ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
តាំងពីប្រលូកចូលសិល្បៈ តារាចម្រៀង វី ឌីណែត មិនធ្លាប់បង្ហាញថា ខ្លួនមានជំងឺប្រចាំកាយឡើយ ទើបតែថ្មីៗនេះជំងឺពកកដែលបានកើតឡើងជាច្រើនឆ្នាំមកនោះកំពុងធ្វើទុក្ខបុកម្និញដល់សុខភាពនាង ដែលបង្កឱ្យមានការព្រួយបារម្ភជាខ្លាំង ព្រោះអាចប៉ះពាល់ដល់អាជីពរបស់ខ្លួន ។
ទើបតែឡើងឆាកច្រៀងឡើងវិញមិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀង វី ឌីណែត បង្ហាញការព្រួយបារម្ភជាខ្លាំង នៅពេលជំងឺពកករបស់ខ្លួនចាប់ផ្តើមធ្វើទុក្ខឡើងវិញដែលតម្រូវឱ្យនាងត្រូវប្រើថ្នាំអស់មួយជីវិត ។
វី ឌីណែត ជាតារាចម្រៀងមួយរូបដែលប្រើសម្លេងខ្លាំងបានយ៉ាងល្អ មិនថាបទចម្រៀងមនោរសញ្ចេតនា ឬបទញាក់កន្រ្តាក់អារម្មណ៍ នាងស្រែកច្រៀងបានយ៉ាងល្អ ពិបាកនិងរកគូប្រកួតណាស់ ដូច្នេះហើយទើបរាល់ពេលមានកម្មវិធីធំៗតែងតែមានវត្តមានរបស់នាង ។ នាងទើបតែវិលត្រឡប់ទៅកាន់វិថី សិល្បៈឡើងវិញក្រោយពីអាក់ខានជាច្រើនខែដោយសារឆ្លងជំងឺកូវីដ ១៩ ។
ស្របពេល វី ឌីណែត វិលត្រឡប់ទៅកាន់ឆាតតន្រ្តីឡើងវិញ ស្រាប់តែតារាចម្រៀងរូបនេះ បង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តថា នាងកំពុងព្រួយបារម្ភចំពោះបញ្ហាសុខភាពរបស់ខ្លួន ពីព្រោះនាងមានជំងឺ ពកកជាច្រើនឆ្នាំមកហើយ ទើបតែធ្វើទុក្ខខ្លាំងក្នុងពេលថ្មីៗនេះ ដែលអាចប៉ះពាល់ដល់អាជីពរបស់ខ្លួនផងដែរ ។
ទោះបីជាមានការព្រួយបារម្ភចំពោះសុខភាពរបស់ខ្លួនក្តី តារាចម្រៀង វី ឌីណែត ពុំទាន់មានគម្រោងនឹងចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសនៅឡើយទេ ដោយសារស្ថានភាពស្រុកទេសមិនទាន់អំណោយផលល្អ ម្យ៉ាងវិញទៀត នាងបានទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញក្នុងស្រុករួចរាល់ហើយ ជាលទ្ធផលគេតម្រូវឱ្យនាងប្រើថ្នាំអស់មួយជីវិត ។ សម្រាប់អាជីពចម្រៀងវិញ វី ឌីណែត នៅតែបន្តអាជីពនេះដូចដើម ប្រសិនបើមានអ្វីធ្ងន់ធ្ងរ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ