ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ក្រសួងសាធារណការ កំពុងរៀបចំប្រព័ន្ធ ចាប់យករូបភាពយានយន្ត ដែលបើកបរល្មើសច្បាប់ ដើម្បីកាត់ពិន្ទុលើបណ្ណបើកបរ

០៨ មេសា ២០២១ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុលបានឲ្យដឹងថា ក្រសួងកំពុងរៀបចំប្រព័ន្ធព័ត៌មានវិទ្យាថ្មីមួយ ក្នុងការចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់។ ឯកឧត្តមបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះមានកម្មវិធីស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុ ចំពោះអ្នកបើកបរយានយន្តខុសច្បាប់ដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម។

 


ក្រសួងសាធារណការ កំពុងរៀបចំប្រព័ន្ធព័ត៌មានវិទ្យាថ្មីមួយក្នុងការចាប់យករូបភាពយានយន្តដែលបើកបរល្មើសច្បាប់ ដោយប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះមានកម្មវិធីស្កេនលើ បណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើស។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៦ ខែមេសា។ 

 


ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារព័ត៌មានវិទ្យា (IT) របស់ក្រសួងកំពុងជំរុញការងាររៀបចំប្រព័ន្ធនេះឲ្យបានចប់សព្វគ្រប់ ដើម្បីយកទៅធ្វើបទបង្ហាញជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែង។ 


ក្នុងពេលជួបជាមួយអ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការ បិតផ្លាកសុវត្ថិភាពលើមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលកន្លងមកដូចជា៖ កង់ រ៉ឺម៉ក គោយន្ត និងឧបករណ៍កសិកម្មនានា ដែលបើកលើផ្លូវសាធារណៈគ្មានភ្លើងបំភ្លឺនៅពេលយប់ប្រកបដោយគ្រោះថ្នាក់។ 

 


ជាមួយគ្នានោះ ឯកឧត្តមបានស្នើឲ្យ ADB ពិនិត្យមើលលទ្ធភាពជួយគាំទ្រលើកិច្ចខិតខំប្រែងនេះបន្ត ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ គំនូសចរាចរណ៍និងសញ្ញាចរាចរណ៍ សញ្ញាផ្លូវ សញ្ញាសម្គាល់ផ្លូវ ជាដើម។ 


គួរជម្រាបថា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីកាត់ពិន្ទុបណ្ណបើកបរចំពោះអ្នកបើកបរដែលល្មើស ខណៈការពិន័យជាប្រាក់នៅតែពុំរាងចាល។ កាត់ពិន្ទុលើបណ្ណបើកបរចំពោះអ្នកបើកបរយានយន្តខុសច្បាប់ដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរល្មើសភ្លើងសញ្ញា បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ជាដើម ហើយបើកាលណាដកពិន្ទុអស់ហើយ គឺអ្នកបើកបរនោះមិនត្រូវបានអនុញ្ញាតឲ្យបើកបរទៀតនោះទេ ដោយត្រូវព្យួរទុក រយៈពេល៦ខែ ឬអាចដល់១ឆ្នាំ ទៅតាមច្បាប់កំណត់។

 


ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឲ្យគ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ចាប់ពី១ពិន្ទុ ដល់៦ពិន្ទុ ក្នុងករណីប្រព្រឹត្តបទល្មើសម្តង។ ក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ ហើយបើអ្នកបើកបរចង់បានបណ្ណបើកបរថ្មី ត្រូវរៀន និងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ។


តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ ការកាត់ពិន្ទុបណ្ណបើកបរចំពោះអ្នកបើកបរដែលល្មើសច្បាប់ នឹងឈានទៅអនុវត្តជាក់ស្តែងនៅថ្ងៃ១ ខែមករា ឆ្នាំ២០២២៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ផ្តល់ដោយជំនាញ និងឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024