ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥

ប្រទេសថៃ ពេញចិត្តលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា

១០ ​វិច្ឆិកា ២០២១ | សេដ្ឋកិច្ច


កាលពីពេលថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើក្របខ័ណ្ឌការចរចា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដោយសង្ឃឹមថា កតិកាសញ្ញានេះ នឹងជួយបើកច្រកផ្លូវសម្រាប់ប្រទេសថៃ ចូលទៅក្នុងប៉ែកអាមេរិកខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។

 


អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ កាត់បន្ថយឧបសគ្គពីពន្ធគយ និងរបាំងមិនមែនពន្ធ ព្រមទាំងលើកកម្ពស់វិស័យសេវាកម្មរវាងសមាជិកអាស៊ាន និងកាណាដា។


ក្របខណ្ឌកិច្ចចរចានេះ នឹងគ្របដណ្តប់លើវិធានការពាណិជ្ជកម្ម ការការពារ និងដំណោះស្រាយ ច្បាប់នៃប្រភពដើម នីតិវិធីគយ ការសម្របសម្រួលពាណិជ្ជកម្ម ស្តង់ដារអនាម័យ ការអនុវត្តលើច្បាប់ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគជាដើម។ 


លេខាធិការដ្ឋានអាស៊ាន ធ្លាប់បានសិក្សារកឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន និងកាណាដា អាចនឹងជម្រុញ GDP របស់ប្រទេសថៃ ឲ្យកើនឡើងជិត ៨ពាន់លានដុល្លារអាមេរិក ឬកើនឡើង ២% ខណៈ GDP របស់អាស៊ាន នឹងកើនឡើង ៤០ពាន់លានដុល្លារ ឬប្រមាណ ១,៦%។


យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះអាចជំរុញ GDP របស់ប្រទេសកាណាដា ជាង ៥ពាន់លានដុល្លារអាមេរិក កើនឡើង ០.៣% ។កាលពីឆ្នាំ ២០២០កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងកាណាដា មានចំនួនសរុប ២ពាន់លានដុល្លារអាមេរិក ដោយការនាំចេញរបស់ថៃសរុបមានចំនួន ១ពាន់ ៥រយលានដុល្លារអាមេរិក កើនឡើង ខណៈការនាំចូលមានចំនួនជាង ៧០០លានដុល្លារអាមេរិក។


បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន និងកាណាដា អាចបង្កើតទំនាក់ទំនងនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសថៃ ទៅកាន់ប៉ែកអាមេរិកខាងជើង ឬជាច្រកទៅកាន់តំបន់ដែលប្រទេសថៃមិនទាន់ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយ។សូមជម្រាបថា បច្ចុប្បន្ននេះ ប្រទេសថៃ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៣ ក្នុងដៃហើយ ជាមួយនឹងបណ្តាប្រទេសចំនួន ១៨៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025