ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥

នាយ ព្រែក បកស្រាយទំនាក់ទំនងរបស់ខ្លួនជាមួយតារាវ័យក្មេង ឈិន មុន្នីនាថ

២៨ កញ្ញា ២០២១ | កម្សាន្ដ


 

ទីបំផុត នាយ ព្រែក ដាច់ចិត្តស្រាយឲ្យដឹងពីទំនាក់ទំនងរវាងលោក និងតារាសម្តែងស្រីល្បីឈ្មោះវ័យក្មេង កញ្ញា ឈិន មុន្នីនាថ ហើយ ក្រោយពីទុកឲ្យមហាជន និងអ្នកគាំទ្រមានមន្ទិលសង្ស័យអស់រយៈពេលជាយូរ។

 


សម្រាប់ប្រិយមិត្តអ្នកនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈពិតជ្រាបច្បាស់ហើយថា រយៈពេលចុងក្រោយនេះ ពិធីករពូកែវោហារសព្ទដែលមានឈ្មោះពិត ខេង រតនៈ ហៅ នាយ ព្រែក និងតារាសម្តែងស្រីល្បីឈ្មោះ កញ្ញា ឈិន មុន្នីនាថ បានបង្ហាញសកម្មភាពស្និទ្ធស្នាលជាមួយគ្នាកាន់តែខ្លាំងឡើង ធ្វើឲ្យទស្សនិកជនមួយចំនួនកើតការសង្ស័យ និងគិតថាអ្នកទាំងពីរទំនងកំពុងមានទំនាក់ស្នេហាជាមួយគ្នា។ កន្លងមក អ្នកទាំងពីរពុំធ្លាប់បកស្រាយពីទំនាក់ទំនងរបស់ខ្លួនឲ្យចំៗនោះទេ ត្បិតមានការជជែកសួរនាំជាច្រើនលើកច្រើនសារពីអ្នកគាំទ្រ និងអ្នកសារពត៌មានក្នុងស្រុកយ៉ាងណាក្តី។ 

 

 

ថ្វីបើគ្មានការបកស្រាយ ក៏គេនៅតែឃើញអ្នកសិល្បៈទាំងពីររូបនេះ បង្ហាញភាពសិទ្នស្នាលជាមួយគ្នាជាហូរហែរ។ ជាក់ស្តែងរយៈពេលចុងក្រោយនេះ ភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរហាក់កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ដោយជារឿយៗគេតែឃើញ នាយ ព្រែក និង កញ្ញា ឈិន មុន្នីនាថ បង្ហោះរូបភាពផ្អែមល្ហែមលើបណ្តាញសង្គមហ្វេសប៊ុក អ៊ីនស្ត្រាក្រាម និងវីដេអូក្នុងកម្មវិធី Tik Tok ផ្លូវការរបស់អ្នកទាំងពីរ។

 

 

កន្លងមកថ្មីៗនេះ អ្នកទាំងពីរតែងបណ្តើរគ្នាយ៉ាងត្រសង មិនថាកន្លែងញ៉ាំអី និងចូលរួមកម្មវិធីកម្សាន្តផ្សេងៗ។ ជាងនេះទៅទៀត គេឃើញអ្នកទាំងពីរមានការបកស្រាយចម្រៀងរួមគ្នាជាញឹកញយ ដើម្បីចែកឲ្យមហាជនបានស្តាប់កម្សាន្តផងដែរ។កាន់តែកត់សម្គាល់នោះ អ្នកទាំងពីរតែងតែប្រើប្រាស់ពាក្យសម្តីផ្អែមល្អែមក្នុងថ្ងៃពិសេសេរបស់គ្នាទៅវិញទៅមកថែមទៀតផង។ តួយ៉ាង សូម្បីតែរបស់ប្រើប្រាស់ដូចជា នាឡិកា របស់អ្នកទាំងពីរក៏ត្រូវអ្នកគាំទ្រកត់សម្គាល់ថា ដូចគ្នាស្ទើរបេះបិទតែម្តង។

 

 

ដើម្បីស្រាយចម្ងល់ និងមន្ទិលសង្ស័យទាំងអម្បាលមាណរបស់អ្នកគាំទ្រ នាយ ព្រែក កាលពីពេលថ្មីៗនេះ ទើបផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារជីវិតកម្សាន្តភីអិនអិន អំពីរឿងរ៉ាវ និងទំនាក់ទំនងរបស់ខ្លួន និងកញ្ញា ឈិន មុន្នីនាថ ដោយលោកបានទទួលថា សម្រាប់ទំនាក់ទំនងលោក និងកញ្ញា ឈិន មុន្នីនាថ នៅពេលនេះ គឺអាចថាលើសពីមិត្តភក្តិមួយលេខ ចំណែកស្នេហាក៏មួយលេខដូចគ្នាដែរ។

 


យ៉ាងណាមិញ ខាងលើនេះជាការបកស្រាយរបស់ នាយ ព្រែក តែសម្រាប់ភាគីកញ្ញា ឈិន មុន្នីនាថ វិញនោះ គឺនៅពុំទាន់មានការបញ្ជាក់អ្វីនៅឡើយទេនៅពេលនេះ។
គួរបញ្ជាក់ដែរថា កញ្ញា ឈិន មុន្នីនាថ តារាសម្តែងស្រីវ័យក្មេងរលកក្រោយ និងជាកូនស្រីបណ្តូលចិត្តរបស់អតីតតារាចម្រៀងជើងចាស់ លោក ឈិន កុសល កំពុងតែបោះពួយចូលវិថីសិល្បៈពេញទំហឹង ទាំងសម្តែងភាពយន្ត និងចម្រៀង ហើយសាងកេរ្តិ៍ឈ្មោះល្បីគួរឱ្យកត់សម្គាល់ពីមហាជន។ 

 


នាមួយរយៈពេលចុងក្រោយនេះ ក្រោយពីបែកគូស្នេហ៍ខ្លួនមកនោះ គេឃើញពិធីករទូរទស្សន៍ នាយ ព្រែក ឧស្សាហ៍បង្ហាញភាពស្និទ្ធស្នាលជាប់រហូតនឹងតារាសម្តែងរូបស្រស់ តួឯកស្រីពីរជំនាន់រឿង អ្នកម៉ាក់វ័យក្មេង របស់ភីអិនអិន កញ្ញា ឈិន មុន្នីនាថ ខណៈអ្នកទាំង ២ តែងតែបង្ហោះរូបស្និទ្ធដូចគូស្នេហ៍ គួរឱ្យកើតសេចក្តីសង្ស័យពីមហាជនម្តងហើយម្តងទៀត ទើបពេលនេះប៉ុណ្ណោះដែល នាយ ព្រែក ចេញមុខមកធ្វើការបកស្រាយឱ្យដឹងពីទំនាក់ទំនងមួយនេះ។

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង Instagram, Tik Tok

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025