ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២

ឆន សុវណ្ណារាជ វិលទៅថតចម្រៀង និងបើកអាជីវកម្មថ្មី ក្រោយពេលកាន់ទុក្ខម្ដាយជាងមួយខែ   

១៧ មិថុនា ២០២១ | កម្សាន្ដ

ថ្វិដ្បិតតែមិនទាន់ដុះសក់ឡើងវិញ តែតារាចម្រៀងលោក ឆន សុវណ្ណារាជ បានវិលចូលទៅថតបទចម្រៀងវិញហើយ និងថែមទាំងបើកអាជីវកម្មថ្មីមួយទៀតផង ក្រោយអាក់ខានមួយរយៈព្រោះតែកាន់ទុក្ខម្ដាយ។ 


ក្រោយកាន់ទុក្ខម្ដាយអស់ជិតមួយខែ ពេលនេះ តារាចម្រៀងលោក ឆន សុវណ្ណារាជ បានវិលត្រឡប់មកកាន់ក្បាលមេក្រូឡើងវិញហើយ ដើម្បីបំពេរអារម្មណ៍ទស្សនិកជន មិនតែប៉ុណ្ណោះលោកថែមទាំងបានបើកអាជីវកម្មថ្មីមួយបន្ថែមទៀត ។ 

 

ថ្មីៗនេះលោក ឆន សុវណ្ណារាជ បានប្រកាសទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា លោកបានវិលត្រឡប់ទៅ ថតចម្រៀងដូចដើមវិញហើយ ហើយបទចម្រៀងរបស់លោកនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយអាក់ខានមួយរយៈ ។

 

ទោះបីជាលោក ឆន សុវណ្ណារាជ ប្រកាសវិលត្រឡប់មកកាន់ វិស័យចម្រៀងវិញវិញក្តី តែលោកនៅពុំទាន់ឡើងឆាកច្រៀង ឬបង្ហាញខ្លួនក្នុងក្បាច់រាំញាក់កន្រ្តាក់អារម្មណ៍ជាមួយបទចម្រៀងណាមួយទេ ដោយសារខ្លួននៅកាន់ទុក្ខម្តាយ ណាមួយក្បាលលោកនៅពុំទាន់ដុះសក់វែងដូចមុន ក្រោយពីលោកកោសក់សាងផ្នួស ជាក់ស្តែងពេលចេញក្រៅម្តងៗលោកត្រូវពាក់មួកជាប់ជាប្រចាំ ភាគច្រើនលោកទៅតែថតបទចម្រៀងនៅក្រុមហ៊ុនប៉ុណ្ណោះ ។   

 


ជាច្រើនឆ្នាំក្នុងសិល្បៈលោក ឆន សុវណ្ណារាជ នៅតែមានអ្នកស្រឡាញ់ និងគាំទ្រស្នាដៃរបស់លោក ច្រើនជាហូរហែ មិនថា បទចម្រៀង ឬ ភាពយន្ត ឡើយ សូម្បីតែអ្នកអ្នកនៅក្រៅប្រទេស នៅតែចង់ឱ្យ លោកចេញទៅសម្តែងដូចកាលពីប៉ុន្មានមុន ។

 

 

ស្របពេលពង្រឹងការងារសិល្បៈឡើងវិញបុរសសង្ហារ ឆន សុវណ្ណារាជ ក៏បានងាកមកបើកអាជីវកម្មថ្មីមួយទៀត កាលពីពាក់កណ្តាលខែ មិថុនា នេះ ដោយលោកសង្ឃឹមថា អាជីវកម្មថ្មីនេះនឹងមានអ្នកគាំទ្រច្រើន និងជួយពង្រឹងជីវភាពខ្លួនឱ្យកាន់តែល្អប្រសើរ បន្ថែមពីលើអាជីពសិល្បៈ ។

 


កន្លងមកលោក ឆន សុវណ្ណារាជ ក៏ធ្លាប់និយាយផងដែរថា ទៅថ្ងៃអនាគតលោកមានគម្រោងបើកអាជីវកម្មរកស៊ីជាច្រើន នៅពេលោកមានគ្រួសារ ពីព្រោះមិនអាចពឹងលើអាជីពចម្រៀងមួយមុខបានទេ ពេលនេះលោកបានបើកអាជីវកម្មទាំងនោះជាបណ្តើរៗហើយ ៕  

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN 

 

Copyright © 2016 PNN NEWS. All Rights Reserved.