ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥

ស្នាដៃនិពន្ធដំបូងពីតារាសម្ដែង និងជាតារាល្បុក្កតោ ពេជ្រ ចរណៃ ត្រូវផលិតជាភាពយន្ត!

១៥ ធ្នូ ២០២១ | កម្សាន្ដ

 


តារាសម្តែងរូបស្រស់ និងជាគ្រូជំនាញផ្នែកល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ ថ្មីៗនេះទើបបញ្ចេញផ្ទាំងផ្សព្វផ្សាយពីរឿងថ្មីមួយ ចំណងជើងថា «ល្បុក្កតោ»។រឿង «ល្បុក្កតោ» នេះដែរ ត្រូវកញ្ញា ពេជ្រ ចរណៃ ទម្លាយប្រាប់ឱ្យដឹងថា គឺជាស្នាដៃតែងនិពន្ធផ្ទាល់ខ្លួនដែលបានចំណាយពេល៣ឆ្នាំមកហើយក្នុងការតែងនិពន្ធស្នាដៃនេះ ទើបពេលនេះដែលរឿងដែលកញ្ញាតែងនិពន្ធត្រូវយកមកផលិតជាភាពយន្ត ក្រោមការជួយជ្រោមជ្រែងលើបច្ចេកទេសថត និងផ្នែកហិរញ្ញាវត្ថុ ពីលោក ធីម ប៉ិក ដែលលោក គឺជាផលិតករមានបទពិសោធន៍ច្រើនក្នុងវិស័យភាពយន្ដ និងជា Director online មានឈ្មោះល្បីល្បាញលើស្នាដៃជាច្រើនផងដែរ។ លោក ធីម ប៉ិក ជាកូនខ្មែររស់នៅប្រទេស Australia។

 


ផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខឱ្យភីអិនអិនថ្មីៗនេះ តារាសម្តែងរូបស្រស់នេះថា៖ «នៅក្នុងសាច់រឿង «ល្បុក្កតោ» ចង់និយាយអំពីប្រវត្តិ ឈ្មោះ និងក្បាច់ស្នៀតនៃក្បាច់គុនបុរាណខ្មែរល្បុក្កតោ។ កន្លងមកកូនខ្មែរយើងស្គាល់ថាក្បាច់គុនល្បុក្កតោជាក្បាច់គុនបុរាណ ប៉ុន្តែគ្រប់គ្នាមិនបានដឹងច្បាស់ពីឈ្មោះ ស្នៀត និងក្បាច់នោះទេ ដោយសារក្បាច់គុនលើពិភពលោកនេះមានដូចគ្នាច្រើនណាស់ ដាល់ កែង ជង្គង់ទាត់ ប៉ុន្តែមិនបានដឹងទេថាក្បាច់គុនខ្មែរពិសេសហើយប្លែកខុសគេត្រង់ចំនុចណាខ្លះ»។

 


ឈ្មោះក្បាច់គុន ស្នៀតពិសេសៗ សាហាវៗ ដែលមានគ្រោះថ្នាក់ របស់ក្បាច់គុនខ្មែរបុរាណជាច្រើនប្រភេទផ្សេងៗគ្នា ត្រូវបានតារាសម្តែងស្រីរូបនេះ លើកមកបំផុសក្នុងសាច់រឿងនេះ។ តួអង្គសំខាន់ៗក្នុងរឿង «ល្បុក្កតោ» ចំនួន ៣នាក់ រួមមាន កញ្ញា ពេជ្រ ចរណៃ លោក ចន សក្ក និងលោក ឡៅ បញ្ញា ដែលអ្នកទាំង៣ដើរតួជាអ្នកការពារវត្ថុបុរាណខ្មែរ។ បន្ថែមពីនោះក៏មានវត្តមាន លោកគ្រូគុនល្បុក្កតោក្រមារមាស សាន គីមស៊ាន លោក DEREK BIDAUT ជាតារាសម្ដែងជនជាតិបារាំង លោក CHIKERE BERNARD គឺជាតារាសម្ដែងជនជាតិស្បែកខ្មៅ រួមទាំង តារាកិត្តិយសជាច្រើនរូបទៀតផងដែរ។

 


ភាពយន្ដរឿង «ល្បុក្កតោ» នឹងឆ្លុះបញ្ចាំងពីការតស៊ូរបស់កូនខ្មែរដោយប្រើប្រាស់ក្បាច់គុនល្បុក្កតោ ក្នុងការការពារទ្រព្យសម្បត្តិពីបុរាណរបស់ដូនតាខ្មែរ ពីដៃឈ្មួញបរទេសដែលព្យាយាមឈ្លានពាន ពិសេសក្រុមអ្នកជួញដូរវត្ថុបុរាណចេញទៅបរទេស។ ពេលនះ រឿង «ល្បុក្កតោ» ថតបានត្រឹមតែជា Demo ដែលជាវីដេអូ Trailer ខ្លី ជាការបង្ហាញពីសាច់រឿងសិនតែប៉ុណ្ណោះ ក្នុងគោលបំណងស្វែងរកម្ចាស់ជំនួយពិត ហ៊ានផ្ដត់ផ្គង់ដល់ការផលិតជារឿងដុំទាំងមូលតាមអ្វីដែលកញ្ញា ពេជ្រ ចរណៃ បានតាក់តែងនិពន្ធឡើង។

 


ចរណៃ ឱ្យដឹងបន្តថា៖ «ក្នុងការថតរឿងនេះយើងក៏ជួបឧបសគ្គច្រើនដែរ មានឈុតភ្នាត់ស្នៀត មុតរបួសឈាមដៃឈាមជើង ថ្លោះ គ្រិចជាដើម។ យើងថត Demo នេះ គឺត្រឹមរយៈពេល២ថ្ងៃទេ ហើយពេលកាត់រួចរាល់ យើងនឹងចាក់ផ្សាយ និងប្រកាសរកអ្នកស្រឡាញ់ ដែលគាត់មានលទ្ធភាពចង់ផលិតរឿងនេះឱ្យចេញជារឿងខ្នាតធំបាន។ ពេលនេះយើងមានសាច់រឿង ឆ្អឹងរឿង តួអង្គសព្វគ្រប់ហើយ ប៉ុន្តែយើងអត់មានលទ្ធភាពក្នុងការចំណាយផលិតឱ្យក្លាយទៅជារឿងចេញមកពេញលេញតែម្តង។»

 


ពេជ្រ ចរណៃ ប្រាប់ទៀតថា បើនិយាយពីខ្ទង់ចំណាយក្នុងការផលិតរឿងនេះទាំងមូលឱ្យចេញជាខ្សែភាពយន្តដុំតាមអ្វីដែលនាងបានគ្រោងនោះ គឺមិនតិចជាង ៩ ទៅ ១០ ម៉ឺនដុល្លារទេ ដែលទំហំនេះត្រូវទុកជាទំហំចំណាយដ៏ធំមួយ។

 


រឿង «ល្បុក្កតោ» គ្រោងចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការ កញ្ញា ពេជ្រ ចរណៃ នៅដើមឆ្នាំ២០២២ ខាងមុខនេះ។ កុំភ្លេចរង់ចាំតាមដានទស្សនារឿង រឿង «ល្បុក្កតោ» ដើម្បីចូលរួមផ្សព្វផ្សាយឱ្យពិភពលោកស្គាល់ក្បាច់គុនល្បុក្កតោខ្មែរឱ្យបានកាន់តែច្បាស់ និងដើម្បីជាការលើកទឹកចិត្តដល់កញ្ញា ពេជ្រ ចរណៃ និងក្រុមការងារ។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025