ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

ព្រះនាងជប៉ុនចាកចេញពីវាំងក្រោយរៀបអភិសេកជាមួយសាមញ្ញជន ខណៈប្រជាជនធ្វើការតវ៉ា

២៧ តុលា ២០២១ | កម្សាន្ដ

 

ព្រះនាង Mako (ម៉ាកូ) បានចាកចេញពីរាជវាំងជប៉ុនកាលពីថ្ងៃទី២៦ ខែតុលា បន្ទាប់ពីរៀបអភិសេកជាមួយគូស្នេហ៍ជាសាមញ្ញជនបានសម្រេច និងឆ្លងកាត់រឿងរ៉ាវជាច្រើនរួចមក។

 


ព្រះនាង Mako (ម៉ាកូ) ដែលត្រូវជាក្មួយស្រីរបស់ព្រះចៅអធិរាជជប៉ុន បានរៀបអភិសេកជាមួយគូស្នេហ៍របស់ខ្លួនជាផ្លូវការកាលពីដើមសប្ដាហ៍កន្លងទៅ ដែលមានន័យថាទ្រង់បានសម្រេចចិត្តបោះបង់ឋានៈជាព្រះនាង និងត្រូវចេញទៅរស់នៅជាសាមញ្ញជនចាប់ពីពេលនេះ។

 

 

គួររំលឹកថាចំណងស្នេហារវាងព្រះនាង Mako និងស្វាមីជាសាមញ្ញជនមានឈ្មោះថា Kei Komuro (ខី កូម៉ូរ៉ូ) ធ្លាប់ទទួលបានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋជប៉ុនកាលពីបួនឆ្នាំមុន។ ប៉ុន្តែក្រោយពីមានកាសែតបានចេញផ្សាយពីរឿងអាស្រូវហិរញ្ញវត្ថុជុំវិញម្ដាយរបស់លោក Komuro (កូម៉ូរ៉ូ) មហាជនបាននាំគ្នាធ្វើការតវ៉ាចំពោះចំណងស្នេហ៍របស់ព្រះនាង Mako និងបានធ្វើឲ្យពិធីរៀបអភិសេកត្រូវបានលើកពេលទៀតផង។

 

 

ក្រោយពីផ្ទុះចេញរឿងរ៉ាវជាច្រើនKomuro (កូម៉ូរ៉ូ) ក៏បានសម្រេចចាកចេញពីប្រទេសជប៉ុន ដើម្បីទៅបន្តការសិក្សាផ្នែកច្បាប់នៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក និងដើម្បីឲ្យរឿងរ៉ាវបានស្ងប់រហូតដល់ខែកញ្ញា ឆ្នាំ២០២១ លោកក៏បានវិលត្រឡប់វិញ។ ក្រោយការវិលត្រឡប់ពីសហរដ្ឋអាមេរិកព្រះនាង Mako (ម៉ាកូ) និង Kei Komuro (ខី កូម៉ូរ៉ូ) បានសម្រេចថានឹងរៀបអភិសេកលែងលើកពេលតទៀត ទោះបីជានៅមានការតវ៉ាពីមហាជនមួយចំនួនក៏ដោយក្ដី។ 

 

 

ការរៀបអភិសេករបស់គូស្នេហ៍ខុសឋានៈមួយគូនេះមិនមានរៀបចំជាកម្មវិធីធំដុំអ្វីឡើយ ហើយអ្នកទាំងពីរបានសម្រេចថានឹងផ្លាស់ទៅរស់ទីក្រុងញ៉ូវយក ដើម្បីកសាងជីវិតបែបសាមញ្ញមួយដែលពោរពេញដោយក្ដីសុខ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025