ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១នេះ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ២ របស់ប្រទេសឡាវ ដោយសម្រេចនូវទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ២ពាន់ ៣រយលានដុល្លារអាមេរិក ខណៈប្រទេសចិន ក៏ជាអ្នកវិនិយោគច្រើនជាងគេបង្អស់នៅក្នុងប្រទេសឡាវផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ កាលពីពេលថ្មីៗនេះ។
នៅក្នុងរយៈពេល ៨ខែកន្លងទៅនេះ ប្រទេសឡាវ សម្រេចនូវការនាំចេញទំនិញប្រមាណ ១ពាន់ ៥រយលានដុល្លារអាមេរិក ទៅកាន់ប្រទេសចិន និងនាំចូលមកវិញជិត ៩រយលានដុល្លារអាមេរិក ដែលធ្វើឲ្យឡាវ សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ៦រយលានដុល្លារអាមេរិក។
នៅក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ៥ របស់ប្រទេសឡាវ គឺ ចិន កាន់កាប់ចំណែកនៃការនាំចេញទំនិញរបស់ឡាវ ច្រើនជាងគេ ហើយបន្ទាប់ពីនោះ គឺមានប្រទេសថៃ វៀតណាម អាល្លឺម៉ង់ និងអាមេរិក។
មុខទំនិញសំខាន់ៗ ដែលឡាវ នាំចេញទៅកាន់ចិន រួមមាន រ៉ែទង់ដែង និងផលិតផលកសិកម្ម ជាពិសេស អង្ករ កៅស៊ូ និងដំឡូងមី ហើយឡាវ ក៏នាំចូលមកវិញនូវ ផលិតផលដែក ឧបករណ៍មេកានិច និងគ្រឿងបង្គុំអគ្គិសនីជាដើម។
យ៉ាងណាក៏ដោយចុះ ប្រទេសឡាវ បានចូលរួមក្នុងបណ្តាញទំនាក់ទំនងជាមួយ បណ្តាប្រទេសក្នុងតំបន់អាស៊ាន ចិន និងអឺរ៉ុប ហើយនៅពេលដែល ផ្លូវដែកតភ្ជាប់ប្រទេសឡាវ និងចិន បើកដំណើរការ ឡាវ រំពឹងនឹងទទួលបានឱកាសពាណិជ្ជកម្ម និងវិនិយោគបន្ថែម ជាបន្តបន្ទាប់។
សូមជម្រាបថា កាលពីឆ្នាំ ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសចិន និងឡាវ សម្រេចបានជាង ២ពាន់ ៦រយលានដុល្លារអាមេរិក ដោយ ឡាវ សម្រេចនូវអតិរេកពាណិជ្ជកម្ម ៣៤០លានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ