ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បងបច្ចេកវិទ្យាថ្មីចំនួន២ គឺ AI Camera និងប្រព័ន្ធ Sensor ដាក់តាមដានការដឹកជញ្ជូនលើសទម្ងន់ នៅតាមផ្លូវជាតិមួយចំនួន។ បច្ចេកវិទ្យាគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់នេះ ខណៈរថយន្តដឹកទំនិញជាច្រើន នៅតែបន្តល្មើស។
បច្ចេកវិទ្យាថ្មីចំនួន២ នឹងត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បងនៅលើផ្លូវជាតិមួយចំនួន ដែលនេះជាគំនិតផ្តួចផ្តើម ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសម្រួលដល់ក្រុមការងារត្រួតពិនិត្យ ងាយស្រួលតាមដាន។ រីឯប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន ក៏មានភាពងាយស្រួលក្នុងការទទួលបានដំណឹងពីទម្ងន់យានយន្តរបស់ខ្លួននៅតាមដងផ្លូវភ្លាមៗផងដែរ។ នេះបើតាមការឲ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីដឹកនាំអនុវត្តគម្រោងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
លោកបានបញ្ជាក់ឲ្យដឹងនាពេលថ្មីៗនេះថា បច្ចេកទេសថ្មីនេះ គឺបានបង្ហាញដល់ក្រុមការងារជំនាញគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដែលជាការប្រើប្រាស់ជញ្ជីង និងកាមេរ៉ាស្វ័យប្រវត្តិ (AI Camera and Weigh in Motion Sensor) ដើម្បីសម្រួលដល់ការគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលក្រសួងចាត់ទុកជាការបង្កផលប៉ះពាល់ បំផ្លាញផ្លូវជាតិ ដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។
របាយការណ៍របស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា នៅក្នុងឧសភាកន្លងទៅ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ១៧២គ្រឿង និងពិន័យជាថវិកាបានជាង ២៤២លានរៀល។ តាមរបាយការណ៍ឃើញថា ចំនួនរថយន្តដឹកល្មើសបានកើនឡើងប្រមាណ ៦% បើប្រៀបធៀបទៅនឹងខែមេសា ដែលមានចំនួន ១៦១គ្រឿង៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ