ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
តារាចម្រៀងសប្បុរស្រអែម សុខ ស្រីនាង បានបែកបាក់ជីវិតគូអស់ពេល ៩ ឆ្នាំហើយ តែនាងនៅមិនទាន់រកបានគូស្រករថ្មីទៀតនោះទេ បើទោះបីជាមិត្តភក្តិរួមជំនាន់បានរៀបការនិងមានកូនចៅជាបន្តបន្ទាប់ ។
តារារួមជំនាន់បានរៀបការ និងមានកូនចៅជាបន្តបន្ទាប់ ប៉ុន្តែតារាចម្រៀងស្រគត់ស្រគុំ សុខ ស្រីនាង បែរជាសុខចិត្តនៅម្នាក់ឯង មិនទាន់ប្រាថ្នាជីវិតគូជាលើកទី ២ ក្រោយបែកបាក់គ្រួសារអស់រយៈ ពេល ៩ ឆ្នាំ ។
តារាចម្រៀងរូបនេះ មានឈ្មោះជាមេម៉ាយរយៈពេល ៩ ឆ្នាំមកហើយ តែនាងហាក់មិនខ្វល់ខ្វាយពីជីវិតគូស្រករជាលើកទី ២ ឡើយ។ ផ្ទុយទៅវិញនាងបែរជារីករាយជាមួយជីវិតនៅម្នាក់ឯង និងធ្វើការរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯងផ្ទាល់។
ជាក់ស្តែងរាល់ពេលទៅចូលរួមកម្មវិធីជួបជុំម្តងៗ តារាចម្រៀងរូបនេះតែងតែទៅម្នាក់ឯង ខុសប្លែកពីមិត្តភក្តិផ្សេងទៀតបណ្តើរដៃគូទៅចូលរួមយ៉ាងត្រសង ។ ចំពោះរឿងជ្រើសរើសជីវិតគូជាថ្មីនេះ សុខ ស្រីនាង បញ្ជាក់ថា ការរស់នៅម្នាក់ឯង មិនមែនជារឿងអាក្រក់នោះទេ សំខាន់យើងចេះរកសេចក្តីសុខឱ្យខ្លួនឯង ។
ទោះបីជា សុខ ស្រីនាង ជាតារាចម្រៀងស្រគត់ស្រគុំ តែនាងមានមន្តស្នេហ៍មិនធម្មតាទេ មានបុរសក្នុងនិងក្រៅប្រទេសជាច្រើនស្រឡាញ់ពេញចិត្ត ចង់បាននាងធ្វើជាគូ គ្រាន់តែនាងមិនព្រមជ្រើសរើស យកនរណាម្នាក់មកធ្វើជាគូប៉ុណ្ណោះ ដោយសារនាងខ្លាចជួបរឿងបែកបាក់ដូចជាស្នេហាដំបូង ។ ចាប់តាំងបែកបាក់ស្នេហ៍មក សុខ ស្រីនាង មិនធ្លាប់ពើបប្រទះរឿងអាស្រួវស្នេហាទៀតឡើយ ។
មកទល់ពេលនេះ សុខ ស្រីនាង បានប្រលូកក្នុងសិល្បៈរយៈពេលជាង ១៦ ឆ្នាំហើយ នាងបានចូលច្រៀងក្នុងផលិតកម្មជាច្រើន តែចុងក្រោយនេះនាងច្រៀងនៅក្នុងផលិតកម្ម រស្មីហង្សមាស ដែលមានបទចម្រៀងល្បីៗជាច្រើនកំពុងអង្រួញបេះដូងយុវវ័យ មិនតែប៉ុណ្ណោះនាងធ្លាប់សម្តែងនៅក្នុងរឿង « រាជនីភូមិគ្រឹះ » និងរឿង « ខ្ញុំមានញាណលើស » ។
ស្នាដៃទាំងពីរនេះធ្វើឱ្យ សុខ ស្រីនាង កាន់តែលេចធ្លោខ្លាំងក្នុងវិស័យសម្តែង ឆាប់ៗខាងមុខនេះ សុខ ស្រីនាង នឹងលេចមុខនៅក្នុងរឿងថ្មីមួយទៀតផងដែរ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក