ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

នាយកវិទ្យាស្ថានតេជោសែនសាធារណការ ធានាអះអាងពីគុណភាពសិក្សារបស់និស្សិត ទោះបីរៀនតាមអនឡាញក៏ដោយ

២០ កក្កដា ២០២១ | ព័ត៌មានជាតិ

បច្ចុប្បន្ន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បាន និងកំពុងបង្រៀននិស្សិតជំនាន់ទី១ ជិត ២០០នាក់ តាមប្រព័ន្ធអនឡាញ។ ទោះបីរៀនតាមអនឡាញក៏ដោយ ប៉ុន្តែ នាយកវិទ្យាស្ថាន បានអះអាងថា ការសិក្សារបស់និស្សិត ត្រូវតែមានគុណភាព ដើម្បីក្លាយជាធនធានពិតប្រាកដ និងមានជំនាញច្បាស់លាស់ ក្នុងកសាងផ្លូវ ស្ពាន នៅកម្ពុជា។

 


មកដល់ពេលេនះ ដំណើការបង្រៀននិស្សិតជាតាមប្រព័ន្ធអនឡាញជាលើកដំបូងរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានបញ្ចប់ឆមាសទី១ហើយ បន្ទាប់ពីបានបើកបវេសនកាលសិក្សាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ 


ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការបង្រៀនតាមប្រព័ន្ធអនឡាញនេះ ទោះបីជាគុណភាពមិនបាន ១០០ភាគរយ ដោយសារវិទ្យាស្ថានជាកន្លែងបណ្តុះបណ្តាលបច្ចេកទេស ដែលទាមទារឲ្យមានការចុះពិសោធន៍ច្រើន និងចុះដល់ទីតាំងការដ្ឋានផ្ទាល់ ដើម្បីឲ្យនិស្សិតបានស្គាល់ពីទីតាំងភូមិសាស្ត្រ វិធីសាស្ត្រក្នុងការសាង់សង់ផ្សេងៗ។ ប៉ុន្តែដោយសារបញ្ហាកូវីដ វិទ្យាស្ថានមិនទាន់អាចចុះអនុវត្តជាក់ស្តែងបានទេ យ៉ាងណា វិទ្យាស្ថាននៅតែធានាគុណភាពរបស់និស្សិតឲ្យរៀនចេះពិតប្រាកដ។

 


ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបំប៉នសមត្ថភាពផ្ទៃក្នុង ស្តីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែកក្កដានេះ។


គួរបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលបំណងដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សឲ្យក្លាយទៅជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ដែលអាចមានចំណេះដឹងក្នុងការសង់ផ្លូវ សាងសង់ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ័ ក៏ដូចជាទីកន្លែងទទួលបណ្តុះថ្នាលអប់រំកូនខ្មែរជំនាន់ក្រោយផងដែរ។

 


បច្ចុប្បន្នវិទ្យាស្ថានទទួលនិស្សិតជំនាន់ទី១ មានចំនួន ១៩១នាក់ ដែលបាននឹងកំពុងសិក្សាលើមុខជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ចំនួន ៣ដូចជា៖ ១)ដេប៉ាតឺម៉ង់សំណង់សាធារណការ លើជំនាញសំណង់ផ្លូវ ថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ២) ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម លើជំនាញសេដ្ឋកិច្ចនិងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់  និង ៣) ដេប៉ាតឺម៉ង់នាវាចរណ៍លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា ជាមួយនឹងកម្មវិធីសិក្សាពេញមួយថ្ងៃពេញ រយៈពេល ៥ថ្ងៃក្នុងមួយសប្តាហ៍ និងមានវគ្គបំប៉នភាសាអង់គ្លេសផងដែរ៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024