមិនបានត្រឹមត្រូវតាមអាយុនិងតំរូវការរបស់ពួកគេ ការមិនបានយកចិត្តទុកដាក់លើការថែទាំកុមារ ការអនុវត្តអនាម័យនិងទឹកស្អាតមិនបានត្រឹមត្រូវ ការមិនបានទទួលសេវាសុខភាពគ្រប់គ្រាន់ ការផ្លាស់ប្តូរឥរិយាបទនិងទំលាប់ជាដើម។ប្រសាសន៍ លោក ហ៊ូ ក្រើន ៖«បាទ៎ច្បាស់ហើយសម្រាប់ទិន្នន័យ ២០១៤ យើងអត់ទាន់មានទិន្នន័យពេលឥលូវទេ ប៉ុន្ដែតាមទិន្នន័យនេះ គឺ៣២នាក់ ក្នុង ១០០នាក់មាន បញ្ហាកង្វះអាហារូបត្ថម្ភ។
ទីមួយ.តាមរយៈការផ្ដល់អាហារ ដល់កុមារមិនបានត្រឹមត្រូវ មិនបានគ្រប់គ្រាន់ ហើយជាពិសេសនិយាយទាក់ទងនិងទារក និងកុមារវិញ គឺ ការបំបៅដោះទឹកម្ដាយមិនបានពេញលេញ ឬត្រឹមត្រូវ»។ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា បញ្ហាកង្វះអាហារូបត្ថម្ភទាំងនេះ បានផ្ដល់នូវផលវិបាកជាច្រើនចំពោះកុមារផ្ទាល់ គ្រួសារ និងសង្គមជាតិទាំងមូល។ ចំពោះកុមារ ការមិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់ធ្វើឱ្យការលូតលាស់ និងការអភិវឌ្ឍន៍របស់ពួកគេមិនបានពេញលេញ (ក្រិសក្រិន) និងសតិបញ្ញាស្មារតីមិនវាងវៃ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ។
រីឯសុខភាពក៏មិនសូវរឹងមាំ និងងាយឆ្លងជំងឺផ្សេងៗថែមទៀត។ ចំពោះគ្រួសារវិញ ត្រូវខាតបង់ថវិកា និងពេវេលាក្នុងការថែទាំសុខភាពរបស់កូន និងចំពោះសង្គមជាតិវិញ ត្រូវខាតបង់ធនធានមនុស្សដែលជាកម្លាំងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងខាតបង់ថវិកាជាតិលើសេវាសុខាភិបាល ដែលជាឧទាហរណ៍ជាក់ស្តែង ប្រទេសកម្ពុជាបានខាតបង់ប្រមាណ ២៥០លានដុល្លា ក្នុង១ឆ្នាំ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ។ លោកស្រី ស្វាយ សារី មន្រ្ដីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា ការបំបៅទឹក ដោះដល់ទារក និងកុមារ ចាប់ពីអាយុ ០ខែ ទៅ ៦ខែ និងរហូតពី ៦ខែ ដល់ ២ឆ្នាំ ដែលរួមបញ្ចូលនិងអាហារបន្ថែម នឹងជួយឱ្យកុមារកម្ពុជាជៀសផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ ។
ប្រសាសន៍ លោកស្រី ស្វាយ សារី៖«ចឹងក្នុងនេះតាមអនុសាសន៍ណែនាំរបស់ក្រសួងសុខាភិបាលគឺថា ក្រោយពេលសម្រាលម្ដាយហើយភ្លាម ត្រូវដាក់ស្បែកប៉ះស្បែក ដើម្បីឱ្យកូនបៅយកទឹកដោះដំបូង បន្ទាប់ពីសម្រាលនៅក្នុងអំឡុងម៉ោងដំបូង ហើយចំណុចទី២. ត្រូវតែបន្ដការបំបៅកូនដោយទឹកដោះម្ដាយ តែមួយមុខគត់ក្រោមអាយុ ៦ខែ ហើយចំណុចទី៣ ឡើងទៅគឺយើងត្រូវផ្ដល់អាហារបន្ថែម ។ ចឹងអាហារបន្ថែមនេះ មិនមែនជំនួសទឹកដោះម្ដាយទេ គឺបន្ថែមពីលើទឹកដោះម្ដាយ ចឹងម្ដាយត្រូវតែឱ្យកូនបៅ ពីកើតដល់៦ខែពី៦ខែ ចាប់ផ្ដើមផ្ដល់អាហារបន្ថែម រួមជាមួយនិងការបំបៅដោះនោះយ៉ាងតិចអាយុ ២ឆ្នាំ»។
តាមប្រសាសន៍លោកស្រី ស្វាយ សារី នៅក្នុងទឹកដោះម្ដាយ មានជាតិប្រូតេអ៊ីនដែល ជាអាហារសាងសង់សំខាន់ សម្រាប់ការលូតលាស់រាយការកុមារ មានជាតិស្ករឡាក់តូសដែលជួយផ្ដល់កម្លាំងថាមពលដល់កុមារ ។មានជាតិ ខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ ថែរក្សាសីតុណ្ហភាពក្នុងខ្លួន កុមារឱ្យមានលំនឹងក៏ដូចជា ជួយរាងកាយកុមារដើម្បីស្ដុកថាមពលផងដែរ។ ក្រៅពីនេះ ក្នុងទឹកដោះម្ដាយ សម្បូរជីវជាតិ A ជីវជាតិB ជីវជាតិC និងជីវជាតិ D រួមទាំងជាតិរ៉ែខនិជ ជាតិដែក ប៉ូតាស្យូម កាល់ស្យូម និងជាតិទឹក ដែលអាចជួយ អភិវឌ្ឍខួរក្បាល និងសតិបញ្ញាស្មារតីរបស់កុមារ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូរពាក់ពន្ធ័ ធ្វើឱ្យអត្រាកង្វះអាហារូបត្ថម្ភបានធ្លាក់ចុះពី៤០%នៅឆ្នាំ២០១០ មកត្រឹម៣២%ក្នុងឆ្នាំ២០១៤។ទោះបីយ៉ាងណាចំនួននៃការធ្លាក់ចុះនេះនៅមានកម្រិតនៅឡើយ ដូចនេះហើយ ទាំងរាជរដ្ឋាភិបាលកម្ពុជា ដៃគូរពាក់ពន្ធ័ និងសហគមន៍ត្រូវសហការណ៍បន្ថែមទៀតលើបញ្ហានេះ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយអាហារូបត្ថម្ភ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរជាងនេះ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ហ៊ូ ក្រើន នាយករងអង្គការ Hellen Keller អន្តរជាតិ៕
អត្ថបទ៖ ជុំ ជោគជាតា រូបភាព៖ឯកសារ