ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ឆ្លើយតបនឹងសំណូមពររបស់ក្រុមបើកបរឡានធំ ឲ្យបន្ធូរបន្ថយវិធានការផ្លូវច្បាប់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួង គ្មានសិទ្ធិកែច្បាប់ឡើយ។ មានតែស្នើក្រុមហ៊ុនរថយន្តដឹកជញ្ជូនទាំងអស់ គោរពច្បាប់ កុំដឹកលើសពី ២០ភាគរយ ច្បាប់កំណត់ឲ្យសោះ បើមិនចង់ឃាត់ទុក ១ឆ្នាំទេនោះ។
ក្នុងពិធីបើកដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ នៅផ្សារទំនើប ហេរីថោក វ៉ក ក្នុងខេត្តសៀមរាប នាថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ច្បាប់គឺច្បាប់ គ្មានការអនុគ្រោះឡើយ ហើយក្រសួងនៅតែអនុវត្តច្បាប់ចំពោះអ្នកបើកបរណាមិនគោរពច្បាប់។
ឯកឧត្តមបានបញ្ជាក់ថា ច្បាប់បានកំណត់ហើយចំពោះអ្នកដឹកលើសទម្ងន់លើស ២០% ត្រូវផាកពិន័យ និងរក្សាទុករថយន្ដ ១ឆ្នាំ ហើយបើមិនចង់ឲ្យឃាត់ទុក ១ឆ្នាំទេនោះ សូមម្ចាស់ឡានដឹកជញ្ជូនទាំងអស់ ត្រូវគោរពច្បាប់ដែលមានជាធរមាន។
ការឆ្លើយតបនេះ បន្ទាប់ពីកាលពីថ្ងៃម្សិលមិញ ក្រុមអ្នកបើកឡានដឹកដី ដឹកខ្សាច់ ដឹកថ្មប្រមាណ ៣០០នាក់នាំគ្នាតវ៉ា ដោយតំណាងរបស់ពូកគេ ៥រូប បានស្នើសុំ ៣ចំណុច ដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ។ ទាំង៣ចំណុចនោះរួមមាន ស្នើឲ្យបន្ថែមទម្ងន់ផ្ទុកពី ៩តោន ដល់១៥, កុំឲ្យចាប់ឡានរបស់ពួកគេទុករយៈពេល ១ឆ្នាំ ដោយត្រឹមតែផាកពិន័យបានហើយ និងសុំដោះលែងយានយន្តដែលកំពុងឃាត់ទុកទាំងនោះ ឲ្យចរាចរណ៍ដឹកជញ្ជូនឡើងវិញ។
គួរបញ្ជាក់ថា បច្ចុប្បន្នមានរថយន្តជិត ២០០គ្រឿង ត្រូវបានគណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់រក្សាទុក ១ឆ្នាំ ដែលរថយន្តទាំងនោះ ដឹកលើសទម្ងន់ ២០% ហើយត្រូវបានក្រុមការងារចម្រុះ ឆ្មក់ចាប់តាមបណ្តាខេត្តនានា និងនៅស្ថានីយជញ្ជីងអចល័តទូទាំងប្រទេស៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ