ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ទោះបីជាមុខរបរចិញ្ចឹមជ្រូកបានធ្វើឱ្យជីវភាពអ្នកនាង ឈួន សុវណ្ណឆៃ កាន់តែធូធារ ប៉ុន្តែអ្នកនាងគ្រោងនឹងបញ្ចប់របរនេះក្នុងពេលឆាប់ៗខាងមុខ ក្រោយពីអ្នកនាងបានបង្កើនមុខជំនួញជាច្រើននៅក្នុងដៃ ។
អ្នកនាង ជាតារាចម្រៀងលេចធ្លោមួយរូបក្នុងវិស័យសិល្បៈ ថ្វីដ្បិតតែអ្នកនាង មិនបានឡើងឆាកច្រៀងដូចមុន ប៉ុន្តែអ្នកនាងតែងតែលេចមុខក្នុងកម្មវិធីជួបជុំសិល្បករនានា ហើយជាញឹកញាប់អ្នកនាងតែងតែចំណាយថវិការផ្ទាល់ខ្លួនដើម្បីផលិត MV ចម្រៀងដើម្បីបំពេញអារម្មណ៍ទស្សនិកជន ជាក់ស្តែងរាល់បទចម្រៀងដែលអ្នកនាងបានចេញនាពេលកន្លងមក ទទួលបានការគាំទ្រយ៉ាងច្រើនមិនចាញ់តារាចម្រៀងអាជីពឡើយ ។ ឆាប់ៗខាងមុខនេះ អ្នកនាង ឈួន សុវណ្ណឆៃ ក៏ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនដើម្បីអបអរឆ្នាំថ្មីដែលនឹងមកដល់នាពេលខាងមុខ ។
ក្រៅពីសិល្បៈ អ្នកនាង ឈួនសុវណ្ណឆៃ ក៏ជាសិល្បការីនីជោគជ័យមួយរូបដែលមានជំនួញជាច្រើននៅក្នុងដៃ ដែលធ្វើឱ្យជីវិតនាងរស់នៅយ៉ាងស្រួលជាមួយកូនជាទីស្រឡាញ់ទាំង ៣ នាក់ គ្រាន់តែកន្លងមកអ្នកនាងមិនបញ្ចេញឱ្យនរណាដឹងពីមុខជំនួញរបស់ខ្លួនឡើយ ភាគច្រើនទស្សនិកជនបានត្រឹមតែដឹងថា អ្នកនាង ឈួន សុវណ្ណឆៃ មានមុខរបរចិញ្ចឹមជ្រូកតែមួយមុខប៉ុណ្ណោះ ។
តារាចម្រៀងរូបនេះបានឱ្យដឹងថា អ្នកនាងមានមុខជំនួញជាច្រើននៅក្នុងដៃ អ្នកដឹងក៏ដឹង អ្នកមិនដឹងក៏តាមហ្នឹងចុះ តែសម្រាប់មុខរបរ ស៊ីចិញ្ចឹមជ្រូកដែលអ្នកនាងបានបើកជាង ១០ ឆ្នាំមកនេះ ក៏ល្មមដល់ពេលជិតបញ្ចប់ដែរ ។ ដោយមានការសោកស្តាយក្នុងមុខរបររកស៊ីមួយនេះ អ្នកនាង ឈួន សុវណ្ណឆៃ គ្រោងនឹងផ្ទេរមុខរបរនេះទៅឱ្យបងប្អូនរបស់ខ្លួនវិញ ដើម្បីមានពេលវេលាច្រើនគិតធ្វើការងារផ្សេងទៀត ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា