ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

ជិតដល់ថ្ងៃសម្រាលកូន ឆុំ វត្តី សុំដើរលេងឱ្យអស់ចិត្តសិន 

០២ មិថុនា ២០២១ | កម្សាន្ដ

កៀកថ្ងៃសម្រាលកូនហើយតែតារាសម្តែង ឆុំ វត្តី នៅឆ្លៀតពេលវេលាដើរកម្សាន្តដើម្បីបន្ធូរអារម្មណ៍ ។ 

 

 

ស្រ្តីមានផ្ទៃពោះភាគច្រើនពេលដែលត្រៀមខ្លួនសម្រាលកូន ម្នាក់ៗសំងំនៅផ្ទះមិនចេញទៅក្រៅឆ្ងាយឡើយ ដោយសារខ្លាចជួបនូវបញ្ហានានាដោយចៃដន្យ តែសម្រាប់តារាសម្តែង ឆុំ វត្តី ចាប់តាំងពីមានផ្ទៃពោះមកនាង និងគ្រួសារ តែងតែចំណាយពេលវេលាដើរកម្សាន្តតាមខេត្ត និងតាមតំបន់ទេសចរនានា ជាក់ស្តែងកាលពីពេលថ្មីៗនេះ កៀកនឹងថ្ងៃសម្រាលកូនហើយ នាងនៅឆ្លៀតទៅបង្អួតសម្រស់នៅខេត្ត ដែលមានទេសភាពស្រស់ស្អាតៗគួរជាទីគយគន់ ។

 

 

តាមរយៈរូបភាពជាច្រើនដែល ឆុំ វត្តី បានបង្ហាញអ្នកគាំទ្រនេះ គឺនាងបានឆ្លៀតពេលវេលាទៅដើរកម្សាន្តនៅខេត្ត កំពត ជាមួយគ្រួសារ មើលទៅពិតជាផ្អែមល្ហែមណាស់ សូម្បីតែអ្នកគាំទ្រក៏លាន់មាត់សរសើរមិនដាច់ពីមាត់ ។ 

 

 

ឆុំ វត្តី បាននិយាយថា  ជិតដល់ថ្ងៃនាងសម្រាលកូនហើយ ដូច្នេះត្រូវដើរឱ្យ ហើយ ព្រោះពេលសម្រាលកូនរួច មិនដឹងមានពេលវេលាណាអាចដើរទៅកន្លែងស្អាតៗទៀតទេ។  សម្រាប់ដំណើរកម្សាន្តពេលនេះប្រហែលជាលើកចុងក្រោយសម្រាប់នាង មុននឹងត្រៀមខ្លួនសម្រាលកូននៅក្នុងខែ កក្កដា ខាងមុខ ។

 


ពេលនេះពោះរបស់តារាសម្តែង ឆុំ វត្តី កាន់តែធំឡើងជាលំដាប់ នៅសល់តែប៉ុន្មានសប្តាហ៍ទៀតដល់ពេលនាងសម្រាលកូនហើយ តែសម្រាប់នាងមើលទៅហាក់ដូចជាមិនភ័យព្រួយអ្វីសោះ នាងថែមនិយាយថា នាងនឹងសម្រាលកូនតាមធម្មជាតិ នៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង អ្វីៗបានត្រៀមរួច រាល់ហើយ រងចាំតែពេលវេលាមកដល់ប៉ុណ្ណោះ ។ 

 


ទោះបីជា ឆុំ វត្តី រៀបការមានស្វាមី និងមានកូនរួចក្តី ប៉ុន្តែនាងនៅតែមិនបោះបង់អាជីពសិល្បៈចោល ពេលសម្រាលកូនរួច នាងនឹងវិលត្រឡប់មកកាន់វិស័យចាស់វិញ ដើម្បីកសាងកេរ្តិ៍ឈ្មោះឡើងវិញតាមរយៈភាពយន្តនានា ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025