ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ដើម្បីបញ្ចប់ចម្ងល់ទាក់ទងនឹងរឿងគូដណ្តឹងដែលបានស្រឡាញ់គ្នាជាង ៥ ឆ្នាំមកនេះ ទីបំផុតលោក ខេម បានសម្រេចចិត្តបង្ហាញមុខមាត់ពិត គូដណ្តឹងខ្លួនជាសាធារណៈឱ្យទស្សនិកជនបានដឹងលឺគ្រប់ៗគ្នា ហើយក៏ត្រៀមនឹងមានដំណឹងល្អក្នុងពេលឆាប់ៗខាងមុខផងដែរ ។
ជាច្រើនខែមកនេះអតីតតារាចម្រៀងរបស់ផលិតកម្ម ថោន មិនមានបទចម្រៀងណាផ្ទុះដូចកាលពីឆ្នាំមុនៗទេ ហើយលោកក៏មិនខ្វាយខ្វល់ពីរឿងនេះដែរ ដោយលោកបានចំណាយពេលវេលាដើរកម្សាន្តជាមួយគូដណ្តឹងនៅប្រទេស បារាំង យ៉ាងសប្បាយរីករាយ ។
ថ្វីដ្បិតតែពេលនេះលោក ខេម ត្រឡប់មកដល់ស្រុក ខ្មែរ ជាង ២ ខែ នៅតែពុំទាន់បទចម្រៀងថ្មីបំពេរអារម្មណ៍ទស្សនិកជនដូចកាលពីមុនទៀត រហូតធ្វើឱ្យអ្នកគាំទ្រជា ច្រើនអន្ទះសារ ទន្ទឹងរងចាំបទចម្រៀងថ្មីរបស់លោកគ្រប់ៗគ្នា ។
ទោះជាយ៉ាងនេះក្តី ខេម បានឱ្យដឹងថា លោកទើបតែថតបទចម្រៀងថ្មីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra ត្រៀមចេញជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ លោករំពឹងថា បទចម្រៀងថ្មីនេះនឹងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ហើយក៏ជាបទស្វាគមន៍នៃការវិលត្រឡប់មកកាន់វិថីសិល្បៈឡើងវិញ ក្រោយអាក់ខានអស់ពេលយ៉ាងយូរ ។
ទន្ទឹមនឹងការប្រកាសត្រៀមចេញបទចម្រៀងថ្មី លោក ខេម ក៏បានបង្ហាញមុខមាត់ពិតគូដណ្តឹងដែលបានស្រឡាញ់គ្នាជាង ៥ ឆ្នាំ ឱ្យទស្សនិកជនបានស្គាល់ លោកថែមទាំងបាននិយាយថា នារីម្នាក់នេះហើយដែលតែងតែផ្តល់ស្នាមញញឹម និងយោបល់ដល់លោកគ្រប់ពេលវេលា ។
ក្រោយពីឃើញលោក ខេម ប្រកាសបែបនេះ បានធ្វើឱ្យទស្សនិកជន និង មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនផ្ញើសារជូនពរ លោក ។ ចំពោះរឿងរៀបការវិញ លោក ខេម នៅតែមិនទាន់បង្ហើបពីពេលវេលាច្បាស់លាស់នៃថ្ងៃពិសេសរបស់ខ្លួន លោកបានត្រឹមតែនិយាយថា មិនយូរទៀតទេ ។
លោក ខេម ក៏បានបង្ហាញមុខនៅលើឆាកតន្រ្តីនានាឡើងវិញហើយ នៅបំណាច់ឆ្នាំនេះលោក មានគម្រោងការងារជាច្រើនត្រូវធ្វើជាបន្តបន្ទាប់ អ្វីដែលពិសេសនោះគឺឆ្លៀតពេលទំនេរពីការងារសិល្បៈលោក ខេម ក៏បានចេញមុខផ្សព្វផ្សាយលក់ដីឡូតិ័ឱ្យលោកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយមិត្តរួមអាជីព ដើម្បីពង្រឹងប្រាក់ចំណូល ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក